ភ្នំពេញៈ នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជម្រាបជូន អភិបាលនៃ គណៈអភិបាល រាជធានី-ខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ស្ដីពីការអប់រំណែនាំបន្ថែម អំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុស កូវីដ-១៩។
យោងសេចក្តីសម្រេចលេខ ០៧៨ សនក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១របស់ ក្រសួងសុខាភិបាល ស្ដីពីការដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំ ស្តីពីវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុក វីរុសកូវីដ-១៩ ក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តនូវ គោលការណ៍ណែនាំ ស្តីពីវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែង សាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ក្នុងគោលបំណង រក្សាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាព សាធារណៈ។
បន្ថែមទៅលើ គោលការណ៍ណែនាំនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជម្រាបជូន អភិបាលនៃ គណៈអភិបាល រាជធានី-ខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់ អប់រំណែនាំឲ្យ អនុវត្តតាមខ្លឹមសារ ដូចខាងក្រោម៖
១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ តាមរយៈតំណក់ទឹកតូចៗ ដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈ ការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗ ដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាត ឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសព ត្រូវបានរៀបចំ ដោយរុំក្រណាត់រួចដាក់ ក្នុងថង់ប្លាស្ទិកបិទជិត យ៉ាងត្រឹមត្រូវ ដោយបុគ្គលិក ក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះ ត្រូវបានដាក់បង្កក រក្សាទុក មុនពេលដាក់ ទៅក្នុងមឈូស មុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាស នៃការចម្លង វីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមាន ការរុះរើ ឬបើកថង់រុំ សាកសពនោះ។
២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្ត តាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាង បានពីការ ចម្លងវីរុស កូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសព ដាក់ចូលក្នុងមឈូស និងលើក មឈូស ដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួន ដែលប្រើរួច ឱ្យបានត្រឹមត្រូវ ហើយលាងសម្អាត ដៃជាមួយ អាល់កុល ឬជែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។
៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូស យកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារៈ ការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ ការពារ ឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យ លើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាត រវាងអ្នកចូលរួម ចំងាយ ១,៥ ម៉ែត្រ ពីគ្នា និងចំងាយ ៣ ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែ ក្បួនឡើយ។
លោក ម៉ម ប៊ុនហេង បានរំលឹកឱ្យអភិបាលរាជធានី ខេត្ត ធ្វើការអប់រំណែនាំបន្ថែម អំពីសុវត្ថិភាព និងលើកទឹកចិត្តដល់មន្ត្រី បុគ្គលិក និងអ្នកដែលធ្វើការពាក់ព័ន្ធ នឹងសាកសព និងកិច្ចការបូជា ឬបញ្ចុះសព កុំឱ្យមានការភ័យខ្លាច ឬមន្ទិលសង្ស័យ និងសូមចូលរួមអនុវត្តកិច្ចការនេះ ប្រកបដោយការទទួលខុសត្រូវ សេចក្ដីថ្លៃថ្នូរ ទៅតាមទំនៀមទម្លាប់ ប្រពៃណី សាសនា ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុស កូវីដ១៩ និងកាត់បន្ថយហានិភ័យ សុខភាពសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់៕/V-PC
ប្រភព : រស្មីកម្ពុជា