បារាំងរៀបចំក្បួនដង្ហែរយោធាប្រារព្ធពិធីបុណ្យជាតិ ១៤កក្កដា ក្រោយអាក់ខានមួយឆ្នាំ ដោយសារកូវីដ១៩

0
67

តាំងពីក្រោយសង្គ្រាមលោកលើកទី២មក កម្មវិធីដង្ហែរក្បួនយោធាក្នុងឱកាសបុណ្យជាតិបារាំង ថ្ងៃទី១៤កក្កដា គឺតែងតែប្រារព្ធធ្វើជានិច្ច មិនដែលអាក់ខានទេ ប៉ុន្តែដោយសារវត្តមានកូវីដ១៩ បានមករំខាន ត្រូវអាក់ខានម្តងកាលពីឆ្នាំ២០២០។ ប៉ុន្តែថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បារាំងបានសម្រេចរៀបចំកម្មវិធីជាប្រពៃណីនេះឡើងវិញ ក្រោមពាក្យស្លោកថា «ជំហានជ័យជំនះក្នុងអនាគត» គឺសំដៅទៅដល់ការយកជ័យជំនះលើជំងឺឆ្លងកូវីដ១៩ ដែលបានបោកអង្រួនប្រទេសបារាំង ក៏ដូចជា ប្រទេសនានាលើពិភពលោកផង និងសំដៅដល់ការយកជ័យជំនះក្នុងប្រតិបត្តិការយោធា ដែលបារាំងដឹកនាំ និងចូលរួម ដើម្បីរក្សាការពារសន្តិភាព ស្ថិរភាព តាមប្រទេសនានាទូទាំងពិភពលោក។ ជ័យជំនះដែលកងទ័ពបារាំងនឹងផ្អែកលើគ្រឿងសព្វាវុធ បច្ចេកវិទ្យាទំនើបថ្មីៗ ដែលគេយកមកបង្ហាញក្នុងកម្មវិធីនេះ។ កម្មវិធីដង្ហែរក្បួនយោធា នៅឆ្នាំនេះ គឺត្រូវបានរៀបចំឡើងក្នុងបរិបទកូវីដ១៩ ដោយអ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាស។ ចំនួនភ្ញៀវកិត្តិយសក៏ត្រូវបានកាត់បន្ថយច្រើនដែរ នៅត្រឹមតែ ១ម៉ឺននាក់ប៉ុណ្ណោះ មិនមែន ២៥០០០នាក់ ដូចសព្វមួយដងទេ។ នាយទាហាន ចំនួន ៥០០០នាក់ មានវត្តមានក្នុងកម្មវិធីដ៏ពិសេសនេះ ដោយក្នុងនោះមាន ៤៣០០នាក់ ក្នុងការដង្ហែរក្បួនដោយថ្មើរជើងក្រោមក្រសែរភ្នែក និងសម្លេងទះដៃរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង។ ក្រៅពីនេះមានយន្តហោះ ៧៣ គ្រឿង ឧត្ថម្ភាគចក្រ ២៤ គ្រឿង រថយន្តទាហាន ២២១ គ្រឿង ព្រមទាំង សេះ ចំនួន ២០០ក្បាលផងដែរ។ កងដង្ហែរជាកិត្តិយសនៅឆ្នាំនេះ គឺក្រុមកង «កម្លាំងពិសេស Takuba» ដែលបារាំងទើបតែបានផ្តួចផ្តើមគំនិតបង្កើត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវកម្ម នៅតំបន់សាហ៊ែល អាហ្វ្រិក។ ក្រុមកម្លាំង Takuba មានការចូលរួមពីកងទ័ពបារាំង ប៊ែលហ្ស៊ិក អេស្តូនី អ៊ីតាលី ហូឡង់ សាធារណរដ្ឋឆេក ព័រទុយហ្កាល់ និងស៊ុយអែត។ កងទាហានជើងទឹកបារាំងនៃនាវាមុជទឹកបាតសមុទ្រ ដើរដោយថាមពលនុយក្លេអ៊ែរ ANS Émeraude ក៏មានវត្តមាននៅក្នុងឱកាសនេះដែរ។ នេះក៏ជាលើកទីមួយផងដែរ កងនគរបាលឃុំ-សង្កាត់ មកពីទីក្រុងនីស ត្រូវបានគេអញ្ជើញឲ្យដើរដង្ហែរក្បួនក្នុងថ្ងៃបុណ្យជាតិ នៅឆ្នាំនេះ។ ជាកាយវិការថ្លែងអំណរអរគុណ ចំពោះកិច្ចប្រឹងប្រែងរក្សាសន្តិភាពរបស់កងនគរបាលទីក្រុងនីស ដែលបានរងនូវការវាយប្រហារភេរវកម្ម ស្លាប់មនុស្ស ៨៦នាក់ ចំថ្ងៃបុណ្យជាតិ ១៤កក្កដា តែម្តង កាលពីឆ្នាំ២០១៦៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here