តាលីបង់ស្នើបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងអ្នកទោស ៧ពាន់នាក់

0
45

លោក Nader Nadery អ្នកទទួលខុសត្រូវចរចារបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅចំពោះមុខអ្នកសារព័ត៌មាន បានមានប្រសាសន៍ថា “ឈប់បាញ់ ៣ខែ ទល់នឹងការដោះលែងអ្នកទោសតាលីបង់ ៧ពាន់នាក់” នេះ គឺជាការទាមទារដ៏សម្បើមណាស់។ លោកបានបន្ថែមថា ពួកតាលីបង់បានថែមទាំងទាមទារឱ្យលុបឈ្មោះមេដឹកនាំចលនាទាំងអស់ចេញពីបញ្ជីខ្មៅអង្គការសហប្រជាជាតិទៀតផង។ ដោយមិនបញ្ជាក់អំពីជំហរថា តើរដ្ឋាភិបាលព្រមទទួល ឬ មិនទទួលយកសំណើរបស់តាលីបង់ លោក Nadery បានរំលឹកថា ការដោះលែងអ្នកទោស កាលពីឆ្នាំមុន ចំនួន ៥០០០នាក់ ដែលជាលក្ខខណ្ឌនៃការបើកកិច្ចចរចាអន្តរអាហ្វហ្កានីស្ថាន ពិបាកបំពេញស្រាប់ទៅហើយ និងមិនបានកាត់បន្ថយអំពើហិង្សាទេ គឺមានតែកំណើនអំពើហិង្សាខ្លាំងទៅវិញ។ កិច្ចចរចា រវាងតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅក្រុងដូហា ត្រូវជាប់គាំងទាំងស្រុង តាំងពីខែកញ្ញា ឆ្នាំ២០២០មក។ ភ្លាមៗនេះ ខាងតាលីបង់ មិនបានឆ្លើយតបភ្លាមនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន ជុំវិញសំណើឈប់បាញ់នេះទេ។ ប៉ុន្តែតាំងពី ២ខែមកនេះ និងក្នុងឱកាសដែលទាហានបរទេសចាប់ផ្តើមដកចេញអស់ពីអាហ្វហ្កានីស្ថាន នៅចុងខែសីហា តាលីបង់បានវាយសម្រុកដណ្តើមកាន់កាប់តំបន់ ជនបទអាហ្វហ្កានីស្ថានកាន់តែច្រើនឡើង ជាពិសេស តំបន់ព្រំប្រទល់ ជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជា តំបន់ព្រំដែនជាមួយអ៊ីរ៉ង់ ជាមួយតួមេនីស្ថាន តាដជីគីស្ថាន។ តំបន់ព្រំប្រទល់ជាមួយប៉ាគីស្ថាន ដែលជាច្រកតែមួយគត់នាំប្រទេសទៅសមុទ្រ ក៏បានធ្លាក់ក្នុងកណ្តាប់ដៃតាលីបង់ តាំងពីថ្ងៃពុធ ទី១៤ខែកក្កដាដែរ។ ភាគីប៉ាគីស្ថាន បានបញ្ជាក់អំពីជោគជ័យនេះ និងបានបញ្ចេញកម្លាំងការពារច្រកព្រំដែន ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផង កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ដើម្បីទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋរាប់រយនាក់សម្រុករត់ឆ្លងព្រំដែនចូលមកជ្រកកោននៅក្នុងទឹកដីប៉ាគីស្ថាន។ តាលីបង់បានអះអាងថា គ្រប់គ្រងប្រទេសបានជាង ៨៥%។ អស់ការគាំទ្រពីអាមេរិក ទាហានរដ្ឋាភិបាលអាហ្វហ្កានីស្ថានមិនអាចតតាំង និងទប់ទល់ជាមួយក្រុមតាលីបង់បានទេ និងអាចគ្រប់គ្រងបានតែរដ្ឋធានី និងផ្លូវសំខាន់ប៉ុណ្ណោះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here