អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានប្រាប់បេឡារុស កាលពីថ្ងៃទី៥ ខែកក្កដា ឱ្យដោះលែងអ្នកជាប់ពន្ធនាគារជាបន្ទាន់ ចំនួន ៥៣០ នាក់ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថា ជា «អ្នកទោសនយោបាយ» ខណៈដែលប្រេសិតរបស់ក្រុងវ៉ាស៊ីនតោន បានលើកឡើងពីលទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ប្រឆាំងនឹងក្រុងមីនស្ក៍ ។ ដោយបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ទៅកាន់ក្រុម ប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Anaïs Marin បានប្រៀបធៀបប្រទេសបេឡារុសទៅនឹងរដ្ឋផ្តាច់ការ ហើយបានបញ្ជាក់អំពីស្ថានភាពនៅប្រទេស នេះថា កាន់តែយ៉ាប់យ៉ឺនទៅៗ ចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០២០ កន្លងមក។ លោកស្រីបាននិយាយថា មនុស្ស ជាង ៣៥ ០០០ នាក់ ត្រូវបានឃុំខ្លួនតាមអំពើចិត្ត ដោយគ្រាន់តែប្រើសិទ្ធិរបស់ពួកគេ ដើម្បីជួបជុំគ្នាដោយសន្តិវិធី ឬ សាមគ្គីភាព ជាមួយជនរងគ្រោះ ដែលទទួលរងនូវការរំលោភសិទ្ធិនានាជាដើម។ កាល ពីឆ្នាំទៅ អាជ្ញាធរបេឡារុសបានបង្ក្រាបយ៉ាងចាស់ដៃ ទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ជុំវិញការចោទប្រកាន់ពីភាពមិនប្រក្រតីនៃការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែល បានផ្តល់អាណត្តិជាថ្មីដល់លោក Alexander Lukashenko។ ប៉ុន្តែប្រធានាធិបតីចាស់វស្សារូបនេះ បាន បដិសេធការចោទប្រកាន់នោះ។ ស្របជាមួយគ្នា លោក Benjamin Moeling ប្រតិភូសហរដ្ឋអាមេរិក កាល ពីថ្ងៃទី៥ ខែកក្កដា បានបង្ហើបពីទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសអឺរ៉ុបខាងកើតមួយនេះ ដោយលោកបាន និយាយថា៖ «ការមើលស្រាលចំពោះបទដ្ឋានអន្តរជាតិនេះ មិនអាចមិនឆ្លើយតបបានទេ។ យើងនឹងពិចារណាលើសកម្មភាពបន្ថែមទៀតដែលចាំបាច់»។ ក្រុងមីនស្ក៍បានប្រតិកម្មដោយកំហឹង ចំពោះការផ្លាស់ប្តូរ និងការដាក់ទណ្ឌកម្មទាំងឡាយកន្លងមករបស់លោកខាងលិច ដោយនិយាយថា ប្រទេសទាំងនេះកំពុងផ្ដេកផ្ដួលលើការប្រកាស «សង្គ្រាមសេដ្ឋកិច្ច»៕ Reuters