សង្ឃក្លែងក្លាយ១៨នាក់ ដែលបន្លំដើរបិណ្ឌបាត្រពលរដ្ឋនៅខណ្ឌកំបូល ត្រូវចាប់បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់

0
455

(ភ្នំពេញ)៖ ជនសង្ស័យចំនួន១៨នាក់ បន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រខណ្ឌកំបូល ដែលត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលចាប់ខ្លួននោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យចំនួន១៨នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្របោកប្រាស់ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួន ជាបន្ដបន្ទាប់ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ក្នុងនោះមានមួយចំនួនជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យទាំង១៨នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបញ្ជារបស់ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សមួយក្រុម មកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាយូរមកហើយ។

នៅថ្ងៃកើតហេតុ ជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀត ជាអ្នកបើករថយន្តត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ កម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត។

ក្រោយចាប់ខ្លួនជនសង្ស័យជាសង្ឃក្លែងក្លាយ ត្រូវបានព្រះអនុគុណខណ្ឌកំបូល ចាប់ផ្សឹកពួកគេហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនេះផងដែរ មាន០៧នាក់ បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀន។

បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់ ឈ្មោះ ម៉េង អាយុប្រហែល២៥ឆ្នាំ ដោយក្នុងមួយថ្ងៃពួកគេរៃអង្គាសប្រាក់ បានពី៨ម៉ឺន ទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឲ្យគេក្នុងម្នាក់ ពី៣ម៉ឺន ទៅ៣ម៉ឺ៥ពាន់រៀល នៅសល់ប្រាក់ប៉ុន្មានទៀតគឺពួកខ្លួន យកមកចាត់ចែងចាយវាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here