កម្មករសំណង់ប្រុសស្រីជាង២០នាក់ដង្ហើយរកកិច្ចអន្តរាគមន៏ ក្រោយពី មេការគម្រោងពុះដីឡូត៍លក់របស់លោក អ៊ឹង ម៉េងហ៊ាង បើកលុយពីថៅកែរត់ចោល បាត់

0
78

(ខេត្តព្រៃវែង): មេជាងនិងកម្មករសំណង់ប្រុសស្រីជាង២០នាក់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានអះអាងប្រាប់ថា ពួកគាត់បានមកធ្វើការសំណង់ផ្ទះល្វែងនៅត្រង់ចំណុចគម្រោងពុះដីឡូត៍លក់របស់លោក អ៊ឹង ម៉េងហ៊ាង ស្ថិតក្នុងភូមិឡូត៍២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មេជាងនិងកម្មករបន្តទៀតថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានមេការគម្រោងពុះដីឡូត៍លក់របស់លោក អ៊ឹង ម៉េងហ៊ាង ម្នាក់ឈ្មោះ ប៉ាង ស៊ីណា ហៅស្នា បានហៅពួកគាត់អោយមកធ្វើសំណង់ផ្ទះល្វែង នៅចំណុចភូមិ សង្កាត់ខាងលើ។


ដោយមេជាងបានតម្លៃ១ថ្ងៃម្នាក់៦០០០០រៀល កូនជាងនិងអ្នកជីករណ្តៅដី១ថ្ងៃម្នាក់៣៥០០០៛-ទៅ៤០០០០រៀល។ ដោយមានកិច្ចសន្យា១០ថ្ងៃបើកលុយអោយជាងនិងកម្មករម្តង។
ប៉ុន្តែឈ្មោះ ប៉ាង ស៊ីណា ហៅស្នា មេការសំណង់រូបនេះ មិនបានបើកលុយអោយពួកគាត់គោរពតាមកិច្ចសន្យានោះទេ ដោយចេះតែពន្យារពេលថ្ងៃនេះ ថ្ងៃនោះ រហូតមកដល់ថ្ងៃច័ន្ទទី១២ ខែកក្កដា ឆ្នំា២០២១នេះ ស្រាប់តែលោកមេការកំហូចរូបនោះ ប្រមូលបើកលុយពីម្ចាស់ផ្ទះបានសរុបចូលជាង៧០០០០$ដាក់មេប្រូចរត់បាត់ស្រមោល។


មេជាងនិងកម្មករសំណង់ សូមសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍តាមរកជនឆបោកនេះ មកទទួលខុសត្រូវបើកលុយអោយពួកគាត់ផង ព្រោះចាប់តាំងពីធ្វើការមកលុយពួកគាត់ម្នាក់ៗជិត២លានរៀល ទៅជិត៣លានរៀល មិនទាន់បើកបានសូម្បីតែមួយរៀលលុយខ្មែរ ពិសេសពួកគាត់សុទ្ធតែមានជីវភាពខ្វះខាត សង្ឃឹមថាមកធ្វើការមានលុយដោះស្រាយសេដ្ឋកិច្ចគ្រួសារ និងសងបំណុលជំពាក់ធនាគារឬអង្គការ គ្រប់ៗគ្នា ឥឡូវបើមេការបើកលុយរត់បាត់អោយពួកគាត់ទីពឹងអ្វីទៀត បើទៅប្រាប់លោកមេភូមិគាត់ឆ្លើយថាមិនដឹងទេ បើគេរត់បាត់ហើយនោះ។


ពាក់ព័ន្ធបញ្ហានេះ លោក ម៉ន នីបណ្ឌិត អភិបាលក្រុងព្រៃវែង បានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១៣ កក្កដា ឆ្នំា២០២១នេះថា រូបលោកពុំទាន់បានដឹងទេ សូមអោយមេជាង និងកម្មករទាំងនោះ ដាក់ពាក្យប្តឹងមកសាលាសង្កាត់កំពង់លាវ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here