ភ្នំពេញ៖ ដើម្បីអោយមានសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាល្ងាចថ្ងៃទី១២ កក្កដា នេះ បានបើកកិច្ចប្រជុំមួយ តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណា អនុវត្តទៅតាមការណែនាំនេះ អោយទទួលបានជោគជ័យ និងមិនមានហានិភ័យ ពីការឆ្លងដោយជម្ងឺកូវីដ -១៩។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ការបង្កើតឡើង អោយមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណង អនុវត្តអោយចំទិសដៅ ទៅតាមការណែនាំ ដោយសារតែយើង ជាអ្នកអនុវត្តផ្ទាល់ ទៅលើការងារ ទាំងនេះ។
លោកបានបន្តថាៈ ក្នុងនាមអាជ្ញាធរ យើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នា ដើម្បីដោះស្រាយ ។ កន្លងមកនេះ អាជ្ញាធររបស់យើង អនុវត្តបានល្អណាស់ ។ សពជាង ៧០០ នាក់ហើយ យើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជំងឺកូវីដ-១៩។ នេះជាមោទនភាព របស់ក្រុមការងារ គ្រូពេទ្យរបស់យើង ដែលអនុវត្តបានល្អ លើវិធានក្រសួងសុខាភិបាល ទាំងការវេចខ្ចប់សព និងការកាេពារខ្លួន ដោយគិតមកដល់ពេលនេះ មានសព ដែលស្លាប់ដោយកូវីដ-១៩ ចំនួន ៧១១ នាក់ហើយ ដែលក្រុមការងារយើង បានចាត់ចែងវេចខ្ចប់បានល្អនិងទទួលបានជោគជ័យ មិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកជម្រុញអោយមន្ត្រីរបស់យើង ធ្វើការបញ្ជាក់ អោយបានលំអិត បន្ថែមទៀត ទៅលើសេចក្តីណែនាំនេះ ទាំងការជុំវិញការបញ្ចុះ ឬ ដុតសាកសព ។ ការលើកសព ដាក់ក្នុងក្តារមឈូស ដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង ៦ នាក់នោះទេ យើងគួរអោយពួកគាត់ ស្លៀកសំលៀកបំពាក់ PPE ឬ យ៉ាងណា ព្រោះការបំពាក់សំលៀក បំពាក់ PPE ពិតជាទទួលបានជោគជ័យ មិនមានហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ នោះទេ តាមរយៈបទពិសោធន៍ កន្លងមកនេះ។
២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាម គោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបាន ពីការចម្លងវីរុស កូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសព ដាក់ចូល ក្នុងមឈូស និងលើក មឈូស ដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជា ពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ ការពារខ្លួនដែលប្រើរួច ឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃ ជាមួយ អាល់កុល ឬដែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។
៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូស យកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់ សម្ភារៈ ការពារ (PPE) ត្រឹមត្រូវ ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារ ឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួន មិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាត រវាងអ្នកចូលរួម ចំងាយ ១,៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមាន ការហែក្បួនឡើយ៕
ប្រភព : រស្មីកម្ពុជា