វ៉េណេស៊ុយអេឡាដាក់ឱសានវាទទៅកាន់ COVAX ឱ្យដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ មកត្រឹមសប្ដាហ៍នេះ

0
56

លោក Nicolas Maduro ប្រធានាធិបតីវ៉េណេស៊ុយអេឡាបានដាក់ឱសានវាទទៅកាន់យន្តការ COVAX ដែលជាប្រព័ន្ធដឹកជញ្ជូនវ៉ាក់សាំង ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យបញ្ជូនវ៉ាក់សាំងកូវីដ១៩ មកកាន់ប្រទេសរបស់លោក ត្រឹមសប្ដាហ៍នេះ។ នេះបើតាមសុន្ទរកថាផ្សាយផ្ទាល់ តាមប្រព័ន្ធទូរទស្សន៍វ៉េណេស៊ុយអេឡា កាលពីថ្ងៃអាទិត្យកន្លងទៅ។ វ៉េណេស៊ុយអេឡាត្រូវចំណាយទឹកប្រាក់ប្រមាណ ១២០ លានដុល្លារ ដើម្បី ទិញវ៉ាក់សាំង ចំនួន ១១ លានដូស ពីយន្តការ COVAX។ គេមិនច្បាស់ថា យន្តការនេះនឹងផ្ដល់វ៉ាក់សាំងប្រភេទណាមកវ៉េណេហ្ស៊ុយអេឡានោះទេ តែកន្លងមក លោក Maduro បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងវ៉ាក់សាំងអាមេរិក Johnson & Johnson និង Novavax។ យោងតាមប្រភពរបស់មន្ត្រីវ៉េណេស៊ុយអេឡា បានឱ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ មានសមត្ថភាពបង់ប្រាក់ទាំងស្រុង ទៅឱ្យ COVAX ប៉ុន្តែទឹកប្រាក់ប្រមាណ ១០លានដុល្លារ ត្រូវបានធនាគារស្វ៊ីស UBS រារាំងមិនឱ្យផ្ទេរទៅកាន់ COVAX។ ទាក់ទិននឹងរឿងនេះដែរ លោក Maduro បានលើកឡើងថា «បើ COVAX មិនផ្ដល់វ៉ាក់សាំងតាមឱសានវាទនោះទេនោះ ពួកគេត្រូវតែឱ្យលុយមកយើងវិញ»។ វ៉េណេស៊ុយអេឡាកំពុងតែស្ថិតក្នុងវិបត្តិនយោបាយ ក្នុងស្រុករាប់ឆ្នាំមកហើយ។ រដ្ឋាភិបាលរបស់លោក Maduro មិនត្រូវបានសហរដ្ឋអាមេរិក និងប្រទេស លោកខាងលិច ទទួលស្គាល់នោះទេ ហើយថែមទាំងរងទណ្ឌកម្មនានាផងដែរ។ ប្រទេសលោកខាងលិចបានទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីនៃប្រទេស ចាប់ពីឆ្នាំ ២០១៩មក៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here