មាន់​ស្រែ​អាំង ប្រហុក អង្ក្រង បន្លែ​ព្រៃ គឺជា​អាហារ ដ៏​មានឱជារស តាម​រមណីយដ្ឋាន​នានា នៅ​កម្ពុជា​

0
94

សៀមរាប​៖ បច្ចុប្ប្ននេះ មុខម្ហូប​អាហារ​ស្រាប់ ដែល​លក់​តាម​រមណីយ​ដ្ឋា​ន កំពុង​បាន​ទាក់ទាញ ឱ្យ​ភ្ញៀវទេសចរ ជាប់ចិត្ត​ខ្លាំង​នោះ គឺមាន់​អាំង​ស្រែ ប្រហុក អង្ក្រង និង​បន្លែ​ព្រៃ​តែម្តង​។​

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន បាន​លើក​មក​បញ្ជាក់ ពី​អាហារ​ដ៏​ពេញនិយម​នេះ​ថាៈ “​យើង​មិនគួរ​មើលរំលង ការចិញ្ចឹម​មាន់​ស្រែ នៅពេលដែល​ស្ទើរតែ​រាល់ថ្ងៃ អាហារ​សំខាន់​មួយ​របស់​យើង គឺ​សាច់មាន់ ជាពិសេស​នៅពេល​ធ្វើដំណើរ​កម្សាន្ត​។ មាន់​អាំង​ជាទូទៅ មាន​លក់​នៅតាម​បណ្តោយ​ផ្លូវ​ចូល ទៅកាន់​រមណីយដ្ឋាន​នានា​”​។​

​ក្រសួង បាន​បន្ត​ឱ្យដឹងថាៈ មាន់​ស្រែ​អាំង ភ្លាមៗ ក្តៅៗ ជាមួយ​ប្រហុក​ចិញ្ច្រាំ លាយ​អង្ក្រង និង​បន្លែ​ព្រៃ ស្រស់ៗ ពិតជា​ទាក់ទាញ​អារម្មណ៍​យើង ឱ្យ​ទៅលេង​កម្សាន្ត ទីនោះ ម្តង​ហើយ​ម្តងទៀត​។ រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែលមាន​មាន់​ស្រែ​អាំង ឈ្ងុយឆ្ងាញ់ មាន​ច្រើន​ដូចជា ទឹកធ្លាក់​ជ្រាវ ក្នុង​ខេត្តកំពង់ស្ពឺ ទឹកធ្លាក់​ថ្ម​ក្រាល ទឹកធ្លាក់​ស្រែអំពិល ក្នុង​ខេត្តកំពង់ឆ្នាំង ទឹកធ្លាក់​ច្រក​ល្អៀង ក្នុង​ខេត្តពោធិ៍សាត់ រមណីយដ្ឋាន​ឧទ្យាន​ជាតិ ភ្នំ​គូលែន ។​ល​។​

​មាន់​ស្រែ ដែល​ត្រូវបាន​ចម្អិន ជា​អាហារ សម្រាប់​ភ្ញៀវទេសចរ ជា​ផលិតផល​របស់ សហគមន៍​ចិញ្ចឹម ជា​លក្ខណៈ​គ្រួសារ ដែលមាន​មេមាន់ ៣-៥ ក្បាល​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​ចំណូល ប្រមាណ ១,៥២ លាន​រៀល ក្នុង​មួយឆ្នាំ តែ​ផលិតកម្ម​បែបនេះ មិនអាច​បំពេញតម្រូវកា​រ​ទីផ្សារ បាន​នៅឡើយ​ទេ​។ បច្ចុប្បន្ន មាន​សមាជិក​សហគម​ន៍ មួយចំនួន បានចាប់ផ្តើម​បង្កើន ចំនួន​មេមាន់ ក្នុងការ​ចិញ្ចឹម ដោយ​បន្ថែម​ចំណី ការថែទាំ និង​អនុវត្ត​វិធាន ជីវ​សុវត្ថិភាព​។​

​លោក សុខ ជូ ជា​សមាជិក​គណៈកម្មាកា​រ សហគមន៍​ការពារ​ធម្មជាតិ ព្រៃភ្នំ​ពពេល ឃុំ​ខ្នង​ផ្សារ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចិញ្ចឹម​មេមាន់ ២៥ ក្បាល ទទួលបាន​ចំណូល​ប្រមាណ ១២-១៥ លាន​រៀល ក្នុង​មួយឆ្នាំ ដោយបាន​អនុវត្ត​វិធាន ជីវ​សុវត្ថិភាព និង​ដាំ​ចក​ជើង​តុកកែ ជា​ចំណី​បន្ថែម​ដល់​មាន់​។ ជាទូទៅ ឈ្មួញ មក​ទិញ​មាន់​ដល់ផ្ទះ​គាត់ សម្រាប់​ផ្គត់ផ្គង់ ដល់​ភោជនីយដ្ឋាន​និង​កន្លែង​មាន់​អាំង នៅ​តំបន់​ទេសចរណ៍ នៅលើ​ឧទ្យាន​ជាតិ ភ្នំ​គូលែន​។​

​លោក ជូ បាន​បន្ថែមថាៈ នៅក្នុង​កំឡុង​បុណ្យទាន ជាពិសេស​ចូលឆ្នាំ​ចិន យើង​មិនមាន​មាន់ សម្រាប់​លក់​ឱ្យ​ឈ្មួញ តាម​តម្រូវការ​នោះឡើយ ហើយ​តម្លៃ​មាន់ នៅពេលនោះ អាច​ឡើង​ខ្ពស់​ខ្លាំង​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here