ភ្នំពេញ៖ សត្វកែះ ជាប្រភេទសត្វ មានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វ ងាយរងគ្រោះថ្នាក់ ជាសកល និងជាសត្វ ស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញា សាយតេស។
ពាក់ព័ន្ធក្នុងរឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថាៈ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវរបស់ ក្រសួងបរិស្ថាន បានរកឃើញវត្តមានសត្វកែះ នៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ស្ថិតក្នុងក្របខណ្ឌ នៃការសិក្សា ចងក្រងទិន្នន័យ ប្រភេទសត្វកម្រៗ នៅកម្ពុជា។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា ប្រភេទសត្វកម្រ នៅលើពិភពលោកនេះ ត្រូវបានកត់សម្គាល់ថា មានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវ ទិន្នន័យមួយ យ៉ាងសំខាន់ សម្រាប់ការអភិរក្សជីវៈចម្រុះ នៅកម្ពុជា ក៏ដូចជា សម្រាប់ពិភពលោកទាំងមូល។
គេមិនទាន់មានទិន្នន័យ ពិតប្រាកដថា មានសត្វកែះ ប៉ុន្មានក្បាល រស់នៅក្នុងប្រទេសកម្ពុជាទេ តែបើតាមការបញ្ជាក់របស់ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រភេទសត្វកែះនេះ មានដង់ស៊ីតេ រស់នៅកម្រិតទាបបំផុត ដោយសារតែជាសត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះ កំពុងប្រឈម មុខនឹងការបាត់បង់ពូជ ដោយសារការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះ រងគ្រោះខ្លាំងដោយសារ តែការប្រមាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឺង ក្នុងការជួញដូរ ដោយសារតែជំនឿ។
ដោយឡែក បើយោងតាមការសិក្សា សត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង។ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤ របស់វា វែង។ ផ្នែកខាងលើដងខ្លួន សម្បុរខ្មៅ និងផ្នែកក្រោម នៃជើង ចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូលក្បាល រហូតដល់ស្មា របស់វា មានរោមរឹងវែងៗ សណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោង ទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០ ម.ម ពណ៌ខ្មៅ និងមានគន្លាក់ៗ ជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោង ពណ៌ខ្មៅប្រផេះ។
តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះ ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិ ថ្នាក់ក្រោមច្រើន។ កែះមានជើង យ៉ាងចំណាប់ ក្នុងការដើរឡើង តាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃ វាចូលចិត្តសម្រាក តាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ី នៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះ ចូលចិត្តយករូងភ្នំរាក់ៗ ធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវា ដោយសារគំនរលាមក។
ដោយសារតែកែះ ជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាម ទីជម្រកស្ងាត់ ដូច្នេះគេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជ សត្វកែះ មាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន ១ ជួនកាលភ្លោះ មានដោយកម្រ បន្ទាប់ពី ពពោះ ៧ ខែ។ កូនរស់នៅជាមួយមេវា ស្ទើរពេញមួយឆ្នាំ ទើបចាកចេញ៕
ប្រភព : រស្មីកម្ពុជា