ថ្នាំបង្ការកុមារ៖ អង្គការសហប្រជាជាតិស្រែកអាសន្នអំពីគ្រោះមហន្តរាយធ្ងន់ធ្ងរ

0
206

ការចាក់ថ្នាំបង្ការគោលដែលមានចែងក្នុងកម្មវិធីជាតិ ស្ទើរគ្រប់ប្រទេសនៅលើពិភពលោក សម្រាប់លុបបំបាត់ជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណូស គ្រុនស្វិតដៃជើង និងកញ្ជ្រិល ជាដើម បានធ្លាក់ចុះយ៉ាងខ្លាំងពី ៨៦% មក ៨៣% ពោល គឺមានកុមារដល់ ២៣ លាននាក់ មិនបានមកចាក់ថ្នាំបង្ការឱ្យបានគ្រប់ ៣ ដូស តាមការកំណត់។ ចំណែក ១៧ លាននាក់ផ្សេងទៀត មិនបានទទួលថ្នាំបង្ការចាំបាច់នេះសោះ។ នេះជាចំនួនដ៏ច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០០៩មក ប្រមាណ ៣,៧ លាននាក់។ ជាសរុប ដោយហេតុតែកូវីដ១៩ ការ ចាក់ថ្នាំបង្ការកុមារ ត្រលប់ទៅមានសភាពដូចកាលពី ១០ឆ្នាំមុន។ នេះបើតាមការអះអាងរបស់អ្នកទទួលខុសត្រូវនៃការិយាល័យចាក់ថ្នាំបង្ការ អង្គការសុខភាពពិភពលោកលោកស្រី Kate O’Brien។ បើតាមលោកស្រី មូលហេតុនៃការអាក់ខានមិនមកចាក់ថ្នាំបង្ការឱ្យកុមារ ដោយឪពុកម្តាយខ្លាចឆ្លងកូវីដ១៩ ពេលមកមណ្ឌលសុខភាព។ ម្យ៉ាងទៀតសេវាសុខភាពសាធារណៈ ក៏ជួបនឹងភាពរអាក់រអួលខ្លាំង ហើយត្រូវរារាំងដោយវិធានការបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ទៀត។ ក្រៅអំពីការភ័យខ្លាចពាក់ព័ន្ធផ្ទាល់នឹងជំងឺរាតត្បាត នៅមានមូលហេតុចំបងមួយទៀត គឺកង្វះវត្ថុធាតុដើម ដោយត្រូវប្រមូល និងបំរុងទុកសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ប្រទេសដែលរងគ្រោះ មានដំណើរការចាក់ថ្នាំបង្ការកុមារធ្លាក់ចុះខ្លាំង គេ គឺឥណ្ឌា ពី ៩១% ទៅ ៨៥%។ ការចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺកញ្ជ្រិល ត្រូវបានគាំងឈប់ទាំងស្រុង នៅប្រទេសសាធារណរដ្ឋកុងហ្គោ ដែលធ្លាប់រងការរាតត្បាតយ៉ាងខ្លាំង។ នៅចន្លោះពីឆ្នាំ២០១៨-២០២០ កញ្ជ្រិលបានសម្លាប់ជីវិតមនុស្សអស់ជាង ៨ពាន់នាក់ ភាគច្រើនជាកុមារ។ ហេតុដូច្នេះហើយ បានជាសម្រាប់អង្គការសុខភាពពិភពលោកប្រមើលឃើញថា នៅឆ្នាំ២០២១ ពិភពលោកនឹងត្រូវជួបគ្រោះមហន្តរាយកាន់តែខ្លាំង និងធ្ងន់ធ្ងរមែនទែន ជាមួយនឹងហានិភ័យនៃការលេចឡើងវិញនៃជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល។ នេះបើតាមការព្រមានរបស់លោកស្រី Kate O’Brien ដដែល៕ WHO.Int

LEAVE A REPLY

Please enter your comment!
Please enter your name here