ឃាតកម្មសម្លាប់ប្រធានាធិបតីលោក ហ្សូវឺណែល ម៉ូអ៊ីស៍ មានកម្មវត្ថុនយោបាយ

0
25

នៅក្នុងប្រទេសហៃទី ៥ថ្ងៃក្រោយឃាតកម្មសម្លាប់ប្រធានាធិបតីលោក ហ្សូវឺណែល ម៉ូអ៊ីស៍ នាយកនគរបាលជាតិលោក ឡេអុង ឆាល៍ បានប្រកាសនៅក្នុងសន្និសីទកាសែត កាលពីយប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដាថា ប៉ូលិសបានចាប់ខ្លួនជនជាតិអាមេរិកដើមកំណើតហៃទីម្នាក់ឈ្មោះ គ្រីស្យង់ អេម៉ានុយអែល សាណុង ដែល ជាមេខ្លោងរៀបចំផែនការសម្លាប់លោក ម៉ូអ៊ីស៍។ បើតាមកាសែត Miami Herald លោក អេម៉ានុយអែល សាណុង មានអាយុ ៦៣ឆ្នាំ ជាគ្រូពេទ្យម្នាក់ ដែលបានរស់នៅក្នុងរដ្ឋ Florida តាំងពីជាង ២០ឆ្នាំហើយ។ នាយកនគរបាលហៃទីលោក ឡេអុង ឆាល៍ បាននិយាយថា លោក អេម៉ានុយអែល សាណុង បានទៅដល់ទឹកដីហៃទីនាដើមខែមិថុនា និងមានកម្មវត្ថុនយោបាយច្បាស់លាស់។ ពីដំបូងឡើយ ផែនការរបស់លោក អេម៉ានុយអែល សាណុង គឺចាប់ប្រធានាធិបតីលោក ហ្សូវឺណែល ម៉ូអ៊ីស៍ ទាំងរស់ ពោល មិនមែនសម្លាប់ចោលទេ។ បើតាមកាសែត Miami Herald ដដែល ដើម្បីអាចសម្រេចបាននូវផែនការចាប់លោក ហ្សូវឺណែល ម៉ូអ៊ីស៍ ទាំងរស់ លោក អេម៉ានុយអែល សាណុង ប្រហែលជាបានជ្រើសរើសក្រុមកងកម្ម៉ង់ដូស៊ីឈ្នួល ចំនួន ២២នាក់ ពីក្រុមហ៊ុនសន្តិសុខរបស់វ៉េណេស៊ុយអេឡា ដែលមានមូលដ្ឋានក្នុងរដ្ឋ Floride។ កម្មវត្ថុនយោបាយ របស់លោក អេម៉ានុយអែល សាណុង គឺដណ្តើមយកតំណែងប្រធានាធិបតីពីលោក ហ្សូវឺណែល ម៉ូអ៊ីស៍។ ព័ត៌មានទាំងនេះបានបែកធ្លាយ ក្រោយពីប៉ូលិសបានសួរចម្លើយលើក្រុមកម្ម៉ង់ដូស៊ីឈ្នួល។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ មាន ១៩នាក់ កំពុងស្ថិតក្នុងកណ្តាប់ដៃប៉ូលិស។ ទន្ទឹមគ្នានេះ មានមនុស្សចំនួន ២នាក់ទៀត ដែលលោក អេម៉ានុយអែល សាណុង បានទាក់ទង ត្រូវបានប៉ូលិសចាត់ទុកជាអ្នករួមដៃនៅក្នុងផែនការសម្លាប់ប្រធានាធិបតីលោក ហ្សូវឺណែល ម៉ូអ៊ីស៍។ ក្រៅពីការស៊ើបអង្កេតរបស់រដ្ឋអំណាចហៃទីក្រុមអ្នកស៊ើបអង្កេតអាមេរិកមកពីស្ថាប័ន FBI ក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខផ្ទៃក្នុង បានទៅដល់ហៃទី កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា។ ពួកគេបានជួបសន្ទនាជាមួយនាយកនគរបាល ហៃទីលោក ឡេអុង ឆាល៍ និងមានជំនួបដាច់គ្នារវាងតួអង្គនយោបាយហៃទី ក្នុងនោះមាន នាយករដ្ឋមន្រ្តី និងប្រធានព្រឹទ្ធសភា។ គួរបញ្ជាក់ថា ឃាតកម្មសម្លាប់ប្រធានាធិបតីលោក ហ្សូវឺណែល ម៉ូអ៊ីស៍ បានធ្វើឲ្យហៃទីធ្លាក់ក្នុងវិបត្តិស្ថាប័នកាន់តែធ្ងន់ធ្ងរថែមទៀត ពិសេស ការដណ្តើមគ្នាធ្វើជាប្រធានាធិបតីស្តីទី រវាង ឥស្សរជននយោបាយ ចំនួន ៣នាក់ នាពេលនេះ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here