លោកចូ បៃដិន​ ចូលថ្លែង​សន្ទរកថា​​នៅ​​ចំពោះ​មុខ​សភា សរុប​​១០០ថ្ងៃ​​ដំបូង នៃ​​ការ​​កាន់​តំណែង

0
256

នៅថ្ងៃពុធទី២៨ មេសា លោកចូ បៃដិន នឹងត្រូវ​ចូលទៅថ្លែង​សន្ទរកថា នៅ​ចំពោះ​មុខ​សភា​ខុនហ្ក្រេស ​ជាលើកទី១ ក្នុងឱកាស១០០ថ្ងៃនៃការកាន់អំណាចរបស់​រដ្ឋាភិបាលលោក។​ នេះគឺជាឱកាសដែលលោកនឹងត្រូវបង្ហាញ​ អំពីឆន្ទៈនយោបាយរបស់​លោក ក្នុងការធ្វើកំណែទម្រង់ធំៗ ទាំងក្នុងវិស័យពន្ធដារ សេដ្ឋកិច្ច និងវិស័យសង្គមកិច្ច។ លោកចូ បៃដិន នឹងថ្លែងបង្ហាញ អំពីឆន្ទៈ ទស្សននយោបាយ ដឹកនាំប្រទេសសម្រាប់អាណត្តិ៤ឆ្នាំរបស់លោក។ តាមការរំពឹងទុក លោកនឹងថ្លែងអំពី             « គម្រោងជួយ​គ្រួសារអាមេរិក » តាមរយៈការវិនិយោគដ៏ច្រើនសម្បើម នៅក្នុងវិស័យអប់រំ។ រដ្ឋាភិបាល​លោក ចូ បៃដិន នឹង​ដំឡើងពន្ធ យកពីប្រជាជនអាមេរិក ដែលមានជីវភាពស្តុកស្តម្ភ យកមក​ចំណាយ​ចាយវាយក្នុងកិច្ចការសង្គម។ តាមការ​លើកឡើង របស់បណ្តាញ​ព័ត៌មានអាមេរិក      អត្រាពន្ធលើប្រាក់ចំណូល សម្រាប់អ្នកមានជីវភាពធូរធា​បំផុត ប្រមាណ​ ០.៣%​នៅអាមេរិក គឺនឹងឡើងពី ២០% ទៅ ៣៩.៦% ពោលគឺសឹងតែទ្វេជាពីរ។

លោកចូ បៃដិន នឹងថ្លែងផងដែរ ដើម្បីការពារផែនការផ្តល់សន្ទុះសេដ្ឋកិច្ច ដែលមានទឹកប្រាក់ប្រមាណ ១៩០០ពាន់លានដុល្លារ ហើយដែលសភាខុសហ្ក្រេស ត្រូវចាប់ផ្តើម ប្រជុំជជែកគ្នា មុននឹងអនុម័តយល់ព្រម។ បន្ថែមពីនេះ លោក​ចូ បៃដិន ប្រាកដជានឹងលើកឡើង អំពី​លទ្ធផល យ៉ាងគាប់ប្រសើរ នៅក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងការឆ្លងរាលដាល កូវីដ​១៩ ក្នុងរយៈពេល​៣ខែ ដើមអាណត្តិរបស់​លោក។ ប្រជាជន​អាមេរិក ប្រមាណ​៩៦លាននាក់ ពោលគឺ​៣០%នៃប្រជាជនសរុប គឺបានទទួលវ៉ាក់សាំងការពារកូវីដ​១៩ បានគ្រប់អស់ហើយ។ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន ​បាន​បញ្ជាក់ថា លោក ចូ បៃដិន​នឹងថ្លែងលើកឡើងផងដែរ អំពីការប្តេជ្ញារបស់​លោក ក្នុងការនាំសហរដ្ឋអាមេរិក ឲ្យដើរតួនាទីសំខាន់ នៅក្នុងកិច្ចការនយោបាយអន្តរជាតិ តាមរយៈការពង្រឹងចំណងសហការជាមួយប្រទេសសម្ព័ន្ធមិត្ត។ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ក៏នឹងត្រូវលោកចូ បៃដិន លើកមកនិយាយក្នុងឱកាសនេះដែរ។ AP

LEAVE A REPLY

Please enter your comment!
Please enter your name here