អេហ្ស៊ីប និងអេត្យូពី ពាក់មុខយក្សដាក់គ្នា ក្រោយ អេត្យូពីសង់ទំនប់វារីអគ្គិសនី លើទន្លេនីល ជាឯកតោភាគី

0
42

រដ្ឋាភិបាលអេហ្ស៊ីបបានទទួលសេចក្តីជូនដំណឹងជាផ្លូវការមួយថាប្រទេសអេត្យូពីបានចាប់ផ្តើមដំណាក់កាលសាងសង់ដំបូងរបស់ខ្លួន ក្រោយចាក់បំពេញទំនប់វារីអគ្គិសនីដ៏ធំមួយ លើដៃទន្លេដ៏សំខាន់របស់ទន្លេនីល និងជាទីតាំងបង្កឱ្យមានភាពតានតឹងជាច្រើនថ្ងៃ មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលក្រសួងធារាសាស្រ្តអេហ្ស៊ីបបដិសេធយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឯកតោភាគីនេះ ហើយបាននិយាយថា សកម្មភាពនេះរំលោភច្បាប់ និងបទដ្ឋានអន្តរជាតិ ដែលគ្រប់គ្រងលើគម្រោងសាងសង់ នៅលើព្រំដែនទឹករួមគ្នានៃទន្លេអន្តរជាតិមួយនេះ។ ទំនប់វារីអគ្គិសនីហ្គ្រេនអេត្យូពី (GERD) មានប្រវែង ១៤៥ ម៉ែត្រ ដែលចាប់ផ្តើមសាងសង់តាំង ពីឆ្នាំ២០១១ និងមានសមត្ថភាពផលិតបាន ៧៤ ពាន់លានម៉ែត្រគុប ត្រូវបានគេកំណត់ថា ជាគម្រោងវារីអគ្គិសនីធំបំផុតនៅទ្វីបអាហ្រ្វិក បានក្លាយទៅជាប្រភពជម្លោះផ្នែកការទូត ជិត ១ទសវត្សរ៍ រវាងប្រទេសអេត្យូពី និងប្រទេសនៅខាងក្រោមទន្លេ រួមមាន ប្រទេសអេហ្ស៊ីប និងស៊ូដង់។ ប្រទេសអេហ្ស៊ីប និងស៊ូដង់ចង់ឱ្យប្រទេសនេះយល់ព្រមលើកិច្ចព្រមព្រៀងត្រីភាគី ស្តីពីប្រតិបត្តិការទំនប់វារីអគ្គិសនី មុននឹងដំណើរការចាក់បំពេញចាប់ផ្តើម។ ប៉ុន្តែប្រទេសអេត្យូពី បាននិយាយថា កត្តាធម្មជាតិ គឺជាផ្នែកមួយនៃការសាងសង់គម្រោងនេះ ដូច្នេះដំណើរការសាងសង់មិនអាចពន្យារពេលបានទេ។ លោក Yasser Abbas រដ្ឋមន្រ្តីក្រសួងធនធានទឹកស៊ូដង់ បានព្រមានថា ប្រសិនបើប្រទេសអេត្យូពីឈានទៅមុខដល់ដំណាក់កាលទី២ នៃការចាក់បំពេញ ប្រទេសលោកនឹងប្តឹងក្រុមហ៊ុនអ៊ីតាលី ដែលជាអ្នកសាងសង់ទំនប់វារីអគ្គិសនី និងរដ្ឋាភិបាលអេត្យូពីផងដែរ។ ភាគីប្រទេសអេត្យូពី បានមានប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍ ប៉ុន្តែរដ្ឋាភិបាលនៅទីក្រុង Cairo និងក្រុង Khartoum បារម្ភថា គម្រោងនេះអាចនឹងធ្វើឱ្យមានការរអាក់រអួលដល់ការទទួលបានទឹកដល់ប្រជាពលរដ្ឋខ្លួន។ មន្ត្រីក្រសួងធនធានទឹកអេត្យូពី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា កាលបរិច្ឆេទនៃការសាងសង់នឹងធ្វើឡើង ស្របតាមកាលវិភាគដែលប្រទេសអេត្យូពីគ្រោងទុក។ ការបន្ថែមទឹកទៅក្នុងអាងស្តុកទឹក ជាពិសេស ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅខែកក្កដា និងខែសីហា គឺជាផ្នែកមួយនៃសំណង់ ដែលជួយដល់លំហូរទឹកតាមធម្មជាតិ។ អ្នកនាំពាក្យក្រសួងធារាសាស្រ្តអេហ្ស៊ីបលោក Mohamed Ghanim បានប្រាប់បណ្តាញទូរទស្សន៍ក្នុងស្រុកមួយថា បរិមាណទឹកដែលបានរាំងស្ទះ នឹងអាស្រ័យលើបរិមាណទឹកភ្លៀងតាមរដូវ ដែលបានហូរចុះមកពីប្រទេសអេត្យូពី។ លោកបាននិយាយថា៖ «យើងមិនទាន់ទទួលឥទិ្ធពលណាមួយ ពីគម្រោងលើទន្លេនីលភា្លមៗ នោះទេ ។ ប៉ុន្តែយើងត្រូវចាំមើល ១ខែ ឬ ១ខែកន្លះទៀត ស្ថានភាពនឹងក្លាយជាយ៉ាងណា»? ទោះយ៉ាងណា កន្លងមករដ្ឋាភិបាលអេត្យូពី តែងប្រកាសថា ខ្លួននឹងបន្តទៅដំណាក់កាលទី២ នៃការចាក់បំពេញទន្លេបន្តទៀត នៅខែកក្កដា ទោះជាកិច្ចព្រមព្រៀងរួមនេះធ្វើចេញ ឬ មិនចេញក៏ដោយ។ ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ធ្លាប់បាន ព្រមានប្រទេសអេត្យូពី កាលពីដើមឆ្នាំនេះថា រដ្ឋាភិបាលអេហ្ស៊ីបនឹងមិនអត់ធ្មត់ ចំពោះវិធានការណាមួយដែលនឹងកាត់បន្ថយចំណែកទឹករបស់អេហ្ស៊ីបពីទន្លេនីលទេ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here