CAMSOC អំពាវនាវឲ្យមហាជនត្រៀមប្រកួតប្រជែងស្នាដៃ ការរចនាភ្លើងគប់ និងមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

0
34

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានអំពាវនាវឲ្យមហាជន យុវជន យុវនារី ដែលមានទេពកោសល្យខាងរចនាភ្លើងគប់ និងមេដាយ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា សូមត្រៀមខ្លួនចូលរួមដាក់ប្រឡងស្នាដៃរបស់ខ្លួនឲ្យបានច្រើនកុះករ នាខែក្រោយនេះ ដើម្បីឲ្យ CAMSOC មានជម្រើសកាន់តែច្រើន និងសម្រិតសម្រាំងបាននូវស្នាដៃដ៏ល្អឯង សម្រាប់រួមដំណើរឆ្ពោះទៅឲ្យការប្រកួតនេះឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លើការដាក់ប្រឡងស្នាដៃការរចនាភ្លើងគប់ និងមេដាយនេះថា CAMSOC នៅមានការប្រកួតប្រជែងស្នាដៃលក្ខណៈបើកទូលាយជាសាធារណៈចំនួនពីរទម្រង់នេះទៀត គឺទី១ ការរចនាភ្លើងគប់ និងទី២ គឺការរចនាមេដាយ ដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានចង្អុលបង្ហាញឲ្យប្រកាសផ្សព្វផ្សាយនៃបើកការប្រកួតប្រកួតប្រជែងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីរបស់យើង ដែលគាត់មានទេពកោសល្យ ថ្វីដៃ ក្នុងការគូររូប ឆ្លាក់រចនាភ្លើងគប់ និងមេដាយ។

ឯកឧត្តមអគ្គលេខាធិការលើកឡើងថា ការបើកប្រកួតប្រជែងស្នាដៃនេះ គឺជាការផ្តល់កិត្តិយសល់មហាជន យុវជន យុវនារីរបស់យើង ដែលជាចំណែកមួយនៃការចូលរួមជាមួយគ្នា ក្នុងការជំរុញឲ្យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

ការបើកយុទ្ធនាការប្រឡងប្រជែងនេះនឹងធ្វើនាខែក្រោយនេះ ហើយបេក្ខជននានាមានពេលវេលាប្រមាណ៤ខែ ដើម្បីការរចនានេះ។ បេក្ខជនជ័យលាភី ដែលបានបញ្ចេញស្នាដៃ សម្រាប់ជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នឹងទទួលបានកិត្តិយស និងប្រាក់រង្វាន់លើកទឹកចិត្តផងដែរ ដូចដែល CAMSOC ធ្លាប់បានដាក់ឲ្យប្រកួតប្រជែងកន្លងទៅ នៃការរចនាស្លាកសញ្ញា និងនិមិត្តសញ្ញា (LOGO-Mascot) កន្លងទៅដែរ។ ប៉ុន្តែស្លាកសញ្ញា និងមិនិត្តសញ្ញានេះមានតម្លៃខ្ពស់ជាងការធ្វើភ្លើងគប់ និងមេដាយ។ ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឲ្យយុវជន និងមហាជនទាំងអស់ ដែលមានទេពកោសល្យត្រៀមខ្លួន ក្នុងការចូលរួមការប្រកួតប្រជែងដាក់ជាបេក្ខភាពប្រកួតប្រជែងគំនូរភ្លើងគប់ និងមេដាយ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមរំឭកថា CAMSOC ធ្លាប់បានបើកការប្រកួតប្រជែងជាសាធារណៈនៃការរចនាស្លាកសញ្ញា-និមិត្តសញ្ញា ជាផ្លូវការ ដោយស្នាដៃជ័យលាភីទាំងពីររូបត្រូវបានប្រកាស និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត នៅក្នុងពីធីជាផ្លូវការ នៃការរាប់ថយក្រោយ ១០០០ថ្ងៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បេក្ខជនជ័យលាភីទាំងពីររូប គឺលោក នាង វិសាល ដែលជាម្ចាស់ជ័យលាភីស្លាកសញ្ញា (LOGO) និងម្ចាស់ជ័យលាភីនិមិត្តសញ្ញា (Mascot) បានទៅលើ លី គឹមអាន។ បេក្ខជនជ័យលាភីទាំងពីររូបលើស្នាដៃ Logo និង Mascot ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ២០លានរៀល ហើយទទួលបានសិទ្ធិជាអគ្គរដ្ឋទូតសុឆន្ទៈ “Good Will Games Ambassador” SEA Games 2020, ទទួលបានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទ SEA Games 2020 ព្រមទាំងបានចុះឈ្មោះក្នុងបញ្ជីមរតក SEA Games Legacy ផងដែរ៕ រូបភាពឯកសារការប្រគល់ជ័យលាភីដល់បេក្ខភាពទាំងពីររូប ស្លាកសញ្ញា-និមិត្តសញ្ញា កន្លងទៅ

LEAVE A REPLY

Please enter your comment!
Please enter your name here