សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ហាញអត្តសញ្ញាណជនដៃដល់ ក្នុងករណីអំពើឃាតកម្មសម្លាប់បុរសម្នាក់ជាប្រធានក្រុមតន្ត្រី ក្រោយបាត់ខ្លួនជាង១០ថ្ងៃ

0
416

(កំពង់ឆ្នាំង)៖ ជនដៃដល់ជាឃាតកម្នាក់ត្រូវសមត្ថកិច្ចបង្ហាញខ្លួននៅវេលាម៉ោង ១០៖៤៥នាទីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រោយចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់បុរសម្នាក់ជាប្រធានក្រុមតន្រ្តី។ ជនរងគ្រោះ បានបាត់ខ្លួនអស់រយៈពេល១០ថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បានឲ្យដឹងថា ជនរងគ្រោះ ចាន់ គៀន អាយុ៥០ឆ្នាំ រស់នៅភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានមុខរបរជាប្រធានក្រុមតន្ត្រីសម័យ បានបាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ គឺជារឿងឃាតកម្ម។

ចំណែកជនដៃដល់ក្នុងរឿងនេះមានឈ្មោះ ឈុន ឌីនឿន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមរ ខេត្តព្រៃវែង មានមុខរបរជាអ្នករត់តុនៅហាងខារ៉ាអូខេមួយកន្លែង ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនដៃដល់ជាឃាតកនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនដៃដល់, នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ និងបុរសរងគ្រោះ បានរួមដំណេកជាមួយគ្នា (ភេទដូចគ្នា) នៅក្នុងផ្ទះ សំណាក់មួយកន្លែងដែលមានវាំងននបាំង ពីមុខបន្ទប់មើលមិនឃើញរថយន្តឡើយ នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ហើយបុរសជាជនរងគ្រោះ បានគាំងបេះដូងស្លាប់ពេលរួមដំណេកជាមួយគ្នា នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

បន្ទាប់មកជនសង្ស័យ បានលើកសពបុរសរងគ្រោះដាក់លើរថយន្តម៉ាក Toyota តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-2626 បើកសំដៅទៅទីក្រុងភ្នំពេញ។ ប៉ុន្តែទៅដល់ផ្សារឧដុង្គ ក៏បានទិញការ៉ុង៥និងខ្សែ រួចក៏បានបើ ករថយន្តទៅជិតភ្នំឧដុង្គ ហើយឈប់កន្លែងស្ងាត់យកសពច្រកការុងរួចលើកដាក់លើរថយន្តទៅផ្ទះសំណាក់មួយកន្លែងនៅភ្នំពេញ។

លុះដល់ម៉ោង២០យប់ថ្ងៃទី២៨ ថ្ងៃដដែល ក៏បានបើករថយន្តដឹកសពយកទៅទម្លាក់ចោលក្នុងព្រែកសំរោង ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល រួចបើករថយន្តមកសម្រាកនៅផ្ទះសំណាក់ឯភ្នំពេញវិញ។ លុះព្រឹកឡើងថ្ងៃទី២៩ បានដោះយកស្លាកលេខរថយន្តច្រកការ៉ុង ជិះផាសស្អាប់យកទៅបោះចោលនៅក្នុងទឹកទន្លេ។ រួចយករថយន្តទៅលក់ឲ្យគេក្នុងតម្លៃ៥៧០០ដុល្លារ ដោយប្រាប់គេថា ជាឡានអត់ពន្ធយកមកពីប្រទេសវៀតណាម។ បន្ទាប់ពីបានលក់ឡានរួចហើយ គេបានលាក់ខ្លួនតាមផ្ទះសំណាក់ក្នុងទីក្រុងភ្នំពេញ។

ដោយឡែកបុរសពីរនាក់ ជាអ្នកទិញរថយន្តក្រោយពីទិញរថយន្តបានមក ក៏ទៅសុំធ្វើផ្លាកលេខនៅរាជធានីភ្នំពេញ ហើយពេលគេឆែកលេខតួលេខម៉ាស៊ីនទៅ គេប្រាប់ថា រថយន្តនេះមានផ្លាកលេខមិនមែនអត់នោះទេ។ ស្របពេ លនោះដែរក៏បានឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានគេបង្ហោះបាត់ឪពុកបាត់រថយន្តទើបបុរសអ្នកទិញរថយន្តនោះ បានមកសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង និងបានរាយការណ៍ អំពីអត្តសញ្ញាណនៃអ្នកលក់រថយន្តនេះ ទើបសមត្ថកិច្ចមានតម្រុយតាមដានជនដៃដល់រហូតឈានដល់ការចាប់ខ្លួនបានតែម្តង។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងចោទប្រកាន់ពីបទឃាតកម្មលាក់បាំងវត្ថុតាង (សាកសព) តាមមាត្រា១៩៩ និងមាត្រា៥៣៥ នៃក្រមព្រហ្មទណ្ឌដើម្បីបញ្ជូ នខ្លួនជនដៃដល់ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here