កសិករបង្កបង្កើនផលស្រូវនៅរដូវវស្សាឆ្នាំនេះ សម្រេចបាន ៩៣ភាគរយហើយ ខេត្តត្បូងឃ្មុំ

0
206

ខេត្តត្បូងឃ្មុំៈ នៅក្នុងខែកក្កដា រដូវវស្សាឆ្នាំនេះ កសិករចាប់ភ្ជួររាស់ដី ដើម្បីបង្កបង្កើនផលស្រូវចំនួន៣ប្រភេទ គឺមានស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ លទ្ធផលសម្រេចបាន៩៣ភាគរយហើយ គិតត្រឹមថ្ងៃសុក្រ ៧កើត ខែទតិយាសាធ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ។


បងស្រី ផាន់ អ៊ាន អាយុ៥៩ឆ្នាំ រស់នៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា គ្រួសារគាត់ ក៏ដូចកសិករក្នុងភូមិដែរ គឺនិយមដាំស្រូវរំដួលណាស់ ព្រោះវាបរិភោគមានរសជាតិឆ្ងាញ់ មានទីផ្សារលក់ដូរស្រួល ក្នុងចំណោមប្រជាពលរដ្ឋជាង៣០០គ្រួសារ គឺពី៦០ទៅ៧០ភាគរយដែលបានដាំស្រូវរំដួលនេះ ។ ហើយឆ្នាំនេះ អាកាសធាតុមានអំណោយផលល្អ ជាងឆ្នាំទៅមិញ ដោយមានភ្លៀងជាហូរហែរ គាត់បានសាបព្រួសស្រូវរួចរាល់ហើយ ។ ចំពោះពូជស្រូវក្នុង១គីឡូក្រាមតម្លៃ ២៥០០ ទៅ ៣០០០រៀល ក្នុងដីទំហំ ៣០អា អាចប្រើពូជ៥០គីឡូក្រាមផងដែរ ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្ត បានបញ្ជាក់ឲ្យដឹងដែរថា ការបង្កបង្កើនរដូវវស្សា ឆ្នាំ២០២១នេះ
ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ឃើញថា កសិករភ្ជួររាស់បាន ៧១ ៣២០ ហិកតា ស្មើនឹង ៩៣,៥១% នៃផែនការ ដាំដុះសម្រេចបាន ៧០ ៤៨០ហិកតា ស្មើនឹង ៩២,៤១% នៃផែនការ
៧៦ ២៧០ហិកតា ស្មើនឹង ៩៨,៨២% នៃផ្ទៃដីបានភ្ជួររាស់ ។ ក្នុងនោះដែរកសិករយើងក៏បានធ្វើ ការប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០២១ ដោយសម្រេចបាន ៧៤៥ហិកតា ស្មើនឹង ៧,៦៣% នៃផ្ទៃដីអនុវត្តបាន ៧០ ៤៨០ហិកតា លើស្រូវស្រាលដើមរដូវ ។


លោក ប្រធានមន្ទីរបានបន្ថែមឲ្យដឹងទៀតថាក្នុងចំណោម៧ស្រុក/ក្រុង នៃខេត្តត្បូងត្បូងឃ្មុំ មាន២ស្រុកដែលបានភ្ជួររាស់ដីបង្កបង្កើនផលស្រូវបានច្រើនជាងគេ គឺស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ហើយរាល់ការដាំដុះកម្លាំងមន្ទីរតែងចុះណែនាំ ផ្តល់បច្ចេកទេស ការប្រើប្រាស់ជី ការកំចាត់សត្វល្អិត និងការជ្រើសរើសពូជ ព្រមទាំងបាន ផ្សព្វផ្សាយដល់កសិករយើងជានិច្ច ៕
សាន វិឡែម ១៦.៧.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here