ក្រុមមន្ត្រីហៃទីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨កក្កដាថា បុរសពីរនាក់ដែលគេជឿថាជាជនជាតិអាម៉េរិកាំងដើមកំណើតហៃទីដែលម្នាក់ក្នុងចំណោមពួកគេជាអតីតអង្គរក្សនៅឯស្ថានទូតកាណាដាក្នុងទីក្រុងព័រអូប្រាំង ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីហៃទី។
បុរសឈ្មោះ ជែមស៍ សូឡាហ្គេស និង យ៉ូសេប វីនសិន ស្ថិតក្នុងចំណោមជនសង្ស័យ ១៧ នាក់ដែលត្រូវបានឃុំឃាំងក្នុងការសម្លាប់លោកប្រធានាធិបតី ហ្សុវេនែល ម៉យសេដោយពួកខ្មាន់កាំភ្លើងនៅផ្ទះរបស់គាត់នៅមុនពេលថ្ងៃរះកាលពីព្រឹកថ្ងៃពុធទី៧កក្កដា។ ១៥ នាក់ក្នុងចំណោមពួកគេគឺមកពីប្រទេសកូឡុំប៊ី នេះបើយោងតាមលោក ឡូណុន ឆាល អគ្គស្នងការនគរបាលជាតិហៃទី។ លោកបានបន្ថែមថា ជនសង្ស័យ ៣ នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយប៉ូលិស ហើយ ៨ នាក់ទៀតកំពុងរត់គេចខ្លួន។
មុននេះលោកឆាលបាននិយាយថា មនុស្ស ៧ នាក់ត្រូវបានសម្លាប់។
លោកនិយាយថា “យើងនឹងនាំពួកគេទៅកាត់ទោស” ខណៈជនសង្ស័យទាំង ១៧ នាក់កំពុងអង្គុយជាប់ខ្នោះដៃលើឥដ្ឋក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃព្រហស្បតិ៍។
យោងតាមឯកសារដែលចែកចាយដោយលោក ម៉ាធៀស ពែររ៉េ រដ្ឋមន្ត្រីរៀបចំការបោះឆ្នោតរបស់ហៃទីបានឱ្យដឹងថា ជនសង្ស័យដែលមានអាយុច្រើនជាងគេគឺ ៥៥ ឆ្នាំនិងក្មេងជាងគេគឺឈ្មោះសូឡាហ្គេស អាយុ ៣៥ ឆ្នាំ។
លោកមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីសាវតារបស់សូឡាហ្គេសទេហើយក៏មិនប្រាប់ឈ្មោះជនជាតិអាម៉េរិកដើមកំណើតហៃទីទី២នោះដែរ។ ក្រសួងការបរទេសអាម៉េរិកបាននិយាយថាខ្លួនបានដឹងអំពីរបាយការណ៍ដែលថាជនជាតិអាម៉េរិកាំងដើមកំណើតហៃទីកំពុងជាប់ឃុំឃាំងដែរ ប៉ុន្តែមិនអាចបញ្ជាក់ឬបំភ្លឺបានទេ៕
ប្រភព: រស្មីកម្ពុជា