តាលីបង់ធ្វើឃាតអាកាសយានិកយោធាអាហ្វហ្គានីស្ថាន  ខណៈពេលអាមេរិកបន្តការដកខ្លួន

0
45

វរសេនីយ៍ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានលោក Dastagir Zamaray កាន់តែមានការភ័យខ្លាច ចំពោះការធ្វើឃាតកងកម្លាំងយោធានៅក្រៅមូលដ្ឋានទ័ព ដោយក្រុមឧទ្ទាមតាលីបង់ រហូតដល់ថ្នាក់រូបលោកសម្រេចលក់គេហដ្ឋានរបស់លោក នៅរដ្ឋធានីកាប៊ុល ដើម្បីប្ដូរលំនៅទៅរស់នៅតំបន់ដែលមានសុវត្ថិភាពជាងនេះ។កាលពីដើមឆ្នាំនេះ នៅការិយាល័យភ្នាក់ងារអចលនទ្រព្យ អាកាសយានិកអាយុ ៤១ ឆ្នាំរូបនេះ បានប្រឈមនឹងខ្មាន់កាំភ្លើងម្នាក់ ដែលបានដើរ ចូលទៅខាងក្នុង ហើយបានបាញ់សម្លាប់ភ្នាក់ងារអចលនទ្រព្យ។ លោក Zamaray បានដកកាំភ្លើងខ្លីរបស់លោក ដើម្បីបាញ់តប ប៉ុន្តែខ្មាន់កាំភ្លើងបានបាញ់លោកចំក្បាល ធ្វើឱ្យស្លាប់ភ្លាមៗ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យ៉ាងហោចណាស់ អាកាសយានិកយោធាអាហ្វហ្គានីស្ថានចំនួន ៧ រូប រួមទាំងលោក Zamaray ត្រូវបានគេធ្វើឃាត ពេលដែលពួកគេសម្រាកនៅក្រៅមូលដ្ឋានកងទ័ព នេះបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ២ រូប បានប្រាប់សារព័ត៌មានរ៉យទ័រ។ ការធ្វើឃាតលើគោលដៅទាំងនេះ ដែលមិនធ្លាប់កើតឡើងរហូតដល់កម្រិតនេះ មុនការចាប់ផ្ដើមការដកទាហានរបស់អាមេរិក បង្ហាញពីការសង្ស័យរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន អំពីការខិតខំប្រឹងប្រែងរបស់តាលីបង់ ដើម្បីបំផ្លាញផ្នែកដ៏សំខាន់ និងមានតម្លៃបំផុតរបស់យោធាអាហ្វហ្គានីស្ថាន គឺធនធានអាកាសយានិកយោធា ដែលទទួលការបណ្ដុះបណ្ដាលពីអាមេរិក និងអង្គការណាតូ។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេពិតជាបានសម្លាប់លោក Zamaray មែន ហើយពួកគេបានចាប់ផ្ដើមប្រតិបត្តិការដែលនឹងធ្វើឱ្យអាកាសយានិកយោធាអាហ្វហ្គានីស្ថាន ត្រូវបាន«កម្ចាត់ទាំងស្រុង ពីព្រោះពួកគេទាំងអស់ បានទម្លាក់គ្រាប់បែកប្រឆាំងនឹងប្រជាជនខ្លួន»។ ក្រុមតាលីបង់ដែលគ្មានកងទ័ពអាកាស គឺកំពុងសម្លឹងទៅរកការកាត់បន្ថយសមត្ថភាពយោធាអាហ្វហ្គានីស្ថាន ខណៈពួកគេបើកការវាយលុកជើងគោកដ៏ធំ។ ក្រុមឧទ្ទាមនេះ បានធ្វើការដណ្ដើមយកដែនដីគ្រប់គ្រងដោយរដ្ឋាភិបាល ដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក Ashraf Ghani យ៉ាងរហ័ស ធ្វើឱ្យមានការកើនឡើងការព្រួយបារម្ភថា ក្រុងកាប៊ុល អាចដួលរលំ។ បើតាមទិន្នន័យរបស់អាមេរិក អាហ្វហ្គានីស្ថានមានអាកាសយានិកយោធា ត្រឹមតែ ៣៣៩ នាក់ និងយន្តហោះ ចំនួន ១៦០ គ្រឿង រួមមាន ឧទ្ធម្ភាគចក្រ UH-60 Black Hawk, យន្តហោះដឹកជញ្ជូន C-130H, យន្តហោះវាយប្រហារធុនស្រាល A-29 Super Tucano,យន្តហោះ AC-208, ឧទ្ធម្ភាគចក្រ MD-530 និងឧទ្ធម្ភាគចក្រដឹកជញ្ជូន Mi-17 ដែលផលិតដោយរុស្ស៊ី និងឧបត្ថម្ភថវិកា ដោយអាមេរិក។ យន្តហោះទាំងនេះ ត្រូវបានថែរក្សា និងជួសជុលដោយអ្នកម៉ៅការស៊ីវិល ដែលឧបត្ថម្ភ ថវិកាដោយសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារការសម្រេចចិត្តរបស់រដ្ឋបាលលោក ក្នុងការដកខ្លួនរបស់អាមេរិកចេញពីសង្គ្រាមជិត ២០ឆ្នាំនេះថា៖ «ខ្ញុំនឹងមិនបញ្ជូនជនជាតិអាមេរិកជំនាន់ថ្មី ទៅធ្វើសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ដោយគ្មានការរំពឹងទុកសមហេតុផលថានឹងទទួលបានលទ្ធផលថ្មីទេ»។ ប៉ុន្តែលោកបានទទួលស្គាល់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនអាចគ្រប់គ្រងប្រទេសបានមួយរយភាគរយទេ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here