ប្រទេសជិតខាង​ប្រកាសចាក់លាយចម្រុះវ៉ាក់សាំង ចុះកម្ពុជា? លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បែបនេះថា….

0
419

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ បានបញ្ជាក់​ថា កម្ពុជានៅមិនអាច​ចាក់វ៉ាក់សាំង​លាយគ្នា​ដូចប្រទេសជិតខាងនោះទេ ដោយសារតែមិនទាន់មានភស្តុតាងគ្រប់គ្រាន់​បញ្ជាក់អំពីប្រសិទ្ធភាព ហើយ​ក៏គ្មាន​ការណែនាំពីអង្គការសុខភាព​ពិភពលោកដែរ។

លោកស្រី ឱ វណ្ណឌីន ថ្លែងនាពេលកន្លងមក
ថ្លែងទៅ​កាន់អ្នកកាសែត ក្នុងពេល​នាំយកថវិកាប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៥លាន នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកស្រី​លើកឡើងដូច្នេះថា៖ «កន្លងមក ការសិក្សាបែបនេះ គឺមានតិចណាស់ ចំនួនអ្នកដែលចូលរួម​ (ចាក់សាកល្បង) តិចមែនទែន។ អ៊ីចឹងមិនទាន់​អាចយកមកប្រើប្រាស់​បាននៅឡើយទេ។ ដូច្នេះហើយ បានជាអង្គការសុខភាព​ពិភពលោក មកដល់បច្ចុប្បន្ននេះ ក៏មិនទាន់ផ្តល់នូវអនុសាសន៍ នៅក្នុងការប្រើប្រាស់​បែបនេះ នៅឡើយទេ។ ហើយថ្មីៗនេះ ការចេញផ្សាយ​របស់​អង្គការសុខភាព​ពិភពលោក នៅក្នុងការ​ហាមប្រាម មិនឱ្យប្រើប្រាស់​ចាក់វ៉ាក់សាំងលាយច្របល់គ្នា»។

លោកស្រីបន្តថា៖ «បើតាមការ​យល់ឃើញ​ផ្ទាល់របស់ខ្ញុំ វ៉ាក់សាំងផលិតចេញមក វាមានភាព​ខុសគ្នា។ Sinopharm Sinovac វាប្រហែលគ្នា​មិនសូវអីទេ ព្រោះវាប្រើ​របៀបផលិតវ៉ាក់សាំង​ដូចវ៉ាក់សាំងផ្សេងៗទៀត (traditional way) ដូចជា កញ្ជ្រិល ស្អូច ក្អកមាន់។ ប៉ុន្តែដោយឡែក​សម្រាប់​វ៉ាក់សាំង​មួយចំនួន ដែលគេប្រើប្រាស់​ RMA ធ្វើមិនដូចវ៉ាក់សាំងមុនៗទេ មានន័យថា គេយក DNA ឬ RMA របស់វីរុសផ្នែកណាមួយ គេដកយកចេញមក ដើម្បីយកមកបន្សាំ ផលិតចេញមកជាវ៉ាក់សាំង។ អ៊ីចឹងបើវាមានភាព​ខុសគ្នាបែបនេះ ហើយយើងយកមកបញ្ចូលគ្នា សួរថាតើវានឹងមានប្រតិកម្មបែបណា»។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន អំពាវនាវកុំឱ្យមានការច្រួលច្របល់ ចំពោះប្រទេស​ផ្សេងដែលគេចាក់លាយវ៉ាក់សាំងគ្នា ព្រោះនេះជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគេ ហើយលោកស្រីជឿជាក់ថា ការចាក់នេះ​ក៏ស្ថិតក្នុងដំណាក់កាលសាកល្បងផងដែរ ដោយគេមានអ្នកវិទ្យាសាស្រ្តសម្រាប់​តាមដាន​ការវិវឌ្ឍនេះ៕

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here