ប្រធានសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល នាំយកអំណោយទៅសួសុខទុក្ខគ្រួសារពុលផ្សិតនៅឃុំដងពែង

0
55

លោក ជា ចន្ទ័កញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងបានឧបត្ថមដល់គ្រួសារ លោកស្រី ធុយ ហាន អាយុ៤៧ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានពុលផ្សិតមួយគ្រួសារ ចំនួន០៨នាក់ស្រី២នាក់ ក្នុងនោះមានកូនពីរនាក់បានស្លាប់ ។
នាឱកាសនោះលោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដោយក្តីអាណិតអាសូរ ជាពន់ពេកជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់កូនទាំង២នាក់ ។

ជាមួយគ្នានោះក្រុមការងារក៏បានអំពាវនាវ សូមប្រជាពលរដ្ឋទាំងអស់ដើម្បីចៀសវាង បង្ការការពុលផ្សិត សូមពូមីង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំដូចករណីថ្មីៗ។ ក្រុមការងារក៏បានបន្តថាសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋត្រូវរថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ ២ចូលរួម”៖
– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារ:ដែលអនុសាខាបានផ្ដល់ជូនរួមមាន ៖អង្ករ៥០គក្រ មីម៉ាម៉ា ២កេស ទឹកសុទ្ធ២កេស ត្រីខ២យួរ ម៉ាស់២ប្រអប់ ទឹកត្រី២យួរ ព្រមទាំង ថវិកាចំនួន ៣០០,០០០រៀល។ដោយឡែក លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត ក៍បានឧបត្ថម្ភថវិកាចំនួន ១០០០,០០០រៀល លោក ហង្ស ផល្លា ៥០,០០០រៀល លោក ណាំ លី ៥០,០០០រៀល ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here