កោះកុង៖ ប្រជាពលរដ្ឋ៥នាក់រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល កំពុងត្រូវបានក្រុមគ្រូពេទ្យខេត្តជួយសង្រ្គោះជីវិត បន្ទាប់ពីពួកគេបានបរិភោគផ្សិតមិនស្គាល់ប្រភេទច្បាស់អំឡុងភ្លៀងធ្លាក់ដើមវស្សា។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២៩ មេសា ២០២១ថា អ្នកជំងឺពុលផ្សិត៥នាក់ដែលទទួលមកពិនិត្យ និងព្យាបាលបន្ទាន់ពីមន្ទីរស្រុកស្រែអំបិល ទាំងយប់ថ្ងៃទី២៨ មេសា គឺទី១ឈ្មោះ ប៊ុនណា ធីតា អាយុ១៩ឆ្នាំ ភេទស្រី ទី២តាក់ ប៊ុណា អាយុ៥៥ឆ្នាំ ភេទ ប្រុស ទី៣ឈ្មោះ ឃុន ហាន អាយុ ៤៥ឆ្នាំ ភេទ ស្រី ទី៤ឈ្មោះ ប៊ុន ណាយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស និងទី៥ ឈ្មោះ ប៊ុនណា សៀវមិន អាយុ ១៨ ឆ្នាំ ភេទ ប្រុស ។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន មកទល់ម៉ោងនេះស្ថានភាពអាការៈសុខ អ្នកពុលផ្សិតចំនួន៣នាក់បានធូរស្រាលហើយដែរអាចនិយាយបាន និងដើរបាន។ ប៉ុន្តែ២នាក់ទៀតមានអាការៈធ្ងន់ធ្ងរដោយសារតែជាតិពុលក្នុងឈាម និងប៉ះពាល់ដល់ខួរក្បាល ព្រោះតាមដានអាការៈព្យាបាលយូរថ្ងៃ។
ទោះយ៉ាងណា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត នៅតែបន្តតាមដានពិនិត្យ និងព្យាបាលសុខភាពពួកគាត់បន្ថែមទៀតដោយភាពប្រុងប្រយ័ត្តឈរលើក្រមសីលធម៌ និងគុណធម៌របស់គ្រូពេទ្យ ដើម្បីបង្កើនទំនុកចិត្ត។ ជាក់ស្តែងក្រុមពេទ្យក៏បានជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តរបស់ក្រុមជនរងគ្រោះផងដែរ។
រដូវធ្លាក់ភ្លៀងដើមឆ្នាំ ផ្សិតព្រៃជាច្រើនប្រភេទក៏ចាប់ផ្តើមដុះ ប្រជាកសិករមួយចំនួនក៏ទៅរកដកផ្សិតយកមកធ្វើម្ហូបទទួលទាន ឬលក់ អ្នកខ្លះស្គាល់ប្រភេទផ្សិតច្បាស់ និងអ្នកខ្លះក៏ស្គាល់មិនច្បាស់ ជាហេតុធ្វើឱ្យពលរដ្ឋពុលឈឺ និងស្លាប់ស្ទើរតែជារៀងរាល់ឆ្នាំ
ជាពិសេសនៅតាមមន្ទីរពេទ្យនានាដែលនៅជិតតំបន់ខ្ពង់រាប និងព្រៃភ្នំដែលជាតំបន់សំបូរផ្សិតដុះច្រើនប្រភេទ ដូចជាមន្ទីរពេទ្យខេត្តកោះកុង មន្ទីរពេទ្យស្រុកស្រែអំបិលជាដើម …។ល។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែមេសា មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានទទួលពិនិត្យ និងព្យាបាលពលរដ្ឋពុលផ្សិតចំនួន១៤នាក់ ដោយមានការដឹកជញ្ចូនមកសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់គ្នា ក្រោយពួកគាត់បានបរិភោគវា។
លោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល លើកឡើងថា ករណីពុលផ្សិតនេះដែរបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ គ្រាអាការៈជំងឺធ្ងន់ធ្ងរខ្លាំងពេកពុំទាន់សង្រ្គោះបានទាន់ពេលវេលា។ អ្នកស្លាប់៣នាក់នោះ ទី១ឈ្មោះ ជួន សំ អាយុ៨៣ឆ្នាំ ភេទស្រី រស់នៅឃុំជីផាត ស្រុកថ្មបាំង ស្លាប់ពេលបញ្ចូនជិតទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទី២-ឈ្មោះ ប៊ុន ណាម៉ា អាយុ១០ឆ្នាំ ភេទប្រុស ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ឆា និងទី៣- ប៊ុនណា សៀវម៉ាន់ អាយុ១៣ភេទ ប្រុស ពុំព្រមទៅព្យាបាលនៅភ្នំពេញ (ទាំងពីរ២នាក់បងប្អូន) រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។
រីឯអ្នកមានអាការៈពុលធ្ងន់ធ្ងរស្រាលចំនួន១១នាក់ ទី១-ឈ្មោះង៉ែត អោន អាយុ៤៨ ឆ្នាំ ភេទប្រុស ទី២-ឈ្មោះសែម វង្ស អាយុ៤៥ឆ្នាំ ភេទស្រី រស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងទី៣-ឈ្មោះ បាវ ឃា អាយុ៤២ឆ្នាំ ភេទប្រុស រស់នៅឃុំដងពែង ស្រុកស្រែអំបិល អាការៈសុខភាពបានធូរស្រាលចេញពីមន្ទីរពេទ្យហើយ។ ចំណែកឯឈ្មោះ មាស នី អាយុ៤១ឆ្នាំ ភេទ ស្រី រស់នៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សា្ថនភាពជំងឺធូរស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យស្រែអំបិល។
តាមរបាយការណ៍ក្នុងចំណោម១១នាក់ មាន២នាក់ឈ្មោះ យឹម ប៉ា អាយុ៥១ ភេទ ស្រី និងឈ្មោះ ថន សុខណៃ អាយុ១៦ឆ្នាំ ភេទ ប្រុស រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្ថានភាពជំងឺធ្ងន់ធ្ងរ បញ្ចូនទៅព្យាបាលនៅខេត្តកំពង់ស្ពឺ។ រីឯ៥នាក់ទៀតក៏បញ្ចូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។
យុវជន២នាក់ដែលស្លាប់ពុលផ្សិតខាងលើ ជាសមាជិករបស់អ្នកជំងឺទាំង៥នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។ មន្ទីរពេទ្យក៏អំពាវនាវយ៉ាងដាច់ណាត់ដល់ប្រជាពលរដ្ឋខេត្តកោះកុងទាំងអស់ កុំបេះប្រភេទផ្សិតដែលមិនស្គាល់ច្បាស់មកយកទទួលទានឱ្យសោះ ព្រោះអាចបង្កគ្រោះរហូតដល់ពុលស្លាប់បាន៕