កំពត: លោកស្នងការនគរបាលខេត្តកំពត និងមានការចូលរួម ពីមន្ត្រីក្រោមឱវាទ មួយចំនួន បានជួយសង្គ្រោះសត្វខ្លាពពក មួយក្បាលដោយទិញ ពីព្រានព្រៃ ដើម្បីលែងចូលក្នុងព្រៃវិញ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកបានទទូលដំណឹង អំពីការដាក់អន្ទាក់របស់ពលរដ្ឋ ថា ឃុំស្ទឹងកែវ ស្រុកទឹកឈូ ជាប់សត្វខ្លាពពក មួយក្បាល។ ជាមួយព័ត៌មាននេះ លោកនៅចាំប្រសាសន៍ណែនាំ របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបលោក និងមន្ត្រី ក្រោមឱវាទ មួយចំនួន សម្រេចទិញសត្វកម្រនេះ ដើម្បីយកទៅលែងចូលក្នុង ព្រៃវិញ។
លោកស្នងការ បានបញ្ជាក់ថាៈ ព្រោះតែស្ថានភាពសត្វខ្លា កំពុងមានរបួសដោយសារ ខ្សែអន្ទាក់ ដូច្នេះលោក ត្រូវប្រើពេលវេលា ដើម្បីព្យាបាលសិន។ នៅពេលសុខភាព បានល្អប្រសើរឡើងវិញ លោកនឹងនាំយកទៅលែង នៅក្នុងព្រៃ ទីដែលមានសុវត្ថិភាព សម្រាប់សត្វ ដែលកំពុងប្រឈម នឹងការជិតផុតពូជនេះ។
សូមបញ្ជាក់ថា ខ្លាពពក ជាប្រភេទសត្វប្រឈមនឹងការជិតផុតពូជ នៅលើពិភពលោក ដែលត្រូវបានចុះ ក្នុងបញ្ជីក្រហម អាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ពន្ធសាយតេស ដែលជាប្រភេទសត្វ ងាយទទួលរង នូវការគំរាមកំហែង ដោយសារការបរបាញ់ ក៏ដូចជា ការខ្វះជម្រកជាដើម។
សត្វប្រភេទនេះ កំពុងឈានទៅរកការបាត់បង់ ដោយមកដល់បច្ចុប្បន្ន ត្រូវបានផុតពូជ នៅប្រទេសបង់ក្លាដេស សឹង្ហបូរី និងតៃវ៉ាន់។ ក្នុងប្រទេសកម្ពុជា ខ្លាពពកមានវត្តមាន នៅភូមិភាគឦសាន និរតី និងភាគខាងជើង៕
ប្រភព : រស្មីកម្ពុជា