ពីអ្នកនាំចូល ចិនបានក្លាយជាអ្នកនាំចេញអាវុធដ៏ធំមួយលើលោក

0
115

ក្នុងឱកាសប្រារព្ធខួបទី១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១  ខែកក្កដា  ខុសប្លែកពីខួបទី៧០ ដោយពិធីដ៏ធំលើកនេះ មិនមានព្យុហយាត្រាយោធានៅលើគោកនោះទេ តែនៅលើអាកាសវិញ គេសង្កេតឃើញមានយន្តហោះចម្បាំងចំនួន ៧១ គ្រឿង ត្រូវបានបង្ហោះបង្អួតសាធារណជន។ ទោះជាគ្មានព្យុហយាត្រាបញ្ចេញសាច់ដុំកងទ័ព រថក្រោះ និងអាវុធធុនធ្ងន់ផ្សេងៗក៏ដោយ ក៏ក្នុងសាររបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន បានបង្កប់នូវខ្លឹមសារមួយចំនួនថា ចិនមិនចុះចាញ់នឹងការយាយីរបស់បរទេសដាច់ខាត។ ចិនត្រូវតែបំពាក់នូវអានុភាពឱ្យខ្លាំងក្លាជាងនេះ ក៏ដូចជា ពន្លឿននូវទំនើបកម្មវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខជាតិ និងផលប្រយោជន៍នៃការអភិវឌ្ឍជាតិ។ យោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូលម៍ (SIPRI) របស់ស៊ុយអែតលើផ្នែកសន្តិសុខប្រដាប់អាវុធ បានឱ្យដឹងថា ថវិកាជាតិរបស់ចិនបានកើនឡើងដោយឥតអាក់ខាន រយៈពេល ២៦ឆ្នាំមកហើយ។ កាលពីឆ្នាំ២០២០ ប្រទេសកុម្មុយនីស្តមួយនេះ បានចំណាយលើវិស័យការពារជាតិ ប្រមាណ ២៥២ ពាន់លានដុល្លារ ច្រើនជាងគេទី២ លើពិភពលោក បន្ទប់ពីអាមេរិក។ ប្រទេសនេះ ក៏ស្ថិតក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ (ចិន បារាំង រុស្ស៊ី អង់គ្លេស និងអាមេរិក) ដែលមានសិទ្ធិកាន់កាប់អាវុធនុយក្លេអ៊ែរ ស្របច្បាប់ ដោយគិតត្រឹមពេលនេះ ចិនមានក្បាលអាវុធនុយក្លេអ៊ែរ ចំនួន ៣៥០ គ្រាប់។ ចំណែកផ្នែកទីផ្សារប្រដាប់អាវុធវិញ ចិនធ្លាប់តែជាប្រទេសដែលពឹងផ្អែកលើការនាំចូលអាវុធពីបរទេស ជាពិសេស ប្រទេសរុស្ស៊ី រហូតក្លាយជាប្រទេសផលិតអាវុធដ៏ធំជាងគេមួយនៅក្នុងពិភពលោក។ វិទ្យាស្ថាន SIPRI បានប៉ាន់ស្មានថា អំឡុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ ចិនបានទិញសម្ភារយោធាពីរុស្ស៊ី ស្មើនឹងប្រមាណ ៧៧ ភាគរយនៃការនាំចូលរបស់ខ្លួន ខណៈនាំចូលពីបារាំង ៩,៧ ភាគរយ និងអ៊ុយក្រែន ៦,៣ ភាគរយ។ ប៉ុន្តែរាល់ការនាំចូលទាំងនោះ មិនមែនជាការនាំចូលអាវុធ ឬ យានយន្ត ឬ ឧទ្ធម្ភាគចក្រធ្វើហើយស្រាប់ៗទាំងស្រុងនោះទេ គឺ ៣៤ ភាគរយនៃការនាំចូលអាវុធរបស់ចិន អំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ជាការនាំចូលគ្រឿងម៉ាស៊ីននៃយានយន្តយោធា។ តាមរយៈទំនោរនៃការនាំចូលនេះហើយ យុទ្ធសាស្ត្រក្នុងការបង្កើនអានុភាពយោធារបស់ចិនមានលក្ខណៈ «ស្រូបទាញ»។ នេះបើតាមការគូសបញ្ជាក់នៅក្នុងការស្រាវជ្រាវផ្នែកយោធាចិនរបស់លោក Tai Ming Cheung សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ យុទ្ធសាស្ត្រនេះ បានន័យថា ចិនស្រូបយកបច្ចេកវិទ្យាយោធារបស់បរទេស និងផ្សាំបញ្ចូលនឹងគំនិតរបស់ខ្លួន កាត់បន្ថយបានទាំងពេលវេលា និងថវិកាយ៉ាង ច្រើនសម្បើម ដែលធ្វើឱ្យទំនើបកម្មយោធាចិនមានភាពឆាប់រហ័ស។ ក្នុងចំណោមក្រុមហ៊ុនផលិតឧបករណ៍យោធាធំជាងគេទាំង ២០ នៅលើពិភពលោក ក្នុងនោះមានក្រុមហ៊ុនចិនចំនួន ៤ ដែលរកប្រាក់ចំណូលបានពីការនាំចេញអាវុធ សរុប ៥៤ ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧ ខណៈក្រុមហ៊ុនរុស្ស៊ី ចំនួន ១០ រកបានតែ ៣៨ ពាន់លានដុល្លារប៉ុណ្ណោះ នៅឆ្នាំដូចគ្នា។ ក្នុងស្ថិតិនៃទីផ្សារអាវុធពិភពលោក ចិនជាប់លេខ៥ ខាងនាំចេញអាវុធទៅស្រុកក្រៅ ដែលស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក រុស្ស៊ី បារាំង និងអាល្លឺម៉ង់។ ការនាំចេញភាគច្រើន គឺទៅកាន់ប្រទេសអាស៊ី ដែលមានប្រមាណ ៨៣ ភាគរយ នៃការនាំចេញសរុប ដោយមានប្រទេសចំនួន ៣ ដែលជាអតិថិជនកំពូលរបស់ចិន គឺប៉ាគីស្ថាន បង់ក្លាដែស និងមីយ៉ាន់ម៉ា ដែលសរុបចូលគ្នាមានប្រមាណ ៦៣,៤ ភាគរយ។ ទំនោរនេះហើយ ត្រូវបានមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់អាមេរិក គូសបញ្ជាក់ថា ចិនមានបំណង «បំពាក់អាវុធទៅកាន់ប្រទេសជិតខាង»៕​ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here