ឧបនាយករដ្ឋមន្ត្រីជប៉ុនលោក Taro Aso បាននិយាយកាលពីថ្ងៃអង្គារ ទី៦ ខែកក្កដាថា គ្រប់ហេតុការណ៍ ជុំវិញកោះតៃវ៉ាន់ ត្រូវតែដោះស្រាយ ដោយលោកបានបន្ថែមថា ជប៉ុនចាំបាច់ត្រូវការពារកោះតៃវ៉ាន់ ជាមួយអាមេរិក ប្រសិនបើចិនចូលលុកលុយ ដោយសារ «ការគំរាមកំហែងដោយផ្ទាល់» ដល់សន្តិសុខរបស់ជប៉ុន។ សម្តីរបស់លោក Taro Aso បានធ្វើឡើងក្នុងការថ្លែងន្ទរកថា ក្នុងកម្មវិធីរៃអង្គាសប្រាក់របស់គណបក្សប្រជាធិបតេយ្យសេរី នៅលើកោះ អូគីណាវ៉ា នេះបើតាមការរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo News។ លោក Aso ត្រូវបានគេស្រង់សម្តីថា៖«ប្រសិនបើកោះតៃវ៉ាន់ដួល អូគីណាវ៉ានឹងនៅបន្ទាប់។ យើងត្រូវគិតអំពីរឿងនេះយ៉ាងម៉ឺងម៉ាត់ និងត្រៀមកម្លាំងការពាររបស់យើងយ៉ាងខ្ជាប់ខ្ជួន»។ លោក Aso ជាសមាជិកនៃសន្តិសុខក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន ដែលជាមន្ត្រីជាន់ខ្ពស់ដំបូង បានបង្ហាញការប្ដេជ្ញា ចំពោះការការពារកោះតៃវ៉ាន់។ កាលពីខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi ពេលលោកធ្វើទស្សនកិច្ចទៅកោះ Yonaguni ដែលមានចម្ងាយត្រឹមតែ ១១០ គីឡូម៉ែត្រ ពីតៃវ៉ាន់ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ សម្រាប់សន្តិភាព និងវិបុលភាពនៃតំបន់។ សម្តីរបស់ លោក Aso ទំនងនឹងធ្វើឱ្យប្រទេសចិនខឹងសម្បា ដោយសារក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ប្រទេសចិន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលខុសច្បាប់ ហើយនឹងត្រូវរួបរួមជាមួយចិនដីគោកវិញ ដោយគ្រប់មធ្យោបាយ រួមទាំងការប្រើកម្លាំងយោធា។ ភាពតានតឹង រវាងចិន និងជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ជុំវិញប្រជុំកោះមានជម្លោះមួយ នៅសមុទ្រចិនខាងកើត ដែលគ្រប់គ្រងដោយជប៉ុន ដែលដាក់ឈ្មោះថា Senkaku និងទាមទារដោយចិន ដែលដាក់ឈ្មោះថា Diaoyu៕ AFP