បទវិភាគអន្តរជាតិ៖ តើវិបត្តិកូវីដ-១៩ នៅឥណ្ឌា នឹងបង្កមហន្តរាយដល់ពិភពលោកទាំងមូលឬ?

0
72

(ញូដេលី)៖ មិនទាន់មានប្រទេសណាមួយដែលបានភ្លក្សរសជាតិនៃរលកឆ្លងដ៏សាហាវនៃ COVID-19 ដូចជាប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះទេ ដោយ ប្រទេសអាស៊ីខាងត្បូងមួយនេះបានរាយការណ៍ពីចំនួនអ្នកឆ្លងប្រចាំថ្ងៃលើស ៣សែននាក់ ៨ថ្ងៃជាប់ៗគ្នា រីឯអ្នកស្លា ប់ក៏ស្ថិតនៅក្នុងអត្រាដ៏ខ្ពស់ផងដែរ។

ថ្ងៃព្រហស្បតិ៍នេះគឺជាថ្ងៃទី៨ ហើយដែលឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លងជំងឺ COVID-19 ក្នុងមួយថ្ងៃ ៣៧៩,២៥៧នាក់ ខណៈអ្នកជំងឺរហូតដល់ ៣,៦៤៥នាក់បានស្លា ប់។ បូកបញ្ចូលតួលេខទាំងនេះធ្វើឱ្យអ្នកឆ្លងសរុបកើនដល់លើស ១៨លាននាក់ ក្នុងនោះអ្នកស្លា ប់ហក់ឡើងដល់ ២០៤,៨៣២នាក់ និងជាង ១៥លាននាក់ជាសះស្បើយឡើងវិញ។

បើតាមក្រុមអ្នកជំនាញជាច្រើន មានកត្តាគួបផ្សំនៅពីក្រោយមូលហេតុនៃការផ្ទុះឡើងនូវរលកទី២ នៅក្នុងប្រទេសឥណ្ឌា ក្នុងនោះរួមមានវីរុសបំប្លែងខ្លួនថ្មី B.1.617 (ត្រូវបានរកឃើញមុនគេនៅឥណ្ឌា), ការធ្វេសប្រហែស និងចំណាត់ការទន់ខ្សោយរបស់រដ្ឋាភិបាលឥណ្ឌា, ការប្រមូលផ្ដុំនៅតាមទីសារធារណៈជាដើម។ លោក អាស៊ីស ស្ចា (Ashish Jha) ជាព្រឹទ្ធបុរសមហាវិទ្យាល័យសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យ Brown (Brown University) បាននិយាយថាវិបត្តិ COVID-19 ក្នុងប្រទេសឥណ្ឌាគឺជាបញ្ហាសម្រាប់ពិភពលោកទាំងមូល។ «បើសិនជាយើងមិនជួយឥណ្ឌាទេ, ខ្ញុំបារម្ភថាវាអាចនឹងផ្ទុះនូវករណីឆ្លងជុំវិញពិភពលោក ដែលនេះហើយជាហេតុផលដែលវិបត្តិ COVID-19 របស់ឥណ្ឌាជាបញ្ហាសម្រាប់ពិភពលោកទាំងមូល និងចាំបាច់ត្រូវមានការចូលរួមដោះស្រាយ»។ នេះជា ការគូសបញ្ជាក់របស់លោក Ashish Jha ស្របពេលវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ត្រូវបានគេរកឃើញយ៉ាងហោចនៅក្នុងប្រទេសចំនួន១៧។

*ប្រព័ន្ធសុខាភិបាលស្ទើរដួលរលំ

ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 បាន និងកំពុងធ្វើឱ្យប្រព័ន្ធសុខាភិបាលឥណ្ឌាប្រឈមមុខនឹងការដួលរលំ ខណៈមន្ទីរពេទ្យនានាពេញដោយ អ្នកជំងឺ តែខ្វះគ្រែ និងបរិក្ខាពេទ្យជាច្រើនទៀត ជាពិសេសអុកស៊ីសែនដែលមានសារៈសំខាន់បំផុតសម្រាប់ជួយសង្រ្គោះអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ។ បើតាមតួលេខ ចេញផ្សាយដោយអាជ្ញាធរឥណ្ឌា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃមានជាមធ្យមលើស ២,៥០០នាក់ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខអ្នកស្លាប់ បានហក់ឡើងដល់លើស ៣,០០០នាក់។ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍នេះ អ្នកជំងឺដល់ទៅ ៣,៦៤៥នាក់ឯណោះត្រូវបានគេរាយការណ៍ថាបានស្លាប់ នំាឱ្យអ្នកស្លាប់ទូទំាងប្រទេសកើនឡើងដល់ ២០៤,៨៣២នាក់។ ប៉ុន្តែក្រុមអ្នកជំនាញជឿជាក់ថាតួលេខអ្នកស្លាប់សរុបអាចមានច្រើនជាងនេះ។

បើតាមក្រុមអ្នកជំនាញភាគច្រើន នៅប៉ុន្មានខែមុនផ្ទុះរលកទី២ ពោលគឺនៅពេល COVID-19 នៅក្នុងប្រទេសឥណ្ឌាស្ថិតនៅក្រោមការគ្រប់គ្រងដោយករណីឆ្លង កម្រិតទាបត្រូវបានរាយការណ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌីបានបាត់បង់ឱកាសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ហើយបរាជ័យក្នុងការ សម្របសម្រួលដាក់ចេញពីវិធានការថ្នាក់ជាតិទប់ស្កាត់ COVID-19 ជាពិសេសនៅតែបន្តអនុញ្ញាតឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅតាមទីសាធារណៈដែល ទាំងនេះជាការចូលរួមចំណែកបង្កឱ្យមានមហន្តរាយដូចបច្ចុប្បន្ន។

*បង្កការរាំងស្ទះដល់ការផ្គត់ផ្គង់វ៉ាក់សាំងសកល

រលកទី២ COVID-19 ក្នុងប្រទេសឥណ្ឌាមិនមែនត្រឹមតែជាវិបត្តិសម្រាប់ឥណ្ឌាប៉ុណ្ណោះទេ តែវាក៏ជាវិបត្តិសម្រាប់មនុស្សគ្រប់គ្នា និងសកលលោកទាំងមូលផងដែរ។ ឥណ្ឌាស្ថិតនៅក្នុងចំណោមប្រទេសផលិត និងផ្គត់ផ្គង់វ៉ាក់សាំងធំជាងគេបំផុតមួយនៅលើពិភពលោក។ ដោយសារតែតម្រូវការវ៉ាក់សាំងនៅក្នុងស្រុក រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តបញ្ឈប់ការនាំចេញវ៉ាក់សាំងទៅក្រៅប្រទេស ហើយវិទ្យាស្ថានឥណ្ឌា Serum Institute ដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោកបាននិយាយថាខ្លួនមិនមានលទ្ធភាពនាំចេញ ឬប្រគល់វ៉ាក់សាំង AstraZeneca រាប់លានដូសតាមការសន្យាដល់យន្ដការ COVAX នោះទេ។

យន្ដការ COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធវ៉ាក់សាំង Gavi មានគោលដៅចែកចាយវ៉ាក់សាំងទៅកាន់បណ្ដាប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម។ ប្រទេសទាំងនេះជាច្រើនត្រូវបានគេមើលឃើញថាពឹងផ្អែកលើវិទ្យាស្ថាន Serum Institute ដើម្បីទទួលបានវ៉ាក់សាំងរបស់ពួកគេតាមរយៈ យន្ដការ COVAX។

*ការឆ្លើយតបពីអន្តរជាតិ

មានផ្នែកជាច្រើននៃប្រទេសឥណ្ឌា ក្នុងនោះរួមមានទាំងរដ្ឋធានីញូដេលី និងទីក្រុង បេនហ្កាលូរូ (Bengaluru) បាន និងកំពុងបន្តអនុវត្តវិធានការបិទខ្ទប់ដើម្បី ព្យាយាមទប់ស្កាត់ COVID-19។ ចំណែកឯ ទីក្រុងជាច្រើនទៀតបានបើកដំណើរការឡើងវិញនូវមន្ទីរពេទ្យបណ្ដោះអាសន្នដែលធ្លាប់បានប្រើប្រាស់សម្រាប់ ព្យាបាលអ្នកជំងឺកាលពី COVID-19 ផ្ទុះឡើងដំបូង។ រដ្ឋាភិបាលទីក្រុងញូដេលីបានចាប់ផ្ដើមផ្គត់ផ្គង់អុកសែនមួយចំនួន ហើយដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ឱ្យចូលរួមក្នុងយុទ្ធនាការប្រឆាំង COVID-19 ថ្នាក់ជាតិ។

បណ្ដាប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក, អូស្ត្រាលី, រុស្ស៊ី, ចិន, ប៉ាគីស្ថាន, អាល្លឺម៉ង់, ចក្រភពអង់គ្លេស និងកោះតៃវ៉ាន់ជាដើមសុទ្ធតែស្ថិតនៅក្នុងចំណោម ប្រទេសដែលបានសន្យាផ្ដល់ជំនួយ ខណៈបរិក្ខាពេទ្យមួយចំនួនក៏ត្រូវបានបញ្ជូនទៅដល់ឥណ្ឌាហើយដែរ៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here