មណ្ឌលគិរី ៖ ផ្ទាំងថ្មមួយ ដែលមានចារឹក អក្សរបុរាណ ត្រូវបានជនជាតិ ដើមព្នង អះអាងថា មានបារមីពូកែស័ក្តិសិទ្ធ និងកំពុងតម្កល់ ក្នុងបរិវេណសាលាឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ចាស់ទុំក្នុងមូលដ្ឋាន ខាងលើ អះអាងថាៈ ដុំថ្មនេះ ត្រូវបានពលរដ្ឋ ជនជាតិដើម ភាគតិច ប្រទះឃើញជាយូរឆ្នាំមកហើយ។ បងប្អូនតែងចាត់ទុកដុំថ្មនេះ ជាវត្ថុស័ក្តិ សិទ្ធ។ ពួកគេតែងតែ គោរពបូជា និងសែនព្រេន ជារៀងរាល់ឆ្នាំ។ ផ្ទាំងសិលាចរឹកនេះ មានទំហំប្រហែល ៥០សង់ទីម៉ែត្រ គុណនឹង ៧០ សង់ទីម៉ែត្រ ត្រូវបានគេរកឃើញ នៅចំណុចអូរតាំងឡាំង ក្នុងឃុំមេម៉ង់ ស្រុកកែវសីមា។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី លោក សី ទួច នាព្រឹកថ្ងៃទី១៤ កក្កដា នេះ បានបញ្ជាក់ថាៈ រហូតមកដល់ពេលនេះ អក្សរលើផ្ទាំងសិលា (ថ្មភក់) នេះ នៅពុំទាន់មាននរណា អានដាច់ ឬស្វែងយល់ឃើញថា ជាអក្សរសម័យណានៅ ឡើយ។
លោកបានបន្ថែមថាៈ សិលាចារឹកប្រភេទនេះ ត្រូវរកឃើញចំនួន ១០ មកហើយ។ ភាគច្រើន រកឃើញ នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ។ លក្ខណៈពិសេស១ នៅលើសិលា គឺមានសញ្ញា ១ រាងដូចយុថ្កា ដែលសញ្ញានេះ ហៅថាសញ្ញាហោមការ ដែលជនជាតិចាម នៅមានប្រើ។ តែទោះជាយ៉ាងណា យោងតាមសញ្ញានេះ គឺគេមិនទាន់អាចសន្និដ្ឋាន អោយប្រកដថា ជាសិលាចារឹក ចេញពីប្រភពណា ច្បាស់លាស់នៅឡើយ។
ប្រធានមន្ទីរដដែល បាននិយាយថាៈ ក្រសួងវប្បធម៌ នឹងចាត់តាំងមន្ត្រីជំនាញ មកសិក្សាលំអិតបន្ថែម ដើម្បីធ្វើការវាយតម្លៃ ប្រភព និងប្រវត្តិ សិលាចរឹកនេះ។
ទាក់ទិនទៅនឹងសិលាចារឹកនេះដែរ លោក ពៅ បូរិន សមាជិកក្រុមប្រឹក្សាឃុំមេម៉ង បានអោយដឹងដែរថាៈ ពលរដ្ឋភូមិមេម៉ង់ មានជំនឿថា បានផ្តល់ភាពត្រជាក់ត្រជុំ ដល់អ្នកស្រុក ព្រោះនៅក្នុងអំឡុងឆ្នាំ២០១៦ ឃុំមេម៉ង់ មានគ្រោះរាំងស្ងួត ព្រោះសិលាចារឹកនេះ ត្រូវចោរលួចយកទៅ។ ដោយសារតែមានការអន្តរាគមន៍ ពីសមត្ថកិច្ច នៅពេលនោះ សិលាចារឹក ត្រូវរកឃើញវិញ ដោយប្រជាពលរដ្ឋ បានយកមកថែរក្សា ទើបមានភ្លៀងធ្លាក់ ក្នុងតំបន់ជាធម្មតាវិញ។
សមាជិកឃុំដដែល បានបន្តថាៈ ប្រជាពលរដ្ឋ តែងធ្វើពិធីសែនព្រែន សុំសេចក្តីសុខ រៀងរាល់ឆ្នាំ និងកំពុង ស្ថិតក្នុងបរិវេណសាលាឃុំ បច្ចុប្បន្ននេះ។
ថ្មីនេះ ដោយខ្លាចការបាត់បង់ សិលាចារឹក មន្ទីរវប្បធម៌ កំពុងពិភាក្សា ជាមួយចាស់ទុំ ក្នុងមូលដ្ឋាន ដើម្បីយកមករក្សាទុក នៅមន្ទីរវប្បធម៌ខេត្ត។ ប៉ុន្តែពលរដ្ឋមានការ ព្រួយបារម្ភ ចំពោះបញ្ហាគ្រោះ ធម្មជាតិ ដូចកាលពេលមុនទៀត ដូច្នេះប្រហែលការ ប្រគល់ អោយយកទៅរក្សាទុក នៅមន្ទីរវប្បធម៌ អាចនឹងមិនមានការយល់ព្រម។រឿងនេះ នៅសប្តាហ៍ ខាងមុខ មន្ទីរ នឹងជួបពិភាក្សាគ្នា ជាមួយ ប្រជាពលរដ្ឋម្តងទៀត ដើម្បីជជែកគ្នាថានណាអ្នកត្រូវមើលថែទាំបន្ត៕
ប្រភព:រស្មីកម្ពុជា