តាមរបាយការណ៍ការទូតប្រចាំឆ្នាំរបស់ជប៉ុន ឬ សៀវភៅខៀវការទូតចុះផ្សាយនៅថ្ងៃទី ២៧ មេសា កន្លងទៅ រដ្ឋាភិបាលជប៉ុនបានសង្កត់ធ្ងន់អំពីការព្រួយបារម្ភរបស់ខ្លួនទៅលើការពង្រីកសមត្ថភាពយោធារបស់ចិននៅតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ ក្នុងសៀវភៅខៀវនោះ ជប៉ុនមើលឃើញថា ចិនពង្រីកសមត្ថភាពយោធារបស់ខ្លួន ដោយមិនមានតម្លាភាព និងប្រកបដោយឯកតោភាគីនិយម ដែលឆ្ពោះទៅរកការផ្លាស់ប្ដូរតុល្យភាពអំណាចនៅតំបន់ដែនសមុទ្រអាស៊ី។ ជប៉ុនយល់ឃើញថា ទង្វើទាំងនេះបង្កើតភាពព្រួយបារម្ភយ៉ាងខ្លាំងទៅដល់តំបន់ និងសហគមន៍អន្តរជាតិ។ ជាងនេះទៅទៀតក្នុងសៀវភៅខៀវនេះ ជប៉ុនបានចាត់ទុកសំណុំរឿងនៃការចោទប្រកាន់ចិនថា រំលោភសិទ្ធិមនុស្សនៅតំបន់ Xinjiang និងការបង្ក្រាបនៅហុងកុងជារឿងគួរឱ្យព្រួយបារម្ភដ៏ធ្ងន់ធ្ងរមួយ។ ឆ្លើយតបនឹងការព្រួយបារម្ភរបស់ជប៉ុន អ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា៖ «សៀវភៅខៀវការទូតថ្មីរបស់ជប៉ុន ពន្លើសជាមួយនឹងពាក្យថា ‘ការគំរាមកំហែងរបស់ចិន’ ព្រមទាំងវាយប្រហារ និងបំបាក់មុខមាត់ចិន ហើយជ្រៀតជ្រែកទាំងមិនសមហេតុផលលើរឿងកិច្ចការផ្ទៃក្នុងរបស់ចិន។ ចិន ប្រឆាំងជាដាច់ខាតនឹងទង្វើទាំងនេះ»។ «ទំនាក់ទំនងចិន-ជប៉ុន ស្ថិតក្នុងសភាពស្រួចស្រាល់មួយ។ យើងសំណូមពរឲ្យជប៉ុនកែកំហុសរបស់ខ្លួន និងប្រែក្លាយគំនិតរបស់ជប៉ុន ដែលចង់កសាងទំនាក់ទំនងដ៏មានស្ថិរភាពជាមួយចិនទៅជាសកម្មភាពពិតប្រាកដ» ។ នាយក និងអ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាអាស៊ីឦសាននៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តហីឡុងជាំង លោក Da Zhigang បានលើកឡើងថាសៀវភៅខៀវនេះជារង្វាស់មួយរបស់គោលនយោបាយជប៉ុន ហើយវាបានបង្ហាញឲ្យឃើញថា ជប៉ុនមានកាយវិការសហការជាមួយអាមេរិក ដើម្បីប្រឆាំងនឹងចិន។ កាយវិការនេះនឹងធ្វើឲ្យជះនូវភាពអវិជ្ជមាន ដែលនឹងកើតឡើងជាបន្តបន្ទាប់ទៅកាន់វិស័យផ្សេងៗទៀតដូចជា វិស័យសន្តិសុខ និងវិស័យសេដ្ឋកិច្ច។ ទាក់ទិននឹងចំណងការទូតរវាងជប៉ុនជាមួយអាមេរិក សៀវភៅខៀវការទូតរបស់ជប៉ុនក៏បានរំលេចថា ទំនាក់ទំនងនេះជាមូលដ្ឋានស្នូលមួយនៃគោលនយោបាយការបរទេស និងគោលនយោបាយសន្តិសុខរបស់ជប៉ុន។ ទំនាក់ទំនងជាមួយអាមេរិកកាន់តែសំខាន់ឡើង ចំពេលដែលមានការកើនឡើងនៃភាពមិនប្រាកដប្រជានៅក្នុងសន្តិសុខតំបន់។ ជប៉ុន និងអាមេរិកជាសម្ព័ន្ធមិត្តសន្ធិសញ្ញាចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលបានបញ្ចប់នៅឆ្នាំ ១៩៤៥៕ AFP
