អាមេរិកចោទជនជាតិអ៊ីរ៉ង់ ៤នាក់ ពីបទរៀបចំផែនការចាប់អ្នកកាសែតរិះគន់អ៊ីរ៉ង់

0
29

រដ្ឋអាជ្ញាអាមេរិក កាលពីថ្ងៃអង្គារ ទី១៣ ខែកក្កដា បានចោទប្រកាន់ជនជាតិអ៊ីរ៉ង់ ៤នាក់ ពីបទរៀបចំផែនការចាប់ជំរិតអ្នកកាសែតអាមេរិកដើមកំណើតអ៊ីរ៉ង់ម្នាក់ នៅទីក្រុងញូវយ៉ក។ តាមនាយកដ្ឋានយុត្តិធម៌អាមេរិក ជនជាតិអ៊ីរ៉ង់ទាំង ៤នាក់ ប៉ុនប៉ងចាប់អ្នកកាសែតទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីទទួលទោសនៅទីនោះ។ ស្ត្រីឈ្មោះ Masih Alinejad ជាអ្នកកាសែត និងជាសកម្មជនដើមកំណើតអ៊ីរ៉ង់ បានអះអាងនៅលើបណ្តាញសង្គមធ្វីតទ័រថា នាង គឺជាគោលដៅចាប់ពង្រត់របស់ភ្នាក់ងារអ៊ីរ៉ង់។ ស្ត្រីអ្នកកាសែតរូបនេះ បម្រើការនៅវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនិង ស្ត្រី។ តាមរយៈវីដេអូខ្លីបមួយ អ្នកស្រី Alinejad បាននិយាយថា គម្រោងផែនការចាប់ពង្រត់នេះ ផ្ចុងផ្តើមគំនិតដោយលោក ហាសាន រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់។ ចំណែក បុរសអ៊ីរ៉ង់ ៤នាក់ ដែលមានឈ្មោះនៅក្នុងការចោទប្រកាន់ រួមមាន មន្រ្តីស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ម្នាក់ ជាមេខ្លោង និងមន្រ្តី ៣នាក់ផ្សេងទៀត ជាអ្នកធ្វើការនៅក្រោមបង្គាប់។ ពួកគេទាំងអស់រស់នៅក្នុងប្រទេសអ៊ីរ៉ង់ ។ អ្នករួមគំនិតទី៥ម្នាក់ទៀត នៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ផងដែរ ពីបទផ្តល់ថវិកាគាំទ្រដល់គម្រោងមួយនេះ។ យោងតាមការចោទប្រកាន់របស់នាយកដ្ឋានយុត្តិធម៌អាមេរិក ភ្នាក់ងារអ៊ីរ៉ង់បានព្យាយាមជាលើកដំបូង កាលពីឆ្នាំ ២០១៨ ល្បួងឲ្យអ្នកស្រី Alinejad ធ្វើដំណើរទៅកាន់ប្រទេសទី៣ ក្នុងបំណងចាប់ពង្រត់អ្នកស្រីយកទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីដាក់ពន្ធនាគារនៅទីនោះ។ បន្ទាប់មកទៀត ភ្នាក់ងារអ៊ីរ៉ង់ក៏បានចាប់ផ្តើមគម្រោងតាមដានជនរងគ្រោះ និងសមាជិកគ្រួសាររបស់អ្នកស្រី ក្នុងសង្កាត់ Brooklyn នៃទីក្រុងញូវយ៉ក ជាច្រើនលើកច្រើនសារ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ។ ខណៈកំពុងស៊ើបអង្កេតអំពីករណីនេះ ភ្នាក់ងារ FBI អាមេរិកបាននាំស្ត្រីអ្នកកាសែត Alinejad និងស្វាមី ទៅរស់នៅកន្លែងដែលមានសុវត្ថិភាព។ ក្រោយរងការប៉ុនប៉ងចាប់ពង្រត់ អ្នកស្រី Alinejad បាននិយាយថា អ្នកស្រីបានធ្វើឲ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់មិនសប្បាយចិត្ត តាមរយៈការផ្សព្វផ្សាយជំរុញឲ្យស្ត្រីអ៊ីរ៉ង់ធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ ដែលតម្រូវឲ្យស្ត្រីពាក់ក្រណាត់ ឬ ក្រម៉ារុំក្បាល (Hijab) និងការរាយការណ៍ព័ត៌មាន អំពីការស្លាប់របស់ប្រជាជនអ៊ីរ៉ង់ក្នុងបាតុកម្មនាឆ្នាំ២០១៩៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here