គម្រោងដេញថ្លៃសាងសង់ផ្លូវចំនួន០១ខ្សែ ក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ សម្រេចជោគជ័យ នឹងចាប់ផ្តើមស្ថាបនា ជាប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ

0
33

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ នៅសាលាឃុំពាមជីលាំង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីដាក់សំណើរដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ សម្រាប់ឆ្នាំ២០២១ ចំនួន ០១ គម្រោង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេឃុំពាមជីលំាង គណៈកម្មាការលទ្ធកម្មរបស់ឃុំពាមជីលាំង តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងរដ្ឋបាលស្រុកត្បូងឃ្មុំ មន្រ្តីបច្ចេកទេសចុះជួយឃុំពាមជីលាំង ព្រមទាំងតំណាងក្រុមហ៊ុនដែលមានបំណងចូលរួមការដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២១ នេះ ។
ក្នុងឱកាសនៃការចាប់ផ្ដើមនោះដែរ លោកមេឃុំ ក៏បានធ្វើការបញ្ជាក់ និងសង្កត់ធ្ងន់ថាៈ រាល់ការបើកសំណើរដេញថ្លៃ លើគម្រោងមូលនីធិឃុំ គឺចាំបាច់ត្រូវគោរពគោលការណ៍ឲ្យបានត្រឹមត្រូវតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុង សៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមាន ដើម្បីធានាតម្លាភាព យុត្តិធម៌ គុណភាព ដែលអាចទទួលយកបានទាំងអស់គ្នា ។

សូមបញ្ជាក់ថា គម្រោងមូលនីធិឃុំពាមជីលាំង ឆ្នាំ២០២១នេះ គឺផ្ដោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ៣,៨០០ ម៉ែត្រ មានទទឹង ៣/៤/៥ ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មានមានចំនួន ១៦៩,៩៣៦,៨០០ រៀល ។
លទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃ ដែលប្រព្រឹត្តឹទៅពេញមួយព្រឹកនេះ គឺបានអនុវត្តបានត្រឹមត្រូវ តាមគោលការណ៍នីតីវិធីលទ្ធកម្ម និងធានាបាននូវតម្លាភាព យុត្តិធម៌ និងអាចទទួលយកបាន ដោយមិនមានការរំខាន ឬមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ក្នុងកិច្ចដំណើរការបើក និងដាក់សំណើរដេញថ្លៃគម្រោងឃុំនោះទេ ។

ក្រោយពីបើកសំណើរដេញថ្លៃ និងឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មាការលទ្ធកម្មឃុំរួច ជាលទ្ធផលក្រុមហ៊ុនមានបំណងចូលរួមប្រកួតប្រជែងដេញថ្លៃ គឺមានចំនួន ១០ ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលទទួលបានសិទ្ធស្ថាបនាគម្រោងមូលនីធិឃុំពាមជីលាំង គឺបានទៅលើក្រុមហ៊ុន គាំ សារួន ដែលដេញថ្លៃក្នុងតម្លៃទាបជាងគេ គឺក្នុងតម្លៃ ៤៨,៧៨០,០០០ រៀល ដោយមានការធានាថែទាំរយៈពេល ០៦ ខែផងដែរ ។

បន្ទាប់ពីអនុវត្តនីតីវិធីលទ្ធកម្មរួចមក លោកមេឃុំ បានធ្វើការគូសបញ្ជាក់ និងផ្ដាំផ្ញើចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធទទួលការក្នុងការអនុវត្តន៏គម្រោង ត្រូវរៀបចំចុះកិច្ចសន្យាឲ្យបានទាន់ពេលវេលា និងអនុវត្តគម្រោងឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្លង់ដែលផ្ដល់ជូន ដើម្បីធានានូវការប្រើប្រាស់យូរអង្វែងជូនប្រជាពលរដ្ឋទូទៅ ជាពិសេសក្នុងមូលដ្ឋានឃុំពាមជីលាំងនេះទាំងមូលតែម្ដង ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here