លោក George W.Bush រិះគន់ពីការដកកម្លាំងណាតូចេញពីអាហ្វហ្កានីស្ថាន ដែលលោកចាត់ទុកជាកំហុស

0
26

នៅក្នុងកិច្ចសន្ទនាមួយ ជាមួយកាសែតអាល្លឺម៉ង់ Deutsche Welle ធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រី មែរកិល នៅអាមេរិក កាលពីថ្ងៃពុធ ទី១៤ ខែកក្កដា  អតីត ប្រធានាធិបតីអាមេរិកលោក George W.Bush បានប្រើពាក្យ «កំហុស» ដើម្បីរិះគន់ពីការដកកម្លាំងណាតូចេញពីទឹកដីអាហ្វហ្កានីស្ថាន។ លោក Bush យល់ឃើញថា ស្ថានការណ៍នយោបាយនៅអាហ្វហ្កានីស្ថាន នឹងអាក្រក់ខ្លាំង ហើយអ្នកដែលនឹងទទួលរងគ្រោះធ្ងន់ធ្ងរមិនអាចពិពណ៌នាបាន គឺគ្មាននរណាក្រៅពីស្រ្តី និងក្មេងស្រីអាហ្វហ្កានីស្ថានទេ។ ស្រ្តី និងក្មេងស្រីអាហ្វហ្កានីស្ថាន ជាអ្នកដែលធ្វើការជាមួយកម្លាំងទ័ពបរទេស។ ពួកគេនឹងអាចត្រូវពួកតាលីបង់សម្លាប់យ៉ាងខ្លោចផ្សាជាទីបំផុត។ លោក Bush ថ្លែងថា៖«រឿងនេះធ្វើឲ្យខ្ញុំបារម្ភខ្លាំងណាស់»។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា អ្វីដែលលោកមានអារម្មណ៍ និងបាន គិតនេះ ក៏ជាការយល់ឃើញរបស់លោកស្រី មែរកិល ដែរ។ ប្រតិកម្មរបស់លោក W.Bush បានធ្វើឡើង ខណៈដែលអាមេរិក និងអង្គការណាតូ ត្រៀមដកកម្លាំងទ័ពទាំងអស់ចេញពីអាហ្វហ្កានីស្ថាន នៅត្រឹមដំណាច់ខែ សីហា។ ការដកនេះនឹងបិទបញ្ចប់ទាំងស្រុងនូវសង្រ្គាមរយៈ ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន។ គួររម្លឹកថា គឺ លោក W.Bush ជាអ្នកផ្តើមសង្រ្គាមនៅអាហ្វហ្កានីស្ថាន ក្នុងខែតុលា ឆ្នាំ២០០១ ពោលប៉ុន្មានសប្តាហ៍ ក្រោយ មហាភេរវកម្មថ្ងៃទី១១ កញ្ញា ២០០១ នៅអាមេរិក។ កម្មវត្ថុរបស់លោក Bush កាលណោះ គឺតាម ប្រម៉ាញ់មេកើយអាល់កៃដា អូសាម៉ា បិនឡាដិន ដែលជាមេខ្លោងនៅពីក្រោយការវាយប្រហារអាមេរិក កាលពីថ្ងៃទី១១ កញ្ញា ២០០១៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here