តាហ្ស៊ីគីស្ថានពង្រឹងព្រំដែន ជាមួយទាហានបម្រុង ខណៈទាហានអាហ្វហ្គានីស្ថាន ភៀសខ្លួន ពីការវាយប្រហារតាលីបង់

0
50

ប្រធានាធិបតីតាហ្ស៊ីគីស្ថានបានបញ្ជាឱ្យចល័តទាហានបម្រុង ចំនួន ២ម៉ឺននាក់ កាលពីថ្ងៃចន្ទ ទី៥ ខែកក្កដា ដើម្បីពង្រឹងកម្លាំងតាមព្រំដែន ជាមួយប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីទាហានអាហ្វហ្គានីស្ថាន ជាង ១ពាន់នាក់ បានភៀសខ្លួនឆ្លងកាត់ព្រំដែន ដោយសារការវាយប្រហារពីក្រុមឧទ្ទាមតាលីបង់។ ប្រធានាធិបតីតាហ្ស៊ីគីស្ថានលោក Emomali Rakhmon បានធ្វើការអំពាវនាវជាអន្តរជាតិ ដើម្បីពិភាក្សាអំពីស្ថានភាពជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ រួមទាំង សមភាគីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀរ ពូទីន ដែលមានវត្តមានយោធាដ៏ធំ មួយនៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន។ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក ពូទីន បានធានាប្រាប់លោក Rakhmon ថា ប្រសិនបើចាំបាច់ ទីក្រុងម៉ូស្គូនឹងគាំទ្រដល់ប្រទេស ដែលជាអតីតរដ្ឋនៃសហភាពសូវៀតមួយនេះ ដើម្បីធ្វើឱ្យព្រំដែនរបស់ខ្លួន ជាមួយអាហ្វហ្គានីស្ថានឱ្យមានស្ថិរភាព ។

ប្រភពពីរដ្ឋាភិបាល ក៏បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសតាហ្ស៊ីគីស្ថានកំពុងស្វែងរកការបង្កើត ជំរំសម្រាប់ជនភៀសខ្លួន ដែលមានបន្ថែមទៀតមកពីប្រទេសអាហ្វហ្គានីស្ថាន។ កងកម្លាំងការពារព្រំដែន តាហ្ស៊ីគីស្ថានបាននិយាយថា ក្រុមតាលីបង់បានកាន់កាប់ស្រុកសំខាន់ៗ ចំនួន ៦ នៅខេត្តតំបន់ភាគខាង ជើងអាហ្វហ្គានីស្ថាន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសតាហ្ស៊ីគីស្ថាន និងចិន ហើយមានការភៀសខ្លួនទាហាន ១ ០៣៧ នាក់ ពីការវាយប្រហាររបស់តាលីបង់។ កាលពីសប្ដាហ៍មុន កងកម្លាំងប្រដាប់អាវុធអាមេរិកបានចាកចេញពីបន្ទាយទីក្រុងបារ៉ាម ដែលនាំមកនូវការបញ្ចប់នូវការចូលរួមរបស់អាមេរិក ក្នុងសង្គ្រាមដ៏យូរអង្វែងនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាមួយតាលីបង់ ដែលពួកគេបានប្រយុទ្ធជាមួយតាំង ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕ Reuters

 

LEAVE A REPLY

Please enter your comment!
Please enter your name here