នៅថ្ងៃទី០៨ ខែកក្កដា ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧២នាក់, ជាសះស្បើយ ២០នាក់ និងស្លា ប់ ២នាក់

0
85

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧២នាក់ទៀត ខណៈជាសះស្បើយ ២០នាក់ និងស្លាប់ ២នាក់បន្ថែមទៀត នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៦ ដល់ទី៣០ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៣១ ដល់ទី៣២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។

ករណីទី៣៣ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២, ករណីទី៣៤ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី៣៦ ដល់ទី៤០ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់។

ករណីទី៤១ ដល់ទី៤៣ ជាអ្នកធ្វើដំណើរមកពីច្រកព្រំដែនឡែម ខេត្តបាត់ដំបង និងករណីទី៤៤ ជាករណីឆ្លងបន្តពីអ្នកដំណីរមកពីខេត្តកំពង់ស្ពឺ។ ករណីទី៤៥ ដល់ទី៦៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៦៦ ដល់ទី៧២ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

អ្នកជំងឺ២០នាក់ ដែលជាសះស្បើយ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

នៅថ្ងៃម្សិលមិញនេះ មានករណីអ្នកជំងឺ២នាក់ទៀត បានស្លាប់បាត់បង់ជីវិតផងដែរ។ អ្នកជំងឺទាំងពីរនាក់នោះ មាននាមដូចខាងក្រោម៖

១៖ ឈ្មោះ អ៉ិន សឿន ភេទប្រុស អាយុ៧៧ឆ្នាំ អាសយដ្ឋានភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី និងបានស្លាប់នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៨៖០០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២៖ ឈ្មោះ លាស់ ហេង ភេទស្រី អាយុ៦២ឆ្នាំ អាសយដ្ឋានភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤៖២០នាទី និងបានស្លាប់នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២,០៤៤នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៧០៧នាក់ ស្លាប់ ២១នាក់ និង១,៣១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here