មេដឹកនាំចិន-កូរ៉េខាងជើង សន្យារួមគ្នា ប្រឆាំងនឹងការគំរាមកំហែងរករឿងពីអ្នកផ្សេង

0
38

នៅក្នុងសារដែលផ្ញើទៅលោកប្រធានាធិបតីចិន នៅក្នុងឱកាសខួប ៦០ឆ្នាំ នៃមិត្តភាពចិន-កូរ៉េខាងជើង មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសរសេរថា «ថ្វីបើនាប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពអន្តរជាតិមានភាពស្មុគស្មាញយ៉ាងណាក្តី ក៏ប៉ុន្តែមិត្តភាពរវាងសារធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសាធារណរដ្ឋប្រជាមានិតចិន គឺនៅតែរឹងមាំពោរពេញដោយទំនុកចិត្ត»។ ទីភ្នាក់ព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បានចុះផ្សាយបន្ថែមថា មេដឹកនាំកូរ៉េខាងជើងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពរវាងចិន និងកូរ៉េខាងជើង ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី ខណៈដែលពួកកម្លាំងរារាំងខំប្រឹងយ៉ាងត្រដាបត្រដួស គំរាមកំហែងរករឿងមិត្តទាំង២។ នៅក្នុងសារឆ្លើយតបទៅវិញ លោក ស៊ី ជីនពីង បានប្តេជ្ញាថា នឹងប្រឹងប្រែងដោយមិនបង្អង់ដៃ ដើម្បីពង្រឹងលើកកំពស់មិត្តភាពចិន-កូរ៉េខាងជើង ធ្វើយ៉ាងណាឲ្យប្រជាជនទាំងសងខាងបានទទួលផលប្រយោជន៍។ នេះបើផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា។ ចិន និងកូរ៉េខាងជើងបានចុះសន្ធិសញ្ញាមិត្តភាព កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១ ដើម្បីជួយគ្នាទៅវិញទៅមក ទប់ទល់ជាមួយកម្លាំងរករឿងរបស់របបចក្រព័ត្រអាមេរិក។ យ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងសមមិត្តទាំង២ បានប្រែជាមានភាពស្មុគស្មាញនៅពេលកូរ៉េខាងជើងបានងាកទៅផលិតអាវុធនុយក្លេអ៊ែរ។ ជាងនេះទៀត ភ្លាមៗក្រោយការចូលកាន់តំណែង របស់លោក គីម ជុងអ៊ុន នៅឆ្នាំ២០១១ គឺកូរ៉េខាងជើងហាក់ស្ថិតនៅឆ្ងាយពីចិន។ ពោល គឺរហូតទាល់តែឆ្នាំ២០១៨ ទើបលោក គីម ជុងអ៊ុន បានទៅធ្វើទស្សនកិច្ចនៅប៉េកាំង។ យោងតាមអ្នកវិភាគ ការផ្ញើលិខិត ទៅវិញទៅមក ក្នុងន័យស្រលាញ់ចាប់ដៃគ្នានេះ គឺជាការផ្ញើរសារបង្ហាញទៅសហរដ្ឋអាមេរិកឲ្យឃើញថាប្រទេសសត្រូវអាមេរិកទាំង២នេះ មានទំនាក់ទំនងស្អិតរមួត។ លោក Park Won-gon សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Ewha បានលើកឡើងថា មិត្តភាពរវាងប្រទេសទាំង២នេះ គឺប្រៀបបីដូចជា អាពាហ៍ពិពាហ៍ដែលគេផ្សំផ្គុំ ដើម្បីប្រយោជន៍ និងបញ្ចៀសសង្គ្រាមតែប៉ុណ្ណោះ ពោល គឺមិនមែនកើតចេញពីសេចក្តីស្នេហាពិតនោះទេ។ លោកអះអាងថា កូរ៉េខាងជើង និងចិន មានរឿងមិនត្រូវគ្នាច្រើនណាស់ ហើយក៏មិនទុកចិត្តគ្នាដែរ។ តែរបបទាំង២នេះ ត្រូវការគ្នាទៅវិញទៅមក ដើម្បីទប់ទល់ជាមួយអាមេរិក៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here