ហេតុអ្វីបានជាតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិកំពុងបន្តឡើងថ្លៃ?

0
44

បន្ទាប់ពីបានរួមប្រជុំគ្នាអស់រយៈពេល ៤ថ្ងៃ ចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា OPEC+ ដែលមានក្រុមប្រទេសនាំប្រេងចេញ ហៅកាត់ OPEC និងក្រុមប្រទេសដៃគូផលិតប្រេងចំនួន ១០ ប្រទេស ដឹកនាំ ដោយប្រទេសរុស្ស៊ី នៅតែមិនទាន់អាចនិយាយចុះសម្រុងគ្នា។ កិច្ចប្រជុំតាមអនឡាញ ដែលគ្រោងធ្វើកាលពីថ្ងៃចន្ទ ទី៥ ខែកក្កដា ត្រូវបានលុបចោល ដោយមិនបានកំណត់ពេលលើកទៅធ្វើនៅថ្ងៃណាវិញទេ។ មូលហេតុនៃការលុបចោល ដោយសារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសផ្សេងទៀត និយាយមិនចុះសម្រុងគ្នា។ នៅទីបំផុត តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងកាន់តែខ្ពស់នៅពេលនេះ។ គួរបញ្ជាក់ថា កម្មវត្ថុនៃកិច្ចប្រជុំរបស់ OPEC+ មានពីរសំខាន់ គឺទី១ កំណត់ពេល ដើម្បីបង្កើនផលិតកម្មប្រេងឲ្យដូចកម្រិតនៅមុនផ្ទុះវិបត្តិកូវីដ១៩ និងទី២ បង្កើនបរិមាណប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ក្នុងចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២១ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារក្នុងលោក ដែលសេដ្ឋកិច្ចកំពុងមានសន្ទុះឡើងវិញ។ OPEC+ ដែលនាំមុខដោយប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានកាត់បន្ថយផលិតកម្មប្រេងចំនួន ១០លានបារ៉ែល ក្នុងមួយថ្ងៃ ចាប់ពីខែឧសភា ឆ្នាំ២០២០ ដែលពិភពលោកកំពុងធ្លាក់ក្នុងវិបត្តិកូវីដ១៩ ពេញទំហឹង។ នៅពេលនោះ សេដ្ឋកិច្ចសកលបានជាប់គាំង ហើយតម្រូវការប្រេងក៏បានដាំក្បាលចុះ។ ក្រោយមក OPEC+ បានចាប់ផ្តើមបង្កើនផលិតកម្មប្រេងបន្តិចម្តងៗ ដោយគ្រោងបង្កើន ៤០០ ០០០បារ៉ែល ក្នុងមួយថ្ងៃ នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២១។ តែបញ្ហានៅត្រង់ថា នៅក្នុងកិច្ចប្រជុំថ្មីៗនេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួម មិនយល់ស្រប និងចង់ឲ្យបង្កើនបន្ថែមចំនួន ៦០០ ០០០បារ៉ែលវិញ។ តើ OPEC+ អាចសម្រេចដោយមិនចាំបាច់មានការយល់ព្រមពីអេមីរ៉ាតអារ៉ាប់រួមដែរឬទេ? រដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីតម្នាក់ បានឆ្លើយថា អត់បានទេ ព្រោះគេត្រូវការកុងសង់ស៊ុសរួម។ បើនៅតែគ្មានកិច្ចព្រមព្រៀង ផលិតកម្មប្រេង និងបរិមាណប្រេងនៅលើទីផ្សារអន្តរជាតិបន្តមានកម្រិត ដូចក្នុងខែកក្កដា ឆ្នាំ២០២០។  តែគេមិនត្រូវភ្លេចនិយាយទេថា ពិភពលោកចាប់ពីខែកក្កដា ឆ្នាំ២០២១ អាចត្រូវការប្រេងកាន់តែច្រើន ព្រោះសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ។ ដូច្នេះបើការផ្គត់ផ្គង់នៅដដែល ហើយតម្រូវការកើនឡើង តម្លៃត្រូវកើនឡើងដោយចៀសមិនរួច៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here