ប៉ូលិសហុងកុងចាប់ខ្លួនជនសង្ស័យ ៩ នាក់ ពីបទរៀបចំផែនការបង្កភេរវកម្ម

0
87

ប៉ូលិសហុងកុងបានប្រកាសកាលពីថ្ងៃអង្គារ ទី៦  ខែកក្កដា  អំពីការចាប់ខ្លួនមនុស្ស ប្រុស ៥នាក់ និងស្រី ៤ នាក់ មានអាយុចន្លោះពី ១៥ ទៅ ៣៩ឆ្នាំ ពីបទសមគំនិតគ្នា ក្នុងការប៉ុនប៉ងប្រើប្រាស់អាវុធជាតិផ្ទុះ សម្រាប់សកម្មភាពភេរវកម្ម។ លោក Steve Li ដែលជាមេដឹកនាំប្រតិបត្តិការមកពីអង្គភាពសន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង បានមានប្រសាសន៍ថា “ប្រតិបត្តិការចាប់ខ្លួន ធ្វើឡើងដើម្បីប្រឆាំងនឹងក្រុមក្មេងទំនើង ដែលបានព្យាយាមផលិតគ្រឿងផ្ទុះ TATP(ប្រភេទគ្រឿងផ្ទុះដែលមានថាមពលខ្លាំង) នៅក្នុងបន្ទប់ពិសោធន៍មួយ ដែលគេបង្កើតឡើងខាងក្នុងអគារសម្រាប់ជួលស្នាក់នៅមួយកន្លែង”។ ប៉ូលិសហុងកុងបាននិយាយថា ជនសង្ស័យទាំង ៩ នាក់ គឺជាសមាជិករបស់ក្រុមគាំទ្រឯករាជ្យមួយ ដែលបានហៅខ្លួនឯងថា “ការត្រឡប់ មកវិញនៃភាពក្លាហាន Returning Valiant”។ ជនដែលត្រូវបានចាប់ខ្លួន រួមមាន សិស្សវ័យជំទង់ ៦ នាក់ និងមនុស្សពេញវ័យ ៣ នាក់ ដែល ២ នាក់ ធ្លាប់ធ្វើការនៅសាកលវិទ្យាល័យ និងអនុវិទ្យាល័យ មួយកន្លែង ហើយម្នាក់ចុងក្រោយគេមានមុខរបបរជាអ្នកបើកបរ។ ប្រធានដឹកនាំប្រតិបត្តិការបង្ក្រាបលោក Li បានឲ្យដឹងថា ពួកគេទាំង ៩ នាក់ បានរៀបគម្រោងវាយប្រហារទីតាំងសាធារណៈជាច្រើន ដូចជា ផ្លូវរូងក្រោមដី បណ្តាញផ្លូវដែក និងបន្ទប់សវនាការ។ ដំណឹងអំពីការចាប់ខ្លួនជនសង្ស័យទាំង ៩នាក់ បានកើតឡើងតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុរសវ័យ ៥០ឆ្នាំម្នាក់ បានសម្លាប់ជីវិតខ្លួនឯង បន្ទាប់ពីបានធ្វើសកម្មភាពចាក់ទៅលើប៉ូលិសម្នាក់រួចមក។

អាជ្ញាធរហុងកុងបានចេញប្រតិបត្តិការចាប់ខ្លួនជាច្រើនដង ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ពាក់ព័ន្ធការចោទប្រកាន់ពីបទប៉ុនប៉ងបំផ្ទុះគ្រាប់បែក ទោះបីជាគ្មានការវាយប្រហារធំណាមួយ ត្រូវបានអនុវត្តដោយជោគជ័យក៏ដោយ។ សម្រាប់ប្រតិបត្តិការចុងក្រោយនេះ ប៉ូលិសហុងកុងបានឲ្យដឹងថា ពួកគេរឹបអូសយកវត្ថុតាងផ្សេងៗ រួមមាន វត្ថុមានជាតិផ្ទុះ វត្ថុធាតុដើម ដើម្បីផលិតគ្រឿងផ្ទុះ TATP កាំភ្លើងខ្យល់ ទូរស័ព្ទចល័ត និងស៊ីមកាត ជាដើម ។ ក្រៅពីនេះ ពួកគេក៏បានរកឃើញសាច់ប្រាក់ចំនួន ប្រមាណ ១១ ៥៨៥ ដុល្លារ និងលុយបង្កកក្នុងគណនីធនាគារ ប្រមាណ ៧ ៧២៥ ដុល្លារ ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here