យោធាមីយ៉ាន់ម៉ាប្រើយុទ្ធសាស្ត្រ «៤កាត់ផ្តាច់» បង្ក្រាបអ្នកប្រឆាំងរដ្ឋប្រហារ ដូចបង្ក្រាបចលនាបះបោរជនភាគតិចរាប់សិបឆ្នាំមុន

0
100

ប្រមាណ ៥ ខែក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល យោធាមីយ៉ាន់ម៉ាត្រូវបានអ្នកតាមដានជាច្រើន សង្កេតឃើញថា នៅមិនទាន់មានការបន្ធូរបន្ថយកម្លាំងដៃលើការបង្ក្រាបអ្នកប្រឆាំងនឹងការ ដឹកនាំរបស់ខ្លួននោះទេ។ អំពើហិង្សានានា ក្រោមរូបភាពប៉ះទង្គិចគ្នា រវាងក្រុមប្រដាប់អាវុធស៊ីវិលជនជាតិ ភាគតិច និងយោធាមីយ៉ាន់ម៉ាកំពុងកាន់អំណាចនៅតែកើតឡើង ខណៈដំណោះស្រាយផ្នែកនយោបាយ ផ្ទៃក្នុងណាមួយ ហាក់មិនមានការទៅមុខ។ ក្នុងកាលៈទេសៈបែបនេះ យោធាមីយ៉ាន់ម៉ាបានបង្កើនកម្ដៅ ក្នុងការបង្ក្រាបអ្នកប្រឆាំងការដឹកនាំរបស់ពួកគេ។ អ្នកសង្កេតការណ៍នានា បានយល់ឃើញថា យោធាមីយ៉ាន់ម៉ាកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រ «៤កាត់ផ្ដាច់» ដែលជាយុទ្ធសាស្ត្ររបស់យោធាមីយ៉ាន់ម៉ាធ្លាប់យក ទៅអនុវត្ត អំឡុងប្រតិបត្តិការបោសសម្អាតចលនាបះបោរជនជាតិភាគតិច និងចលនាគណបក្សកុម្មុយនីស្តភូមា តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មក។ យុទ្ធសាស្ត្រ «៤កាត់ផ្ដាច់» នេះ រួមមាន ស្បៀងអាហារ ហិរញ្ញវត្ថុ ព័ត៌មានចារកម្ម និងការកែនទាហានថ្មី។ យុទ្ធសាស្ត្រធ្វើឡើង ក្នុងគោលបំណងបង្អត់ការទំនុកបម្រុងដល់ ចលនាបះបោរប្រដាប់អាវុធ ហើយធ្វើឱ្យប្រជាជនស៊ីវិលប្រឆាំងនឹងចលនាទាំងនោះវិញ។

 

យុទ្ធសាស្ត្រនេះ ត្រូវបានប្រើប្រាស់នៅក្នុងសតវត្សរ៍ទី២១ អំឡុងពេលបង្ក្រាបចលនាប្រដាប់អាវុធជនជាតិភាគតិចនានា កាលពីឆ្នាំ២០១១ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ «ប្រតិបត្តិការបោសសម្អាត» ឬ ការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា ដោយយោធា កាលពីឆ្នាំ២០១៧ ដែលធ្វើឱ្យមនុស្សជាច្រើនស្លាប់ និងប្រមាណ ៧០ ម៉ឺននាក់ផ្សេងទៀត ភៀសខ្លួនចេញពីលំនៅរបស់ខ្លួន ទៅកាន់ជំរំភៀសខ្លួន នៅប្រទេសជិតខាង ដូចជា បង់ក្លាដែស។ពាក់ព័ន្ធនឹងការប្រើប្រាស់យុទ្ធសាស្ត្រ «៤កាត់ផ្ដាច់» របស់យោធាមីយ៉ាន់ម៉ា លោក Kim Jolliffe អ្នក ស្រាវជ្រាវឯករាជ្យលើផ្នែកសន្តិសុខ និងជម្លោះនៅមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មាន Al Jazeera ថា៖ «យោធាមិនចាត់ទុកជនស៊ីវិល ជាជនរងគ្រោះនៅក្នុងសង្គ្រាមទេ តែផ្ទុយទៅវិញ ជនស៊ីវិល ជាធនធានមួយ ប្រភេទសម្រាប់ធ្វើសង្គ្រាម។ ជនស៊ីវិល ជាគោលដៅដោយផ្ទាល់ នៃអំពើហិង្សាយ៉ាងរង្គាល ហើយជីវភាព របស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ ដែលធ្វើឱ្យពួកក្រុមប្រដាប់អាវុធមិនអាចស្វែងរកការគាំទ្របាន»។

អង្គការ Crisis Group បានធ្វើការព្យាករថា យោធាមីយ៉ាន់ម៉ា ដែលគេហៅថា Tatmadaw អាចនឹងបញ្ចេញកម្លាំង របស់ខ្លួនបន្ថែមទៀត ប្រឆាំងនឹងជនស៊ីវិល ដូចអ្វីដែលពួកគេធ្លាប់ធ្វើកន្លងមក នៅស្រុក Mindat និងស្រុក Demoso ហើយទន្ទឹមនឹងនេះផលប៉ះពាល់ដល់មនុស្សនឹងកើនឡើងយ៉ាងខ្លាំង ខណៈកុមារ ស្ត្រី និង មនុស្សចាស់ ជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ ពីអំពើហិង្សា និងការផ្លាស់ទីលំនៅ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here