តុលាការ សម្រេចឃុំខ្លួនសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ម្នាក់ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន ២បទល្មើស

0
70

ភ្នំពេញ៖ លោក រ័ត្ន សណ្តាប់ អាយុ៤៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌  ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣៩១ មាត្រា២៩២ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលទើបទទួលបាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ។

បើយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក រ័ត្ន សណ្តាប់ ត្រូវបាន លោកស្រី គង់ មាលា ជាពាណិជ្ជករម្នាក់ ប្តឹងពីបទ «រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ» តាមមាត្រា៣៩១ មាត្រា២៩២ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ព្រោះតែរឿងរត់ការដោះស្រាយវិវាទដីធ្លីនៅចំណុចឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេលជាង៣ឆ្នាំមកហើយ តែមិនបានទទួលលទ្ធផលអ្វីឡើយ ហើយបានយកប្រាក់របស់លោកស្រី អស់ជាច្រើនម៉ឺនដុល្លារ ដាក់ចូលហោប៉ៅផ្ទាល់ខ្លួន ដោយពុំបានធ្វើកិច្ចការអ្វីឡើយ ទើបលោកស្រី ប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួនលោក រ័ត្ន សណ្តាប់ តែម្ដង។

សូមបញ្ជាក់ថា ដីកាបង្គាប់ឲ្យឃុំខ្លួន ចេញដោយ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ថា៖

១.ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ រ័ត្ន សណ្តាប់ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តបានត្រឹមត្រូវតាមច្បាប់។

២. ឲ្យប្រធានមណ្ឌលកែប្រែទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣.ឲ្យគ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អនៅពេលដីកា នេះត្រូវបានបង្ហាញក្នុងករណីចាំបាច់៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here