កូរ៉េខាងជើងប្រឈមនឹងការខ្វះស្បៀង ប្រហែល  ៨៦ម៉ឺនតោន ក្នុងឆ្នាំនេះ

0
43

ការព្យាកររបស់អង្គការស្បៀងអាហារ និងកសិសកម្ម (FAO) របស់ UN បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងកំពុងប្រឈមនឹងការខ្វះស្បៀង ប្រហែល ៨៦០ ០០០ តោន ក្នុងឆ្នាំនេះ ដោយបានព្រមានថា ប្រទេសនេះអាចជួបការលំបាកខ្លាំង ចាប់ពីខែក្រោយនេះទៅ។ ប្រទេសក្រីក្រដែលបានរងទណ្ឌកម្មអន្តរជាតិ ជាបន្តបន្ទាប់ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន បានប្រឹងប្រែងចិញ្ចឹមខ្លួនឯងជាយូរមកហើយ នោះកំពុងប្រឈមនឹងការខ្វះស្បៀងអាហារយ៉ាងខ្លាំង។ កាលពីឆ្នាំទៅ ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា និងព្យុះរដូវក្តៅ និងទឹកជំនន់ បានបន្ថែមសម្ពាធទៅលើសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ ហើយទីក្រុងព្យុងយ៉ាង បានសារភាព កាលពីខែមុនថា ខ្លួនកំពុងដោះស្រាយវិបត្តិស្បៀងអាហារ នៅពេលបច្ចុប្បន្ននេះ។ ប្រទេសកូរ៉េខាងជើងមានផែនការផលិតស្បៀង កម្រិតមធ្យម គឺ ៥,៦ លានតោនក្នុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការ FAO កាលពីថ្ងៃចន្ទ។ របាយការណ៍នោះ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងត្រូវការ ប្រហែល ១,១ លានតោន ដើម្បីផ្គត់ផ្គង់ប្រជាជនរបស់ខ្លួនទាំងអស់ ដោយការនាំចូលលក្ខណៈពាណិជ្ជកម្មផ្លូវការ គ្រោងត្រឹមតែ ២០៥ ០០០ តោន ដូច្នេះប្រទេសនេះទំនងជាប្រឈមនឹងការខ្វះស្បៀង ប្រហែល ៨៦០ ០០០ តោនទៀត។ របាយការណ៍ដដែល បានបន្ថែមថា៖ «ប្រសិនកង្វះនេះមិនត្រូវបានបំពេញឱ្យគ្រប់ តាមរយៈការនាំចូលលក្ខណៈពាណិជ្ជកម្ម ឬ ជំនួយស្បៀងអាហារទេ នោះប្រជាជនអាចប្រឈមនឹងរយៈពេលលំបាកខ្លាំង ពីខែសីហា ដល់ខែតុលា»។ កាលពីខែមិថុនា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងជាផ្លូវការ អំពីបញ្ហាខ្វះស្បៀងអាហារនៅក្នុងប្រទេស និងបាននិយាយថា ស្ថានភាពនាពេលបច្ចុប្បន្ននេះកាន់តែតឹងតែងឡើង។ របាយការណ៍ជាច្រើន បាននិយាយថា តម្លៃអង្ករកើនឡើងយ៉ាងខ្លាំង នៅក្នុង ខែមិថុនា ហើយពោតបានកើនឡើងដែរ ចាប់តាំងពីដើមឆ្នាំ២០២១នេះ។ វិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េ នៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា តម្លៃអង្ករបានកើនឡើងខ្លាំង ដោយសារខ្វះការផ្គត់ផ្គង់។ នៅក្នុងឆ្នាំ២០២០ ផលិតកម្មស្បៀងរបស់ប្រទេសកូរ៉េខាងជើង ក៏បានធ្លាក់ចុះដែរ គឺ ៥,២ ភាគរយ។ ប្រទេសកូរ៉េ ខាងជើងបានរងគ្រោះទុរ្ភិក្សនៅទូទាំងប្រទេសក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ក្រោយពីការដួលរលំនៃសហភាពសូវៀតបានទុកឱ្យប្រទេសនេះ គ្មានការជួយជ្រោមជ្រែងសំខាន់ៗ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here