សហរដ្ឋអាមេរិកបញ្ជូនវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ២ លានដូស ទៅឲ្យវៀតណាម

0
72

វ៉ាក់សាំង Moderna ដែលជាផ្នែកមួយនៃកម្មវិធីផ្តល់វ៉ាក់សាំង ៨០ លានដំបូង ដែលលោកប្រធានាធិបតី ចូ បៃដិន បានសន្យាថា នឹងទំនុកបម្រុងនៅទូទាំងពិភពលោក ទំនងជាដឹកបញ្ជូនទៅដល់ប្រទេសវៀតណាម នៅក្នុងសប្តាហ៍នេះ។ នេះបើតាមមន្ត្រីសេតវិមានម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP។ សហរដ្ឋអាមេរិកបានចាប់ផ្តើមសកម្មភាពបញ្ជូនវ៉ាក់សាំងបង្ការកូវីដ១៩ ទៅតំបន់អាស៊ីអាគ្នេយ៍ហើយ។ ជាក់ស្តែង វ៉ាក់សាំង ១ លានដូស ទើបត្រូវបានអាមេរិកបញ្ជូនទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ទី៥ ខែកក្កដា ហើយកាលពីសប្តាហ៍មុន សេតវិមានបានប្រកាសចែកចាយវ៉ាក់សាំង ចំនួន ៤ លានដូសផ្សេងទៀត ទៅដល់ឥណ្ឌូណេស៊ី ដែលជាប្រទេសកំពុងរងគ្រោះខ្លាំងពីកូវីដ១៩ជាងគេបំផុតនៅអាស៊ី។ បណ្តាប្រទេសផ្សេងទៀត ដែលនឹងទទួលបានវ៉ាក់សាំងពីអាមេរិកដែរ សម្រាប់ជើងដំបូង ដែលមានចំនួន ៨០លានដូសនេះ រួមមាន ប្រទេសកម្ពុជា ថៃ ឡាវ ហ្វីលីពីន និងប៉ាពូអាស៊ីនូវែលហ្គីណេ។ វៀតណាមកុម្មុយនិស្ត ដែលមានព្រំប្រទល់ជាប់នឹងចិន ត្រូវបានគេមើលឃើញថា ជាប្រទេសគំរូ ក្នុងការចាត់វិធានការទប់ស្កាត់កូវីដ១៩ តាមរយៈការពិនិត្យ តាមដាន និងការចាត់ឲ្យធ្វើចត្តាឡីស័កយ៉ាងម៉ត់ចត់។ រដ្ឋាភិបាលក្រុងហាណូយ បានរាយការណ៍ថា មានអ្នកស្លាប់តែ ៩០ នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ សរុប ២១ ០០០ ករណី។

ប៉ុន្តែអត្រាចាក់វ៉ាក់សាំងមានកម្រិតទាបខ្លាំងនៅប្រទេសវៀតណាម ដែលមានប្រជាជនសុរបប្រមាណ ៩៧ លាននាក់ ហើយប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា ការឆ្លងកូវីដ១៩ បានកើនឡើងយ៉ាងខ្លាំងមកវិញ។ យោងតាមក្រសួងសុខាភិបាលវៀតណាម គិតត្រឹមថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ មានវ៉ាក់សាំងប្រមាណ ៣ លាន ៩ សែនដូសប៉ុណ្ណោះ ត្រូវបានអាជ្ញាធរចែកចាយ ដើម្បីចាក់ជូនប្រជាជននៅទូទាំងប្រទេស ដែលក្នុងនោះមានមនុស្សចំនួន ២២ម៉ឺន ៦ពាន់នាក់ បានទទួលថ្នាំបង្ការកូវីដ១៩ ចំនួន ២ដូស។ មន្ត្រីរដ្ឋាភិបាលអាមេរិក បាននិយាយថា ការបញ្ជូនវ៉ាក់សាំងទៅឲ្យវៀតណាមដែលធ្វើឡើង តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដែលមានគោលបំណងបញ្ចប់ការរាតត្បាតកូវីដ១៩ គ្រប់ទីកន្លែង។ វាមិនមែនជាការប្រកួតការទូតវ៉ាក់សាំង ជាមួយចិន ឬ រុស្ស៊ីឡើយ បើទោះបីជា ទាំងទីក្រុងប៉េកាំង និងម៉ូស្គូ បានប្រើប្រាស់វ៉ាក់សាំង ដើម្បីបង្កើនឥទ្ធិពលរបស់ពួកគេនៅទូទាំងពិភពលោកក៏ដោយ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here