អាមេរិកពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល  ដើម្បីប្រឆាំងមហា អំណាចនៅអាស៊ី គឺចិន

0
36

មន្ត្រីសេតវិមានកំពុងពិភាក្សាសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល ដែលគ្របដណ្តប់លើសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈរដ្ឋបាលលោក បៃដិន ស្វែងរកមធ្យោបាយ ដើម្បីពិនិត្យមើលឥទ្ធិពលរបស់ចិននៅក្នុងតំបន់។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលបានដកស្រង់សម្ដីប្រភពដើមផ្សេងគ្នា សុំមិន បញ្ចេញឈ្មោះ សេចក្តីលម្អិតនៃកិច្ចព្រមព្រៀងសក្តានុពល ស្ថិតនៅជាសេចក្តីព្រាងនៅឡើយ ប៉ុន្តែកតិកាសញ្ញាអាចត្រូវបានចូលរួមដោយបណ្តាប្រទេស ដូចជា កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី នូវែលសេឡង់ និងសិង្ហបុរីជាដើម។ ហើយកិច្ចព្រមព្រៀងនេះទៀតសោត ក៏អាចដាក់ចេញនូវស្តង់ដា សម្រាប់សេដ្ឋកិច្ចលើប្រព័ន្ធឌីជីថល (អ៊ីនធឺណិត) រួមទាំង ច្បាប់ស្តីពីការប្រើប្រាស់ទិន្នន័យ ការសម្របសម្រួលពាណិជ្ជកម្ម និងការរៀបចំគយអេឡិចត្រូនិក។ គម្រោងនេះក៏នឹងបង្ហាញថា រដ្ឋបាលលោក បៃដិន ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពាណិជ្ជកម្មថ្មី បន្ទាប់ពីចំណាយពេលជាច្រើនខែដំបូងរបស់ខ្លួន ផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ជាជាងការចរចាជាមួយប្រទេសអង់គ្លេស និងកេនយ៉ា ដែលបន្សល់ទុកពីរដ្ឋបាល របស់លោក ត្រាំ។ មន្រ្តីសេតវិមានម្នាក់ បាននិយាយថា មកទល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណា មួយកើតឡើងទេ ប៉ុន្តែរដ្ឋបាលរបស់ខ្លួនមានចេតនាធ្វើឱ្យស៊ីជម្រៅលើទំនាក់ទំនង ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងវិស័យជាច្រើន រួមទាំង វិស័យពាណិជ្ជកម្មឌីជីថល។ អតីតតំណាងពាណិជ្ជកម្មស្តីទីសហរដ្ឋអាមេរិក លោក Wendy Cutler បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលនឹងធ្វើឱ្យសហរដ្ឋអាមេរិក វិលត្រឡប់មករកល្បែងពាណិជ្ជកម្មនៅអាស៊ីវិញ ខណៈពេលដែលខ្លួនពិចារណាលើគុណសម្បត្តិនៃការចូលរួមឡើងវិញ ក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTPP)។ កិច្ចព្រមព្រៀងបែបនេះ អាចរារាំងការជាប់គាំងនយោបាយមួយចំនួន ដែលបានធ្វើឱ្យស្ទះដល់ការចរចាពាណិជ្ជកម្មពីមុន រួមទាំងការប្រឆាំងពីសហជីពកម្មករ ។ លើសពីនេះ វាក៏មិនត្រូវការអនុម័តរបស់សភា ខណៈដែលសមាជិកមកពីបក្សប្រជាធិបតេយ្យបានប្រឆាំងនឹងកិច្ចព្រមព្រៀងបែបនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សូម្បីតែក្នុងចំណោមគណបក្សសាធារណរដ្ឋ ក៏មានការគាំទ្រតិចតួច ចំពោះកតិកាសញ្ញាពាណិជ្ជកម្មសេរីទូលំទូលាយដែរ ។ យ៉ាងណាមិញ រដ្ឋបាលលោក បៃដិន នឹងត្រូវបំពេញសំណើនេះ ជាមួយនឹង «គោលនយោបាយពាណិជ្ជកម្មផ្តោតលើកម្មករ» ដែលគូសបញ្ជាក់ ដោយតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai។ មន្ត្រីរដ្ឋបាលខ្លះ បានបង្ហើបជាសាធារណៈ អំពីកិច្ចព្រមព្រៀងសក្តានុពលមួយនេះ។ លោក Kurt Campbell មន្ត្រីជាន់ខ្ពស់របស់សេតវិមានទទួលបន្ទុក កិច្ចការតំបន់អាស៊ី បាននិយាយកាលពីថ្ងៃទី៦ ខែកក្កដាថា៖ «ដើម្បីឱ្យសហរដ្ឋអាមេរិកមានប្រសិទ្ធភាពនៅអាស៊ី យើងចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់ថា យើងមានផែនការសេដ្ឋកិច្ចមួយ ដែលមានការភ្ជាប់គ្នាជាបន្តបន្ទាប់»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here