លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃចន្ទថា ទាហានប៉ារ៉ាកូឡុំប៊ី ចំនួន ១០ នាក់ បានស្លាប់ អំឡុងការប៉ះទង្គិចដោយហិង្សា រវាងក្រុមប្រដាប់អាវុធ និងកងសន្តិសុខ ដែលបានញាំញីទីក្រុងការ៉ាកាស។ ការប្រយុទ្ធគ្នាលើកដំបូង បានផ្ទុះកាលពីល្ងាចថ្ងៃពុធសប្តាហ៍មុន ដោយបានបង្ខំឱ្យប្រជាជនរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ មេដឹកនាំសង្គមនិយមរូបនេះ បាននិយាយថា ទាហាន ប៉ារ៉ាកូឡុំប៊ី យ៉ាងតិច ២០នាក់ បានជួយបណ្តុះបណ្តាលក្រុមប្រដាប់អាវុធ ដែលបានអនុវត្តហ្វឹកហាត់បាញ់ យ៉ាងទៀងទាត់ ដោយបានបណ្ដាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ ដោយសារគ្រាប់កាំភ្លើង។ លោក ម៉ាឌូរ៉ូ បានថ្លែងនៅមុខវិមាន Miraflores ថា៖ «ទាហានប៉ារ៉ាកូឡុំប៊ី យ៉ាងតិច ២០ នាក់ យើងចាប់បាន ៣ នាក់ ជាមួយអាវុធរបស់ពួកគេ»។ «ខ្ញុំមិនដឹងថា តើចំនួនដែលពួកគេបានឱ្យខ្ញុំនោះ ពិតប្រាកដដែរឬយ៉ាងណាទេ គឺ ១០នាក់ បានស្លាប់ និងមានអ្នកផ្សេងរត់ភៀសខ្លួន យើងកំពុងស្វែងរកចាប់ខ្លួន»។ កងសន្តិសុខនៅក្នុង ប្រទេសកូឡុំប៊ី និយាយថា ពួកគេទំនងជាអ្នកប្រឆាំងរបស់ក្រុមឧទ្ទាមនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ជាការវិភាគមួយដែលលោក ម៉ាឌូរ៉ូ បានចោទកូឡុំប៊ី និងអាមេរិកថា បានស្វះស្វែងផ្តួលរំលំ លោក។ លោក ម៉ាឌូរ៉ូ បានភ្ជាប់ក្រុមឧក្រិដ្ឋទាំងនោះ ទៅនឹងផែនការក្រុមប្រឆាំងវ៉េណេស៊ុយអេឡា ដែល គាំទ្រ ដោយអាមេរិក និងកូឡុំប៊ី ដើម្បីធ្វើឱ្យរដ្ឋាភិបាលរបស់លោករង្គោះរង្គើ។ ស្របពេលជាមួយគ្នានោះដែរ ទីក្រុងបូហ្គោតា បានចោទវ៉េណេស៊ុយអេឡាថា បានគាំទ្រសមាជិក FARC និងក្រុមឧទ្ទាម ELN នៅលើ ទឹកដីរបស់ខ្លួន ជាការចោទប្រកាន់មួយ ដែលលោក ម៉ាឌូរ៉ូ បានបដិសេធទាំងស្រុង៕ AFP