ស្វែងយល់ពីស្ថាបត្យករជើងចាស់របស់កម្ពុជា លោកលូ បានហាប អ្នកបង្កើតនូវស្នាដៃប្រវត្តិសាស្រ្តធំៗ ដូចជា សណ្ឋាគារកាំបូឌីយ៉ាណា អគារប៊ុលឌីង…

0
346

លោក លូ បានហាប កើតក្នុងឆ្នាំ១៩៣១ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ នៅពេលដែលលោកមានអាយុបាន១៤ឆ្នាំ លោកបានផ្លាស់ទីលំនៅមករស់នៅភ្នំពេញដើម្បីសិក្សានៅថ្នាក់អនុវិទ្យាល័យ ដោយត្រូវរស់ពឹងនឹងទីអារាម។ លោកជាសិស្សឧស្សាហ៍សិក្សារៀនសូត្រ រហូតត្រូវបានសម្តេច ប៉ែន នុតយកទៅរស់នៅជាមួយឧបត្ថម្ភគាំទ្រ ក្នុងការរស់នៅ និងសិក្សា។

នៅក្នុងឆ្នាំ១៩៤៩ លោកលូ បានហាប ក្លាយជាផ្នែកមួយនៃរលកសិស្សកម្ពុជាដែលបានបញ្ជូនចេញទៅរៀននៅប៉ារីសតាមរយៈអាហារូបករណ៍សិក្សា។ ពេលដំបូងឡើយ គាត់ចង់ក្លាយជាវិស្វករនោះទេ ប៉ុន្តែតាមរយៈដំបូន្មានរបស់លោកវណ្ណ មូលីវណ្ណ ដែលបានមកដល់ទីក្រុងប៉ារីសមុនបីឆ្នាំ គាត់ក៏បានប្តូរទៅសិក្សាផ្នែកស្ថាបត្យកម្មវិញនៅសាលា Ecole Speciale d’Architecture។ លោក បានហាប បាននិយាយថា៖ “ពេលនោះ គ្មានស្ថាបត្យករស្តង់ដារនៅក្នុងប្រទេសកម្ពុជានោះទេ។ លោកមូលីវណ្ណបាននិយាយពន្យល់ប្រាប់ខ្ញុំថា ប្រការនេះអាចជាឳកាសល្អសម្រាប់ពួកយើង ហើយគាត់ក៏បានយកឈ្នះចិត្តខ្ញុំទៅ”។

លោកលូ បានហាប បានរៀបការជាមួយអាមិុល រូអា (Armelle Rouard) នៅឆ្នាំ ១៩៥៥ និងបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មនៅឆ្នាំ ១៩៥៩។ គម្រោងដែលគាត់បានរចនាសម្រាប់ឆ្នាំបញ្ចប់ការសិក្សារបស់គាត់គឺ «រោងមហោស្រពរបាំ» ដែលការរចនានេះក្រោយមកបានក្លាយជាការបំផុសគំនិតសម្រាប់ការរចនា រោងមហោស្រពភាពយន្តចេនឡា។

នៅពេលដែលគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាស្ថាបត្យករហើយនោះ លោកលូ បានហាប បានអភិវឌ្ឍការងាររចនាធំៗជាច្រើនសម្រាប់អាជីពគាត់ ហើយគាត់មានគោលបំណងទៅធ្វើការនៅទីក្រុងប្រេស៊ីលីយ៉ា (Brasilia) ដែលជារដ្ឋធានីថ្មីកំពុងត្រូវបានសាងសង់ដោយបិតា ស្ថាបត្យកម្មទំនើបលោក អូស្ការ នីមុីយឺ (Oscar Neimeyer) នៅក្នុងប្រទេសប្រេស៊ីល។ លោក បានហាប រំលឹកថា៖ “មិត្តភក្តិខ្ញុំជាច្រើននៅទីនោះអស់ហើយ ហើយពួកគេតឿនឲ្យខ្ញុំទៅតាមពួកគេ។ ប៉ុន្តែសម្តេចសីហនុបានបដិសេធទៅលើរឿងមួយនេះ”។

លោកបានហាប បានជួបសម្តេចសីហនុលើកទីមួយកំឡុងពេលដែលសម្តេចស្នាក់នៅឯមន្ទីរពេទ្យប៉ារីសមួយកន្លែង។ នៅពេលនោះលោកប៉ែន នុតដែលជាគ្រូណែនាំរបស់បានហាប បានទាញ បានហាប ឲ្យមកកំដរព្រះអង្គម្ចាស់។ ប្រមុខរដ្ឋកម្ពុជាអង្គនេះ មិនចង់ឲ្យស្ថាបត្យករក្មេងនិងមានចំណេះដឹងដូចជា បានហាបទៅណានោះទេ។ លោកបានហាបបានគោរពតាមព្រះរាជបំណងរបស់ទ្រង់ រួចក៏ត្រឡប់មកទីក្រុងភ្នំពេញវិញនៅឆ្នាំ១៩៦០ ជាទីដែលគាត់ត្រូវបានចាត់តាំងភ្លាមៗឲ្យបង្កើតមន្ទីរសាងសង់លំនៅដ្ឋាន និងរៀចចំគម្រោងប្លង់នៃសាលារាជធានីភ្នំពេញ។

ក្នុងតួនាទីថ្មីនេះ លោកអភិបាលរាជធានីទេព ផន បានផ្តល់ឲ្យគាត់នូវសេរីភាពពេញទីដើម្បីធ្វើទំនើបកម្មគម្រោងរៀបចំទីក្រុង។ លោក បានហាបក្នុងអាយុខ្ទង់​ ៣០ឆ្នាំ រួមជាមួយនឹងបុគ្គលិក១២នាក់ផ្សេងទៀត បានគ្រប់គ្រងអ្វីៗគ្រប់យ៉ាង រាប់តាំងពីនគរូបនីយកម្មដល់ការរចនានិងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាតសាងសង់។ គាត់ក៏បានធ្វើជំរឿនប្រជាជន និងអគារផ្សេងៗនៅទីក្រុងភ្នំពេញផងដែរ។

ក្រោមការដឹកនាំរបស់លោកបានហាប ទីក្រុងភ្នំពេញបានប្រែខ្លួនក្នុងនាមថ្មីជារាជធានីដ៏គួរឲ្យស្ញប់ស្ញែង។ លោកបានហាបបានរំលឹកថា៖ “ពេលមួយនោះ ប្រធានាធិបតីសិង្ហបុរីលោកលី ខ្វាន់យូ បានអញ្ជើញមកមើលភ្នំពេញ”។

“គាត់ស្ថិតក្នុងសភាពអស់សង្ឃឹម បានសួរខ្ញុំពីរបៀបដែលខ្ញុំអាចធ្វើឲ្យទីក្រុងមួយមានរបៀបរៀបរយបាន។ សិង្ហបុរីនៅពេលនោះ គឺជាទីក្រុងដ៏សែនកខ្វក់មួយ។ ទីក្រុងភ្នំពេញ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានគេហៅថាជា គុជនៃទ្វីបអាស៊ី”។

លោកលូ បានហាប បានបង្កើតឡើងនូវស្នាដៃប្រវត្តិសាស្រ្តផ្នែកសំណង់ស្ថាបត្យកម្មធំៗមួយចំនួន ដូចជា សណ្ឋាគារកាំបូឌីយ៉ាណា, វិទ្យាល័យទួលស្វាយព្រៃ, រោងមហោស្រពភាពយន្តចេនឡា (ស្ថាបត្យករ ឈឹម ស៊ុន ហ្វុង ក៏បានចូលរួមសាងសង់ផងដែរ), សួនច្បារវិមានឯករាជ្យ និងពិសេសជាងគេនោះ គឺអគារស (អគារ ប៊ុលឌីងចូលរួមពីវិស្វករជនជាអ៊ុយក្រែនម្នាក់ ឈ្មោះ វ្លាឌាមៀ បូឌៀនស្គី ក្នុងឆ្នាំ១៩៦៣) ជាដើម។

បន្ទាប់ពីបានត្រឡប់ទៅរស់នៅប្រទេសបារាំងវិញក្នុងឆ្នាំ ១៩៧១ ជាមួយប្រពន្ធរបស់គាត់និងកូន ៣ នាក់ លោកលូ បានហាប បានហោះទៅមកប្រទេសកម្ពុជា ជាប្រចាំហើយការហោះហើរចុងក្រោយរបស់គាត់ទៅកាន់ទីក្រុងភ្នំពេញមុនពេលទីក្រុងបានធ្លាក់ចូលក្នុង របបខ្មែរក្រហមនៅឆ្នាំ ១៩៧៥។ លោកបានហាប ក៏ដូចអ្នកឯទៀតនៅទីក្រុងដែរ ត្រូវបានគេជម្លៀសចេញឲ្យទៅធ្វើការក្នុងជំរំការងារនៅឯទីជនបទនានា។ ក្នុងរយៈពេលបីខែក្រោយមក គាត់ក៏បានរៀបចំគម្រោងការ រត់គេចទាំងប្រថុយប្រថាន។ គាត់មានរួមទាំងក្មួយស្រីគាត់ផង ដើរភាគច្រើននៅពេលយប់រហូតដល់ទីក្រុងសៃហ្គនដែលពីទីនោះគាត់ជិះយន្តហោះទៅហាណូយ បន្ទាប់មកវៀងចន្ទន៍ និងបាំងកក ហើយជាចុងក្រោយគឺទីក្រុងប៉ារីស។ ដំណើរនេះធ្វើឡើងអស់រយៈពេលរាប់ខែ។ បច្ចុប្បន្នលោកលូ បានហាបកំពុងតែរស់នៅប្រទេសបារាំង៕

ឯកសារយោង ៖ Building Cambodia: ‘New Khmer Architecture’ 1953-1970 / authors, Helen Grant Ross and Darryl Leon Collins

LEAVE A REPLY

Please enter your comment!
Please enter your name here