កំពតៈ មេបញ្ជាការរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពតមួយរូប មានឋានន្តរស័ក្ត វរសេនីយ៍ទោ បានគេចវេស មិនព្រមទទួល ការព្យាបាល ក្រោយពីក្រុមគ្រូពេទ្យ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ ១៩។
តាមការប្រាប់ឱ្យដឹង ពីក្រុមគ្រូពេទ្យ ដែលជាអ្នកធ្វើតេស្តករណីនេះ បានរៀបរាប់ថាៈ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ វរសេនីយ៍ទោ ជាមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពត មួយរូប បានជិះរថយន្តលុចស៊ីស ៥៧០ ដ៏ថ្មីសន្លាង ចូលក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩។ បន្ទាប់ពីពិនិត្យឃើញ វិជ្ជមាន មន្ត្រីអាវុធហត្ថរូបនោះ បាននិយាយថាៈ អាចឧបករណ៍តេស្ត មិនត្រឹមត្រូវ ក៏សុំឱ្យពិនិត្យវិភាគម្តងទៀត។
ប្រភពដដែល បានបញ្ជាក់ថាៈ ការធ្វើតេស្ត លើកទីពីរ គឺលទ្ធផលវិជ្ជមានដដែល ទើបក្រុមគ្រូពេទ្យ ណែនាំឱ្យរង់ចាំ ដើម្បីរថយន្តសង្គ្រោះរបស់ មន្ទីរពេទ្យបង្អែក នាំយកទៅទទួលការព្យាបាល នៅមណ្ឌលវិទ្យាយល័យ ព្រះរាជសម្ភារ។
ខណៈនោះ លោកវរសេនីយ៍ទោ បានឆ្លើយតបថាៈ បើទៅជាមួយរថយន្តពេទ្យ តើរថយន្តរបស់លោក គិតយ៉ាងណា?។ លោកមិនជិះរថយន្តពេទ្យទេ។
ក្រុមគ្រូពេទ្យ បានបន្តថា មួយសន្ទុះក្រោយមក លោកមេបញ្ជាការរង រូបនោះ បានឡើងជិះរថយន្ត បើកចេញពីមន្ទីរពេទ្យតែម្តង។ ក្នុងស្ថានភាពបែបនេះ ក្រុមគ្រូពេទ្យ ក៏រាយការណ៍ជូន ប្រធានមន្ទីរពេទ្យបង្អែក ដើម្បីជ្រាបបំណងឱ្យអ្នក ពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ច ជួយអន្តរាគមន៍។
លើសពីនោះ តាមការប្រាប់ឱ្យដឹង ពីអ្នកជិតខាងថាៈ ផ្ទះរបស់បុគ្គលវិជ្ជមាន ដែលមានទីតាំង ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពតនេះ ក៏មិនបានចងខ្សែជាសម្គាល់ ដែរ ខណៈដែលផ្ទះនោះ ត្រឹមតែបិទទ្វារ ផ្អាកលក់សម្លៀកបំពាក់ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងហេតុការណ៍ ខាងលើ រស្មីកម្ពុជា មិនអាចសុំការបញ្ជាក់ពីលោក ញា ប៉ុនថន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពត បានឡើយ ខណៈដែលទូរសព្ទចូល នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកបានចុចបិទមិនទទួល។
កន្លងមក លោក ញា ប៊ុនថន បានបញ្ចេញសារមួយ បញ្ជាក់ដល់ក្រុមរបស់លោកថា ក្រុមយើងជួយប្រាប់គ្នា កុំបញ្ចេញរបាយការណ៍ ឬសារសំឡេងស្តីពីចំនួនអ្នកវិជ្ជមាន កូវីដ ១៩ ចេញទៅក្រៅ ឬទៅសារព័ត៌មាន មុនការចេញផ្សាយរបស់ក្រសួង សុខាភិបាល៕
ប្រភព : រស្មីកម្ពុជា