សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

0
142

(ភ្នំពេញ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប១៣ឆ្នាំហើយ ដែលប្រាសាទព្រះវិហាររតនសម្បត្តិរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរចំពោះថ្ងៃដែលប្រាសាទព្រះវិហារត្រូវបានតម្កល់ជាសម្បត្តិមនុស្សជាតិពិភពលោកនេះ។

សម្តេចតេជោ បានចាត់ទុកព្រឹត្តិការណ៍នៃការដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។

ជាមួយការអបអរសាទរ សម្តេចតេជោ ក៏បានអំពាវនាវឱ្យប្រជាជាតិកម្ពុជារួមគ្នារក្សាការពារប្រាសាទបុរាណរបស់ខ្មែរទាំងអស់ឱ្យបានគង់វង្ស ដើម្បីជាមរតកជូនដល់កូនខ្មែរជំនាន់ក្រោយ។

ប្រាសាព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។

ប្រាសាទនេះត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។

សូមរំលឹកថា ក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតទៅអង្គការយូណេស្កូ ឆ្នាំ២០០១ ដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការដាក់ប្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាព នៃគោលនយោបាយបរទេសរបស់កម្ពុជា។

មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ នៅឆ្នាំ២០០៦ គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញបានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ២០០៧។

ការដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គ ប្រគំតន្ត្រីជាដើម។

ទម្រាំនឹងបានដាក់បញ្ចូលប្រាសាទប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានប្រឹងប្រែងតស៊ូមតិជាខ្លាំង ដ្បិតថាការស្នើដាក់ព្រះសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានការរារាំងពីភាគីថៃ ដែលមានមហិច្ឆតាចង់លេបយកប្រាសាទព្រះវិហារ ដែលគេធ្លាប់គ្រប់គ្រងពីអតីតកាលអស់ជាច្រើនឆ្នាំនោះ។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ដែលមានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន បានខិតខំរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។

ជោគជ័យរបស់កម្ពុជា បាននាំមកនូវភាពឈឺចាប់ជាពន់ពេកសម្រាប់ជនជាតិថៃ។ បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាខេមរបុត្រដែលមានចិត្តមុះមុតក្នុងការការពារជាតិ និងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់គ្រប់មធ្យោបាយទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឲ្យបាត់បង់នោះឡើយ។

ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺការទាមទារឱ្យតុលាការអន្តរជាតិទីក្រុងឡាអេបកស្រាយឡើងវិញនូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ជាលទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ ដែលតម្រូវឱ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នទំហំ ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាពទទួលពិនិត្យលើសំណើរបស់កម្ពុជាសូមឲ្យបកស្រាសាលដីកា ឆ្នាំ១៩៦២នេះ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជារបស់សម្បត្តិរបស់កម្ពុជា។ ការសម្រេចនេះ គឺជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូល ក្នុងការប្រឹងប្រែងរក្សាឲ្យបាននូវទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយដូនតា ដូចដែលសម្តេចតេជោ ហ៊ុន សែន តែងតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា មិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែមួយមិល្លីម៉ែត្រនោះឡើយ។

ដើម្បីអបអរសាទរចំពោះជោគជ័យដ៏ធំធេងនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិ នៃការចងចាំចំពោះការដាក់ប្រាសាទព្រះវិហារ រួមនិងប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងណែនាំឱ្យរៀបចំពិធីអបអរសាទរនេះឱ្យបានអធិកអធមថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here