កីឡាអូឡាំពិកតូក្យូ២០២០៖ ក្រៅពីកូវីដ១៩ អ្នកជំនាញបារម្ភខ្លាំងពីបញ្ហាសីតុណ្ហភាពក្តៅ និងគ្រោះធម្មជាតិ

0
39

កម្មវិធីប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុននឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហាខាងមុខ។ ជាកម្មវិធីប្រកួតកីឡាអន្តរជាតិ ដែលស្ថិតក្នុងកាលៈទេសៈមួយដ៏លំបាក និងស្មុគស្មាញបំផុតសម្រាប់ជប៉ុន ខណៈដែលការឆ្លងរាលដាលកូវីដ១៩ គឺជាក្តីព្រួយបារម្ភធំបំផុតមួយ។ តែទន្ទឹមនឹងនេះ មិនមែនមានតែបញ្ហាកូវីដ១៩ មួយនោះទេ។ អ្នកជំនាញជាច្រើនបានលើកឡើងផងដែរ អំពីបញ្ហាប្រឈមផ្សេងទៀត ដូចជា បញ្ហាសីតុណ្ហភាពក្តៅខ្លាំង នៅទីក្រុងតូក្យូ និងបញ្ហាគ្រោះធម្មជាតិព្រោះជប៉ុន គឺជាប្រទេសដែលតែងតែរងនូវគ្រោះធម្មជាតិញឹកញាប់បំផុត។ បញ្ហាកូវីដ១៩ នៅតែគំរាមកំហែងកម្មវិធីប្រកួតកីឡាអូឡាំពិកតូក្យូដដែល បើទោះបីជាបានលើកពេលមកមួយឆ្នាំក្តី។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុងតូក្យូមានករណីឆ្លងកូវីដ១៩ ថ្មី ចំនួនប្រមាណ ៩០០នាក់ សឹងជារៀងរាល់ថ្ងៃ។ តែយ៉ាងណា គេមិនអាចលើកពេលម្តងទៀតឡើយ។ គណកម្មការរៀបចំកម្មវិធីនេះ បានសុខចិត្តដាក់វិធានការយ៉ាងតឹងតែង ដើម្បីធ្វើយ៉ាងណា កុំឲ្យមានបញ្ហាឆ្លងរាលដាលនៅក្នុងពេលប្រកួត ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ការប្រកួតភាគច្រើន គឺត្រូវធ្វើដោយបិទទ្វារ គ្មានទស្សនិកជនចូលមើលទេ។ ប៉ុន្តែការព្រួយបារម្ភ គឺនៅតែមាន ទាក់ទិននឹងការឆ្លងរាលដាលកូវីដ១៩ ក្នុងចំណោមក្រុមកីឡាករ និងគណប្រតិភូកីឡា ដែលមកចម្រុះពីគ្រប់ប្រទេសទាំងអស់។ ជាសរុប គឺមានមនុស្សយ៉ាងហោច ៧ម៉ឺននាក់ បើរាប់ទាំងកីឡាករ សមាជិកគណប្រតិភូ និងក្រុមអ្នកកាសែត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន គណប្រតិភូកីឡាប្រណាំងទូកក្តោងរបស់ចិន ដែលទើបទៅដល់ទីក្រុងតូក្យូ បានអះអាងថា សណ្ឋាគារដែលក្រុមខ្លួន ស្នាក់នៅក្រុងតូក្យូ គឺនៅលាយឡំជាមួយភ្ញៀវទេសចរណ៍ធម្មតា ដែលអាចបង្កើតឲ្យមានករណីប្រឈមការឆ្លងរាលដាល តាមរយៈការប្រើប្រាស់ទីតាំងរួម ដូចជា ជណ្តើរយន្ត ទ្វារចេញចូល និងទីកន្លែងពិសារអាហារជាដើម។ ឥឡូវបញ្ហានេះ ត្រូវបានគេលើកទៅពិភាក្សាជាមួយគណកម្មាធិការរៀបចំរបស់ជប៉ុនហើយ ដើម្បីរកដំណោះស្រាយ។ ឯបញ្ហាសីតុណ្ហភាពក្តៅខ្លាំងវិញ នៅជប៉ុនកាលពីឆ្នាំ២០២០ មនុស្សនៅតែក្នុងផ្ទះមិនចេញទៅណា ដោយសារតែកូវីដ១៩ ក៏មានស្លាប់ ១១២នាក់ដែរ បណ្តាលមកពីសីតុណ្ហភាពក្តៅខ្លាំងនេះ។  សម្រាប់ឆ្នាំនេះ តាមការព្យាករណ៍របស់អ្នកជំនាញឧត្តុនិយម គឺសីតុណ្ហភាពនៅតូក្យូអាចនឹងឡើងក្តៅលើសឆ្នាំមុនៗផង អាចឡើងដល់ ៣៨ ឬ ៤០°c។ យោងតាមលោក Hirotada Hirose អ្នកជំនាញសិក្សាការប្រឈមគ្រោះមហន្តរាយ បានលើកឡើងថា បញ្ហាគ្រោះមហន្តរាយធម្មជាតិ ជប៉ុនជាប្រទេសប្រឈមខ្លាំងណាស់ ព្រោះជប៉ុនស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ភ្នំភ្លើង ដោយអាចប្រឈមទាំងករណីផ្ទុះភ្នំភ្លើង ករណីរញ្ជួយដី និងករណីរលកយក្សស៊ូណាមិទៀត។ ក្រៅពីនេះ គឺនៅមានករណី ខ្យល់ព្យុះទីហ្វុង ដែលបោកបក់ញឹកញាប់ណាស់នៅជប៉ុន ក្នុងរវាងខែកក្កដានេះ។ បញ្ហាសុវត្ថិភាពរបស់គណប្រតិភូកីឡាបរទេសរាប់ម៉ឺននាក់ ក្នុងពេលប្រកួតកីឡាអូឡាំពិកនេះ គឺជា ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់រដ្ឋាភិបាលជប៉ុន។ សំណង់ ហេដ្ឋារចនាសម្ព័ន្ធកីឡានៅជប៉ុន គឺត្រូវបានគេសាងសង់ ដោយគិតគូរល្អិតល្អន់ណាស់ ដើម្បីការពារសុវត្ថិភាព ក្នុងករណីមានគ្រោះរញ្ជួយដី។ សាលាក្រុងតូក្យូក៏បានអះអាងដែរថា គេបានសាសង់ទំនប់ការពារក្នុងករណីមានរលកយក្សស៊ូណាមិ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here