ចិនរិះគន់សហរដ្ឋអាមេរិក ដែលដាក់ក្រុមហ៊ុនចិន ចំនួន ១៤ ទៅក្នុងបញ្ជីខ្មៅ

0
351

ក្រសួងពាណិជ្ជកម្មចិនបានចេញលិខិតប្រឆាំងដាច់ខាត ចំពោះការដែលរដ្ឋាភិបាលអាមេរិកបានដាក់ក្រុមហ៊ុនចិនចំនួន ១៤ ទៅក្នុងបញ្ជីខ្មៅ។ ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលចិននឹងចាត់វិធានការឆ្លើយតបវិញ ចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលចិនចាត់ទុកថា ជាការបំពានយ៉ាងធ្ងន់ធ្ងរ មកលើវិធានសេដ្ឋកិច្ច-ពាណិជ្ជកម្មអន្តរជាតិ។ កាលពីថ្ងៃសុក្រ ទី៩ ខែកក្កដា រដ្ឋាភិបាលអាមេរិកបានសម្រេចដាក់ក្រុមហ៊ុនចិនចំនួន ១៤ ទៅក្នុងបញ្ជីខ្មៅ តែមិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុនទាំងនោះទេ។ សេតវិមាន បានអះអាងថា ក្រុមហ៊ុនចិនទាំងនោះបានចូលរួមនៅក្នុងសកម្មភាពរំលោភសិទ្ធិមនុស្ស តាមរយៈយុទ្ធនាការកៀបសង្កត់ ធ្វើទុកបុកម្នេញចាប់បង្ឃាំង និងតាមដានឈ្លបយកការ ធ្វើទៅលើប្រជាជនអ៊ុយហ្គួរ ប្រជាជនកាហ្សាក់ និងក្រុមជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមផ្សេងទៀតនៅក្នុងខេត្តស៊ីនជាំង។ ក្រៅពីក្រុមហ៊ុនទាំង ១៤នេះ រដ្ឋាភិបាលអាមេរិកបានកំណត់មុខសញ្ញាក្រុមហ៊ុន ចំនួន ៥ផ្សេងទៀត ដែលចូលរួមដោយផ្ទាល់ ក្នុងកម្មវិធី ទំនើបកម្មគ្រឿងសព្វាវុធយោធាចិន ដូចជា ឧបករណ៍ឡាហ៊្សែ និងប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងការប្រយុទ្ធជាដើម។ ចំណែកក្រុមហ៊ុន ៤ទៀត ដែលបាន ឬ ក៏ព្យាយាមនាំចេញឧបករណ៍ទាំងនេះយកទៅលក់ឲ្យ ក្រុមហ៊ុនដែលអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅរួចហើយ ក៏កំពុងប្រឈមនឹងទណ្ឌកម្មដែរ។ កាលណាក្រុមហ៊ុន ឬ ស្ថាប័ននិតិបុគ្គលមួយ ជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺមានន័យថា ក្រុមហ៊ុន ឬ ស្ថាប័ននោះនឹងជាប់ ទណ្ឌកម្ម ព្រមទាំងបំរាមមួយចំនួន ដូចជា ត្រូវតែធ្វើការស្នើសុំអាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្មអាមេរិក មុននឹងអាចទទួលទំនិញលក់ឲ្យដោយក្រុមហ៊ុនអាមេរិក។ កាលពីឆ្នាំ២០១៩ ក្នុងអាណតិ្តលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានចាត់បញ្ចូលស្ថាប័នរដ្ឋ និងឯកជនរបស់ចិន ចំនួន ២០ រួចហើយ ទៅក្នុងបញ្ជីខ្មៅ ទាក់ទិននឹងសំណុំរឿងជនជាតិអ៊ុយហ្គួរខេត្តស៊ីនជាំងនេះ។ ក្នុងនោះមានដូចជា ក្រុមហ៊ុនកាម៉េរ៉ាសុវត្ថិភាព Hikvision  និងក្រុមហ៊ុនជំនាញបច្ចេកវិទ្យា ចាប់ស្គាល់អត្តសញ្ញាណ តាមរយៈរូបភាពមុខមនុស្ស SenseTime Group Ltd  និង Megvii Technology Ltd។ កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបតាមប្រព័ន្ធវីដេអូ ជាមួយអតីតអ្នកជាប់ឃុំជនជាតិអ៊ុយហ្គួរចំនួន ៧នាក់ ព្រមទាំង តំណាងក្រុមគ្រួសារជនជាតិអ៊ុយហ្គួរផងដែរ។ ជាជំនួបដែលលោករដ្ឋមន្ត្រីអាមេរិក បានអះអាងថា មានសារៈសំខាន់ ដើម្បីឆ្វេងយល់ឲ្យច្បាស់ អំពីយន្តការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ ដែលរដ្ឋអំណាចចិន បាននិងកំពុងតែធ្វើទៅលើប្រជាជនអ៊ុយហ្គួររ៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here