សៀមរាប៖ សមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការ អមសាលាដំបូងខេត្តកាលពីថ្ងៃ៧ខែកក្កដាបានចាប់ខ្លួនម្ចាស់ដេប៉ូម្នាក់និងគូកនពីរនាក់ ក្រោយរកឃើញឈើល្មើសច្បាប់ក្នុងដេប៉ូនេះ។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិរលួសខាងលិច ឃុំរលួស ស្រុក ប្រាសាទបាគង។
លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចបានអោយដឹងថា ប្រតិបត្តិការនេះ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះពិនិត្យដេប៉ូឈើឈ្មោះ តាំង សុខនី ត្រង់ចំណុចភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ។
លោកបន្តថា បន្ទាប់ពីរកឃើញ ឈើល្មើសច្បាប់ប្រភេទសុក្រំចំនួន ១៧៤ដុំ ស្មើ៧,៧៤២ ម៉ែត្រគូបសមត្ថកិច្ចសម្រេចចាប់ខ្លួនថៅកែដេប៉ូឈើ យីហោតាំង សុខនី ម្នាក់និងគូកនពីនាក់។
ថៅកែដេប៉ូឈើដែលត្រូវបានចាប់ខ្លួនមឆនឈ្មោះ ស្រេង ប្រណី ភេទប្រុស។ ឯគូកនពីរនាក់ទៀត មិនត្រូវបានបង្ហាញឈ្មោះនោះទេ។
លោកនាយរងបញ្ជាក់ថា វត្ថុតាងឈើល្មើសច្បាប់ បានយកទៅរក្សាទុកនៅផ្នែក រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកថៅកែដេប៉ូឈើម្នាក់និងកូកន២នាក់ទៀត កំពុងសាកសួរ ថាបើមានការពាក់ពន្ធ័ការស្តុកឈើខុសច្បាប់ និងត្រូវបញ្ជូនខ្លួនទៅតុលាការ៕
ប្រភព : រស្មីកម្ពុជា