ក្រុមឧទ្ទាមតាលីបង់ អះអាងថា បានគ្រប់គ្រង ៨៥% នៃដែនដីអាហ្វហ្កានីស្ថាន

0
346

តំណាងក្រុមតាលីបង់ម្នាក់ឈ្មោះ Shahabuddin Delawar បានធ្វើសន្និសីទកាសែតនៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ ដោយបានអះអាងថា គិតមកត្រឹមពេលនេះ គឺក្រុមតាលីបង់បានវាយដណ្តើមគ្រប់គ្រងបាន ៨៥% នៃផ្ទៃដីអាហ្វហ្កានីស្ថានហើយ។ ពោល គឺ ២៥០ តំបន់ ក្នុងចំណោម ៣៩៨ តំបន់ របស់អាហ្វហ្កានីស្ថាន គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងកម្លាំងតាលីបង់ហើយ ចាប់ពីពេលនេះទៅ។ នេះ គឺជាការប្រកាសអះអាងតែម្ខាងពីសំណាក់ក្រុមតាលីបង់។ សម្រាប់ពេលនេះ យើងពុំមានប្រភពព័ត៌មានច្បាស់ការ និងឯករាជ្យ ដើម្បីមកបញ្ជាក់ថា ជាការពិតកម្រិតណាទេ។ ការប្រកាសអះអាងរបស់ក្រុមតាលីបង់នេះ ត្រូវបានខាងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន លើកឡើងថា មិនមែនជាការពិតទេ។ លោក Fawad Aman អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានលើកឡើងថា បើសិនក្រុមតាលីបង់កំពុងតែគ្រប់គ្រងដែនដី ៨៥%មែន ចុះហេតុអ្វីបានជាពួកមេក្រុមតាលីបង់នៅតែបន្តសំងំលាក់ខ្លួននៅបាគីស្ថាន? ហេតុអ្វីមិនព្រមចូលមកដែនដីអាហ្វហ្កានីស្ថាន។សម្រាប់ពេលនេះ យើងមិនដឹងថា ក្រុមតាលីបង់បានវាយដណ្តើមគ្រប់គ្រងបាន ៨៥% នៃផ្ទៃដីអាហ្វហ្កានីស្ថានមែនឬក៏អត់ទេ ប៉ុន្តែក្រុមតាលីបង់កំពុងសម្រុកវាយប្រហារខ្លាំង និងបានយកឈ្នះច្រើនកន្លែង ជាពិសេស នៅតាមបណ្តោយព្រំដែន រាប់ចាប់តាំងពីខាងលិចជាប់អ៊ីរ៉ង់ និងខាងជើងជាប់ចិនជាដើម។ កាលព្រឹកថ្ងៃសៅរ៍ រដ្ឋាភិបាលចិនបានចេញប្រកាសប្រាប់ឲ្យប្រជាជនចិនទាំងអស់ ត្រូវធ្វើដំណើរចាកចេញពីអាហ្វហ្កានីស្ថានជាបន្ទាន់។ ដូចគ្នាដែរ លោកស្រី Maria Zakharova  អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានអះអាងថា ២ភាគ៣ នៃបណ្តោយព្រំដែន រវាងអាហ្វហ្កានីស្ថាន និងតាដជីគីស្ថាន ត្រូវស្ថិតក្នុងដៃរបស់ក្រុមតាលីបង់ហើយ។ តែយ៉ាងណា ប្រភពខ្លះបានបញ្ជាក់ថា កងទ័ពអាហ្វហ្កានីស្ថានមិនទាន់បានទំលាក់ដៃទេ គឺនៅតែប្រឹងប្រយុទ្ធ។ ប្រភពពីអ្នកនាំពាក្យអភិបាលខេត្ត Herat បានឲ្យដឹងថា កងទ័ពអាហ្វហ្កានីស្ថានកំពុងត្រៀមបើកការវាយប្រយុទ្ធដណ្តើមយកបន្ទាយយាមព្រំដែន Islam Qala ដែលជាច្រកព្រំដែនដ៏សំខាន់ ជាមួយអ៊ីរ៉ង់ពីក្រុងតាលីបង់វិញ។ កាលពីព្រឹកថ្ងៃសៅរ៍ មេអតីតបញ្ជាការកងទ័ពអាហ្វហ្កានីស្ថានដ៏ល្បីម្នាក់ឈ្មោះ Ismail Khan ដែលធ្លាប់បានចូលរួមជាមួយកងទ័ពអាមេរិក ក្នុងការយកឈ្នះក្រុមតាលីបង់ កាលពីឆ្នាំ២០០១ បានប្រកាសថា នឹងចូលបំរើជួរកងទ័ពវិញ ដើម្បីដឹកនាំការប្រយុទ្ធយកឈ្នះក្រុមតាលីបង់ឲ្យបាន។ លោក Loyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានអំពាវនាវឲ្យសហគមអន្តរជាតិ ត្រូវតែ រួមគ្នាដាក់សំពាធ ដើម្បីភាគីអាហ្វហ្កានីស្ថានទាំង២ ព្រមចូលតុចរចាឡើងវិញ។ លោកលើកឡើងថា ប្រជាជនអាហ្វហ្កានីស្ថានមានសិទ្ធិទទួលបាននូវរដ្ឋាភិបាលមួយ ដែលធានាសុខសន្តិភាព និងការរីរកចម្រើន។ ដូចគ្នាដែរ លោក វ៉ាង យី ប្រមុខការបរទេសចិន បានថ្លែងថា ចិនជំរុញឲ្យភាគីទាំងសងខាងស្វែងរកដំណោះស្រាយដោយសន្តិវិធីឲ្យបាន ដើម្បីបញ្ចប់ជំលោះនេះ។ បើតាមការវិភាគ ក្រុមតាលីបង់មិនមែនមិនចង់ចរចាទេ តែក្រុមនេះកំពុងសម្រុកវាយដណ្តើមដែនដីឲ្យបានច្រើនសិន ដើម្បីមានទំងន់ចរចា។ អ្នកនាំពាក្យក្រុមនេះឈ្មោះ Suhail Shaheen បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានបារាំងថា ក្រុមតាលីបង់ចង់ចរចាបែងចែកអំណាចជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ បញ្ហាចោទថា តើក្រុមរដ្ឋាភិបាលអាចសុខចិត្ត ទទួលយល់ព្រមបែងចែកអំណាចឬក៏អត់។ ប្រភពពីអ្នកនយោបាយអាហ្វហ្កានីស្ថានខ្លះ បានថ្លែងព្រួយបារម្ភ ខ្លាចតែសមាជិករដ្ឋាភិបាលបែកបាក់គ្នា ប្រទូស្តរាយរកឯកភាពមិនឃើញ ដែលធ្វើឲ្យការចរចាកាន់តែលំបាក៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here