ថៃសម្រេចចាក់វ៉ាក់សាំងលាយគ្នា ទោះជា  WHO ព្រមានអំពីគ្រោះថ្នាក់នៃការលាយក្ដី

0
141

រដ្ឋាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ១៩ លាយគ្នា ដោយចាក់វ៉ាក់សាំងចិន Sinovac ជាដូសទី១ និង វ៉ាក់សាំង AstraZeneca ឬ Pfizer ជាដូសទី២ ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ៉្យង់ថ្មី បើទោះជាអង្គការសុខភាពពិភពលោក WHO ព្រមានពីគ្រោះថ្នាក់នៃការលាយវ៉ាក់សាំងក្ដី។ វិធាននៃការលាយវ៉ាក់សាំងចិន និងវ៉ាក់សាំងលោកខាងលិចនេះ គឺជាលទ្ធផលថ្មី បានមកពីការសិក្សាបឋមរបស់ថៃ ដែលសិក្សាអំពីការលាយវ៉ាក់សាំង ដើម្បីការពារក្នុងរយៈពេលយូរនៃវ៉ាក់សាំង Sinovac។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា៖«ការធ្វើដូចនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំ ក្នុងរាងកាយ ដើម្បីប្រឆាំងនឹងវ៉ារ៉្យង់ថ្មីនេះ។ ហើយគន្លាតនៃការចាក់វ៉ាក់សាំង AstraZeneca ដែលនឹងត្រូវចាក់នៅ ដូសទី២ គឺមានរយៈពេលពី ៣ ទៅ ៤ សប្ដាហ៍ ពីវ៉ាក់សាំង Sinovac»។ យ៉ាងណាមិញ មិនមានការសិក្សាជាក់លាក់ណាមួយ ស្តីពីការលាយវ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំង AstraZeneca នោះទេ ប៉ុន្តែប្រទេសមួយចំនួនកំពុងក្រឡេកមកមើលលទ្ធភាពនៃការលាយវ៉ាក់សាំងបញ្ចូលគ្នា រវាងវ៉ាក់សាំងផ្សេងៗគ្នា ឬ ចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ទល់នឹងក្ដីបារម្ភរបស់វ៉ារ្យ៉ង់ថ្មី និងចំនួនឆ្លងដែលបានកើនឡើងជាលំដាប់។ ការប្រកាសនេះធ្វើឡើង ១ថ្ងៃ បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសថៃ បានប្រកាសថា ចាប់តាំងពីខែមេសា ដល់ខែកក្កដា បុគ្គលិកសុខាភិបាល ចំនួន ៦១៨ នាក់ ក្នុងចំណោមបុគ្គលិកសរុបចំនួន ៦៧៧ ៣៤៨ នាក់ ដែលទទួលវ៉ាក់សាំង Sinovac ចំនួន ២ដូស នៅតែឆ្លងកូវីដ១៩ ក្នុងនោះមាន គិលានុបដ្ឋាយិកាម្នាក់បាន ស្លាប់ថ្មីៗនេះ។ ការសិក្សាបឋមរបស់ថៃលើបុគ្គលិកពេទ្យ ៧០០ នាក់ ចេញកាលពីថ្ងៃចន្ទ បានបង្ហាញថា អត្រាការពាររបស់វ៉ាក់សាំង Sinovac បានផលិតកម្រិតអង្គបដិបក្ខប្រាណ ចន្លោះពី ៦០ ទៅ ៧០ភាគរយសម្រាប់ ៦០ថ្ងៃដំបូង បន្ទាប់ពីការចាក់លើកទី២ ប៉ុន្តែអត្រានេះ បានថយចុះជាលំដាប់ ហើយហាក់ដូចជាថយចុះវិញរៀងរាល់ ៤០ ថ្ងៃម្ដង។ អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Thammasat បាននិយាយថា៖ «បើយោងតាមការស្រាវជ្រាវរបស់យើង ប្រសិនបើបុគ្គលិកពេទ្យរបស់យើងបានទទួលវ៉ាក់សាំង Sinovac ចំនួន ២ដូស ពួកគេគួរតែចាក់វ៉ាក់សាំងដូសទី ៣ ទៀត ពោល គឺចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer បាន»។ ខណៈពេលដែលការសិក្សាជាច្រើន បង្ហាញថា វ៉ាក់សាំងកូវីដ១៩មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់«ដែលតា»ថ្មី អង្គការ WHO បានព្រមានពីការចាក់ វ៉ាក់សាំងលាយគ្នាថា ជា «និន្នាការគ្រោះថ្នាក់»ពីព្រោះមានទិន្នន័យតិចតួច ដែលបង្ហាញអំពីប្រសិទ្ធភាពនៃការលាយវ៉ាក់សាំងនេះ។លោកស្រី Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានថ្លែងប្រាប់សន្និសីទកាសែតតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃចន្ទថា៖ «វានឹងក្លាយជាស្ថានភាពវឹកវរនៅក្នុងប្រទេសនានាលើពិភពលោក ប្រសិនបើប្រទេសនីមួយៗចាប់ផ្តើមសម្រេចចិត្តថា តើពេលណា និងនរណា នឹងប្រើវ៉ាក់សាំងដូសទី២ ទី៣ និងទី៤»៕ BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here